មនុស្សជាច្រើន រួមទាំងអាណាព្យាបាលនៅកម្ពុជាមួយចំនួនផង ប្រហែលជាគិត និងបារម្ភថា កូនៗរបស់គាត់បានចំណាយពេលនៅមុខកញ្ចក់កុំព្យូទ័រកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យកូនៗរបស់គាត់អាចជួបផលប៉ះពាល់ផ្នែកសុខភាព និងមានភាពទន់ខ្សោយសម្រាប់ការប្រកួតប្រជែង ជាមួយមនុស្សជាច្រើនផ្សេងទៀតនៅពេលគេធំឡើង។
ជាស្ថានភាពជាក់ស្តែង មិនមែនមានតែប្រជាជនខ្មែរនោះទេដែលកំពុងស្ថិតក្នុងការបារម្ភខាងលើតាមការស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញឱ្យឃើញថា កុមារជាច្រើននៅលើពិភពលោកកំពុងស្ថិតក្នុងស្ថានភាពស្រដៀងៗគ្នានេះជាពិសេសនៅសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក បើយោងតាមទិន្នន័យនៃការស្ទង់មតិរបស់ស្ថាប័ន Gallup បានបង្ហាញថា កុមារជាមធ្យមបានចំណាយពេលវេលាច្រើនបំផុតរបស់ពួកគេនៅជាមួយនឹងសកម្មភាពនានាក្នុងកញ្ចក់នៃឧបករណ៍អេឡិចត្រូនិក។
អាណាព្យាបាលជាច្រើនដែលមានកូនអាយុចន្លោះពី2 ដល់10ឆ្នាំ បាននិយាយថា កូនរបស់ពួកគាត់បានចំណាយពេលវេលាប្រមាណជា 18.6ម៉ោងក្នុងការរស់នៅជាមួយនឹងឧបករណ៍អេឡិចត្រូនិកជាប្រចាំក្នុងមួយសប្តាហ៍។
ជាទូទៅ របាយការណ៍នៃការស្ទង់មតិបានបង្ហាញថា កុមារមួយចំនួនធំបានចំណាយពេលវេលាទំនេរប្រមាណជា 4ម៉ោងក្នុងមួយថ្ងៃដោយនៅមួយកន្លែងហើយប្រើប្រាស់បណ្តាញបច្ចេកវិទ្យា ខណៈដែលរបាយការណ៍ដដែលបានបង្ហាញផងដែរថា អាណាព្យាបាលជាច្រើនចង់នាំកូនៗទៅលេងនៅខាងក្រៅដែរ តែពួកគេមានឧបសគ្គមួយចំនួនដូចជាកត្តាអាកាសធាតុ និងកត្តាពេលវេលាជាដើម។
នៅសហរដ្ឋអាមេរិកបានរកឃើញថា កត្តាអាកាសធាតុមិនល្អ បានធ្វើឱ្យកុមារប្រមាណ 36% ត្រូវរស់នៅជាមួយកញ្ចក់ទូរស័ព្ទ ឬអេក្រង់នៃឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ខណៈមានចម្លើយប្រមាណ 34%ផ្សេងទៀតបង្ហាញថាបញ្ហាដែលធ្វើឱ្យក្មេងមិនអាចចេញទៅក្រៅបាន គឺមនុស្សធំរវល់ហើយគ្មានអ្នកនាំ និង 33% ផ្សេងទៀតបានបង្ហាញថា ក្មេងហាក់មិនចង់ទៅលេងនៅខាងក្រៅព្រោះក្មេងដទៃសុទ្ធតែលេងនៅក្នុងផ្ទះ ដែលធ្វើឱ្យកន្លែងសាធារណៈមួយចំនួនហាក់ស្ងប់ស្ងាត់ និងមិនសប្បាយ។
មានអាណាព្យាបាលត្រឹមតែ 3% តែប៉ុណ្ណោះដែលបាននិយាយថា ពួកគេចង់ឱ្យកូនៗរបស់ពួកគេលេងជាមួយឧបករណ៍អេឡិចត្រូនិក។ តែបើមើលពីចំនួនក្មេងវិញ គេបានឱ្យដឹងថា កុមារប្រមាណ 58%ពួកគេមិនចង់ចេញទៅលេងនៅខាងក្រៅទេ ព្រោះពួកគេចង់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក នៅមួយកន្លែង៕