តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 8 ខែ មិថុនា ឆ្នាំ 2018 នេះ គេមើលឃើញថា កញ្ញា ជីជី ក្រៅពីអាជីពជាពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាពហើយនោះ ថ្មីៗនេះ នាងបានបន្ថែមមុខរបរក្នុងដៃមិនខុសពីតារាមួយចំនួនដែរគឺហាងអាហារ «I’m Spicy Soup» បន្ទាប់ពីតារាស្រីរូបនេះ បានបើកសាកល្បងអស់រយៈពេលច្រើនថ្ងៃ ដើម្បីភក្សរសជាតិអាហារមុនពេលបើកសម្ពោធជាផ្លូវការផងដែរ។
តារាស្រីសាច់សខ្ចីរូបនេះ បានបញ្ជាក់ថា « មិនធ្លាប់រំពឹងទុក ថាមានហាងស៊ុបហិរនេះ ដោយសារជាអាហារដែលចេះធ្វើ ហើយចូលចិត្តញាំជាប្រចាំ។ គម្រោងត្រឹមតែលក់តាម online លេងៗ ជាមួយបងស្រី ហើយផ្តើមពី3តុ ខាងមុខ ហាងខោអាវ ក្រោយមក ភ្ញៀវច្រើន ក៏សំរេចចិត្ត យកហាងខោអាវមកធ្វើជាហាងស៊ុប វិញ ដោយគ្មានការព្រៀងទុក។ ឥលូវនេះ ក្លាយជាហាងស៊ុបពេញរូបរាងកន្លែងធំជាងមុន។ អរគុណ អតិថិជនដែលតែងតែគាំទ្រ និង អរគុណ បងៗ មិត្តភក្តិ ដែលចូលរួមកាលពីម្សិលមិញនេះ»។
សូមជម្រាបផងដែរថា ការបើកសម្ពោធហាងថ្មីមួយនេះរបស់តារាស្រីរូបនេះ និងបងស្រីនាង គេឃើញមានការអញ្ជើញតារាសិល្បៈល្បីៗមកចូលរួម ដែលធ្វើឱ្យកម្មវិធីរបស់កញ្ញា កាន់តែមានភាពសប្បាយរីករាយទ្វេដង និងបានសម្ដែងក្ដីអបអរដល់ ជីជី មានទាំងបាច់ផ្កាចំរុះព័ណ៌ផងដែរ៕