ជារៀងរាល់ឆ្នាំ អង្គការ UNESCO បានប្រកាសដាក់ឱ្យមានការប្រកួតប្រជែងយកពានរង្វាន់ UNESCO សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ (ILP) ដើម្បីជំរុញឱ្យមានការបង្កើតគំនិតថ្មីសម្រាប់អនុវត្តឱ្យកាន់ប្រសើរឡើងលើការអប់រំឱ្យមានការចេះអាន និងចេះសរសេរក្នុងសង្គម។
ដោយឡែក នៅឆ្នាំ 2017 នេះ កម្មវិធីពានរង្វាន់ ILP របស់ UNESCO បានប្រកាសឱ្យប្រជាជននៅលើពិភពលោកដាក់ពាក្យដើម្បីប្រកួតប្រជែងពានរង្វាន់ធំៗចំនួន 2 នៅក្នុងនោះមាន ទី១គឺពានរង្វាន់ UNESCO King Sejong Literacy Prize ដែលជាកម្មវិធីគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងទី២ គឺពានរង្វាន់ UNESCO Confucius Prize For Literacy ដែលគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធី UNESCO King Sejong Literacy Prize ជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយពីការអភិវឌ្ឍ និងការប្រើប្រាស់ភាសាដើមក្នុងការអប់រំ និងការបណ្តុះបណ្តាល។ ចំណែកឯកម្មវិធី UNESCO Confucius Prize For Literacy ជាកម្មវីធីដែលត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយពីការអប់រំជនវ័យកណ្តាលនៅក្នុងតំបន់ជនបទ និងយុវជននៅក្រៅសាលាដែលភាគច្រើនជាក្មេងស្រី និងស្ត្រីវ័យចំណាស់។
កម្មវិធីនេះនឹងផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ ហើយអ្នកដែលអាចដាក់ពាក្យបានគឺ បុគ្គលឯកជន ស្ថាប័ន និងអង្គការដែលធ្វើការលើការអប់រំអក្ខរភាព។ រាល់ការដាក់ពាក្យគឺត្រូវផ្ញើទៅកាន់តំណភ្ជាប់ wwwiunesco.org/ilp/account៕