ក្រោយពេលកំណែទម្រង់វិស័យអប់រំ ការប្រឡងមធ្យមសិក្សាទុតិយភូមិចាប់ផ្តើមមានសភាពតឹងរ៉ឹងឡើង ហើយចំណុចវិជ្ជមានជាច្រើនក្នុងវិស័យអប់រំ ក៏កើតមានឡើងទន្ទឹមគ្នានឹងការជំរុញឱ្យសិស្សមានការខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំងឡើងដើម្បីប្រឡងឱ្យជាប់នូវដំណាក់កាលដ៏សំខាន់នេះ។
ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡាបានព្យាយាមគ្រប់លទ្ធភាពដើម្បីទប់ស្កាត់ការលេចធ្លាយវិញ្ញាសាប្រឡង ភាពមិនប្រក្រតីក្នុងពេលប្រឡង និងការប្រព្រឹត្តអំពើពុករលួយក្នុងការប្រឡងជាដើម។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងក៏បានបង្កើតកម្មវិធីជំរុញចំណេះដឹងកាន់តែច្រើនដល់សិស្សនៅតាមបណ្តាខេត្តឆ្ងាយៗឱ្យមានសមត្ថភាពស្មើនឹងសិស្សនៅទីប្រជុំជនតាមរយៈការបណ្តុះបណ្តាលគ្រូ ជំរុញឱ្យមានសាលាធនធានសិក្សាដើម្បីជំរុញឱ្យមានបច្ចេកវិទ្យាទំនើប និងឧបករណ៍ពិសោធន៍នៅតាមបណ្តាខេត្ត រួមទាំងការផ្សព្វផ្សាយឯកសារសំខាន់ៗនៅតាមបណ្តាញបច្ចេកវិទ្យាជាដើមទៀតផង។
នៅមុនឱកាសប្រឡងមធ្យមសិក្សាទុតិយភូមិនេះ ក្រសួងអប់រំបានដាក់ឱ្យសិស្សទាញយកឯកសារដោយឥតគិតថ្លៃនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ដោយក្នុងនោះមានមេរៀនសង្ខេប និងលំហាត់គំរូ លើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យានិងប្រវត្តិវិទ្យា។ បើទោះបីជាឯកសារទាំងអស់នេះគ្រាន់តែជាជំនួយដល់សិស្សានុសិស្ស ហើយមិនមែនជាឯកសារពេញលេញសម្រាប់កម្មវិធីសិក្សាថ្នាក់ទី12ទាំងមូលក្តី តែជាទូទៅគេសង្កេតឃើញថា សិស្សអាចប្រើប្រាស់វាជាប្រភពយ៉ាងសំខាន់ក្នុងការអនុវត្តលំហាត់សម្រាប់ត្រៀមប្រឡងបានយ៉ាងល្អ។ ឯកសារទាំងអស់នេះ ក៏ជាចំណុចមូលដ្ឋានដែលអាចធ្វើឱ្យសិស្សប្រើប្រាស់សម្រាប់វាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនមុនពេលប្រឡងផងដែរ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជានិច្ចកាលក្រសួងបានព្យាយាមផ្តល់ឯកសារសំខាន់ៗដល់សិស្សតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ គេហទំព័រ និងប្រភពជាច្រើនទៀតដើម្បីឱ្យពួកគេអាចទាញយកឯកសារសង្ខេបទាំងអស់នោះបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចំណាយប្រាក់។ ម្យ៉ាងវិញទៀត យើងក៏បានជំរុញឱ្យមានក្លិបសិក្សានៅតាមសាលានានាដើម្បីធ្វើឱ្យយ៉ាងណាឱ្យសិស្សអាចមានលទ្ធភាពពង្រឹងសមត្ថភាពខ្លួនឯងបានយ៉ាងល្អ ស្របពេលដែលក្រសួងក៏បានបង្ហាញវីដេអូបង្រៀននូវមេរៀនសំខាន់ៗយ៉ាងទូលំទូលាយដល់សិស្សានុសិស្សនៅកម្ពុជា។
ប្រភពឯកសារសំខាន់ដែលក្រសួងផ្តល់ជូនទាំងអស់នេះ ជាប្រភេទឯកសារ PDF ដែលអនុញ្ញាតឱ្យសិស្សអាចទាញយកដើម្បីបោះពុម្ពប្រើប្រាស់ដោយខ្លួនឯង។ ហើយក្នុងឯកសារទាំងអស់នោះគឺជាឯកសារដែលមានគណៈកម្មការរៀបចំយ៉ាងច្បាស់លាស់ និងមានគណៈកម្មការត្រួតពិនិត្យយ៉ាងល្អិតល្អន់ មុននឹងអនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីធានាថា វាពិតជាមានអត្ថប្រយោជន៍សម្រាប់ការសិក្សាដល់សិស្សទូទៅនៅកម្ពុជាប្រាកដមែន។
ប្រភពឯកសារខ្លះ ដូចជាឯកសារប្រវត្តិវិទ្យាជាដើម គឺអាចធ្វើឱ្យសិស្សមានសមត្ថភាពក្នុងការវិភាគ ស្វែងយល់ និងវាយតម្លៃ ដោយទាញយកបទពិសោធពីប្រវត្តិសាស្ត្រសម្រាប់ជាចំណេះដឹងសម្រាប់ការរស់នៅជាក់ស្តែងក្នុងសង្គម ហើយថែមទាំងធ្វើឱ្យសិស្សមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៀតផង ព្រោះវាជាប្រភេទមេរៀនខ្លីៗដែលសង្ខេបដោយអ្នកជំនាញ។
ចំពោះមុខវិជ្ជាវិទ្យាសាស្ត្រពិតវិញគឺ ភាគច្រើនជាប្រភេទលំហាត់អនុវត្តន៍ដើម្បីពង្រឹងចំណេះដឹង និងដោះស្រាយលំហាត់ ដោយការទាញយកនិយមន័យច្បាប់ និងរូបមន្តយកមកប្រើប្រាស់។ ម្យ៉ាងវិញទៀត វាក៏ជួយឱ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សា និងចងចាំមេរៀនថែមទៀតផង ព្រោះលំហាត់ដែលបានដាក់ចេញនោះ ភាគច្រើនត្រូវបានរៀបចំដោយមានលំដាប់លំដោយត្រឹមត្រូវ ជាមួយនឹងវិធីប្លែកៗទៀតផង៕