យុវជនជាផ្នែកយ៉ាងសំខាន់ក្នុងវិស័យធនធានមនុស្សនៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការជាចាំបាច់នូវកម្លាំងពលកម្ម និងអ្នកជំនាញដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញឱ្យវិស័យសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀតដើម្បីឱ្យមានថាមពលកាន់តែខ្លាំង។
បញ្ហាលំហូរការងារ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់យុវជន ជាបញ្ហាប្រឈមយ៉ាងសំខាន់ដែលត្រូវយកចិត្តទុកដាក់ខណៈក្រសួងអប់រំ និងស្ថាប័នការងារកំពុងពន្លឿនការងារនានាពាក់ព័ន្ធនឹងការជំរុញគុណភាពនៃការអប់រំ និងការចែករំលែកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា។
លោកស្រី ស្រូយ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃកម្មវិធី The Perspectives Cambodia បានលើកឡើងថា ជាសិស្ស-និស្សិតចាំបាច់ត្រូវមានគំនិតវិជ្ជមានក្នុងការប្រឹងប្រែងកំណត់វាសនារបស់ខ្លួន។ ប្រសិនបើយើងត្រាំត្រែងតែជាមួយនឹងបញ្ហាយើងនឹងមិនអាចមានគំនិតវិជ្ជមានក្នុងការខំប្រឹងប្រែងបាននោះទេ ហេតុនេះដើម្បីទទួលបានលទ្ធផលល្អក្នុងជីវិត ត្រូវចាប់ផ្តើមពីខ្លួនឯងជាសំខាន់បំផុត។
លោកស្រី ស្រូយ សុជាតិ បាននិយាយថា៖ “ពេលឃើញគេទទួលបានលទ្ធផលល្អ ទទួលបានប្រាក់ខែច្រើន សូមកុំបន្ទោសទៅអ្នកណាទាំងអស់ អ្វីដែលសំខាន់គឺមើលឡើងវិញពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ ជាឧទារហណ៍ ប្រសិនបើក្រុមហ៊ុនមួយមានគ្នារាប់រយនាក់ ប្រសិនបើយើងជាមនុស្សម្នាក់ដែលដូចគេដូចឯងក្នុងចំណោមនោះ កុំសង្ឃឹមឱ្យសោះថាយើងនឹងអាចទទួលបានលទ្ធផល ឬតំណែងលើសគេទាំងនោះ។
លោកស្រី ស្រូយ សុជាតិ បានលើកឡើងផងដែរថា ចំណុចសំខាន់របស់យុវជនគឺការបន្តកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យមានសមត្ថភាពខ្លាំងលើសពីអ្នកដទៃដែលកំពុងតែស្ថិតនៅកន្លែងដែលយើងឈរ។ ហេតុនេះសូមកុំខ្វល់ខ្លាំងពេកពីចំណុចអវិជ្ជមាន ថាគ្មានខ្សែមិនអាចធ្វើការងារល្អ ឬខ្លួនឯងស្ថិតក្នុងលក្ខខណ្ឌបែបនេះ ឬលក្ខខណ្ឌបែបនោះ មិនអាចថ្កុំថ្កើងបាន តែត្រុវគិតថា យើងជាមនុស្សម្នាក់ក្នុងសង្គមដែលពោរពេញដោយការប្រកួតប្រជែង គេអាចធ្វើអ្វីបាន យើងក៏អាចធ្វើបានដូចគ្នាដែរ ហើយចំណុចសំខាន់នោះគឺត្រូវបន្តចិញ្ចឹមចិត្តដើម្បីអភិវឌ្ឍ៕