ប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែង និងច្រៀង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាព និងវីដេអូនៅក្នុងគណនីរបស់ខ្លួន ដែលស្ដែងឱ្យឃើញពីទម្លាប់ល្អនៃការបែកចែកសំរាម និងអនាម័យផ្ទាល់ខ្លួនចំពោះការចាត់ចែងសំរាមយ៉ាងត្រឹមត្រូវ។ នៅក្នុងវីដេអូនោះផងដែរ តារាស្រីរូបនេះក៏បានលើកឡើងផងដែរពីទុក្ខលំបាកមួយចំនួនដែលបងៗជាអ្នកប្រមូលសំរាមជួបប្រទះ មានការលំបាក និងនឿយហត់ជាខ្លាំងនៅក្នុងការប្រមូលសំរាម ដែលមិនមានការបែងចែកតាមប្រភេទ និងជាសំរាមដែលមិនបានចងដាក់ក្នុងថង់ត្រឹមត្រូវ ធ្វើឱ្យមានរាយប៉ាយខ្ចាត់ខ្ចាយពេញដងផ្លូវជាដើម។
អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើវីដេអូរក្សាអនាម័យសំរាម និងបរិស្ថាននេះឡើងក្នុងគោលបំណងល្អមួយសម្រាប់ឱ្យបងប្អូនអ្នកគាំទ្រទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យសំរាម។ អ្នកនាងនិយាយថា «ពេលខ្លះយើងថា យើងពិបាក ចុះយើងទាំងអស់គ្នាមានគិតថា បងៗខាងផ្នែកអនាម័យគាត់ហត់ជាងយើងប៉ុន្មានដង? ពេលខ្លះរើសសំរាមនិងហូបបាយក៏នៅហ្នឹង( កន្លែងប្រមូលសំរាមតែមួយ)។ សង្ឃឹមថាបងប្អូនមើលហើយ និងអនុវត្តជួយថែរក្សាទាំងអស់គ្នា ដើម្បីងាយស្រួលដល់បងៗខាងផ្នែកអនាម័យ។ បើគាំទ្រសូម like&shearដើម្បីឱ្យបងប្អូនយើងបានទទួលដំណឹងនេះ»។
ជាការពិតណាស់ ដើម្បីថែរក្សាសោភណភាពទីក្រុងស្អាត ដែលគ្មានសំរាមប៉ើងហោះហុយ រាយប៉ាយតាមផ្លូវ និងគ្មានគំនរសំរាមច្រើនកន្លែងនោះ គឺត្រូវចាប់ផ្ដើមការថែរក្សាអនាម័យសំរាមចេញពីខ្លួនយើងផ្ទាល់ ដោយការបែកចែងសំរាមចេញជាបីផ្នែកផ្សេងដូចជា សំរាមដប សំរាមដុតឆេះ និងសំរាមកាកសំណល់ ដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។
ចង់ដឹងថា តារាស្រីរូបនេះ មានការបែងចែកសំរាមបែបណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖