ក្រុមហង្សក្រហម Liverpool កំពុងតែជំរុញឱ្យមានការផ្ទេរមួយត្រូវបំពេញជាផ្លូវការដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Nabil Fekir ដែលមកពីក្លិប Lyon នៅមុនពេលរូបគេធ្វើដំណើរទៅកាន់យុទ្ធនាការ World Cup ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបារាំង។ នេះបើយោងតាមប្រភពព័ត៌មាននានារបស់ Sky Sports។
វាមិនទាន់មានការផ្ទេរមួយកើតឡើងរវាងក្លិបដែលទាក់ទងទាំង2 ឡើយ ប៉ុន្តែ Liverpool ត្រូវបានរំពឹងទុកថា នឹងព្យាយាមបំពេញការព្រមព្រៀងគ្នាមួយនៅមុនពេលថ្ងៃសៅរ៍នេះ ជាមួយនឹងតម្លៃខ្លួន 60លានអឺរ៉ូ (ស្មើនឹង 71លានដុល្លារអាមេរិក)។ Fekir ដែលអាចលេងទាំងក្នុងតំបន់បម្រើ និងប្រយុទ្ធនោះ នឹងត្រូវបំពេញកន្លែងទំនេរមួយដែលត្រូវបានចាកចេញដោយខ្សែបម្រើដ៏មានឥទ្ធិពល Philippe Coutinho ទៅកាន់ក្លិប Barcelona កាលពីខែមករា។ ខ្សែបម្រើវ័យ 24ឆ្នាំរូបនេះ គឺជាសមាជិកម្នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង សម្រាប់យុទ្ធនាការ World Cup នាពេលខាងមុខនេះ។
Liverpool ពិតជាចង់បំពេញការផ្ទេរមួយនេះ នៅមុនពេល Fekir ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្រោយពីការប្រកួតកម្តៅសាច់ដុំជាលើកចុងក្រោយរបស់ក្រុមជម្រើសជាតិបារាំង ជាមួយនឹងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ។ Fekir បានស៊ុតបាល់បញ្ចូលទី 24គ្រាប់នៅរដូវកាលនេះ ដើម្បីជួយឱ្យក្រុម Lyon ឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Champions League តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 នៅលើតារាងក្របខ័ណ្ឌ Ligue 1៕
ប្រភពពី៖ Sky Sports