គ្រាន់តែឃើញការបង្ហាញវត្តមានជាថ្មីរបស់តារាសម្ដែង ឌុច សុភា តាមរយៈរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសភ្លាម បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងភ្លេតតែម្ដង។ បើតាមការទម្លាយវីដេអូ Trailer នៅលើផេករស្មីហង្សមាស រឿងភាគចំណងជើងថា «ផ្កាថ្ម» គេសង្កេតឃើញមានតារាសម្ដែងល្បីៗជាច្រើនដួងបានចូលរួមសម្ដែងនៅក្នុងរឿងភាគល្អមួយនេះ ជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាង ឌុច សោភា ផងដែរ។
នៅចាំបានថា ការបាត់មុខពីការសម្ដែងខារ៉ាអូខេ និងភាពយន្ដអស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សុភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គួបញ្ជាក់ផងដែរថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាច្រៀងដោយលោក ព្រាប សុវត្ថិ ហើយក៏ជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ផងដែរ។
តែដោយឡែក នៅពេលបានឃើញអ្នកនាង ឌុច សុភា បង្ហាញវត្តមានថ្មីសន្លាង និងទេពកោសល្យសម្ដែងរឿងជាថ្មីម្ដងទៀតនោះ បានធ្វើឱ្យអ្នកគាំទ្រអន្ទះសា និងអត់ទ្រាំរង់ចាំទស្សនារឿង «ផ្កាថ្ម» នៅមិនសុខបក់មិនល្ហើយ។ អ្នកគាំទ្រភាគច្រើនលាន់មាត់ថា `« រង់ចាំការសម្ដែងរបស់ ឌុច សុភា យូរណាស់ហើយ។ មើលហើយមើលទៀត អត់ទ្រាំលែងបាន ព្រោះថាវាល្អមើលពេក អគុណហង្សមាសដែលផលិតរឿងដែលល្អល្អបែបនេះហើយជួយលើកស្ទួយវប្បធម៌ខ្មែរទៀតទ្រាំទ្ររហូត »។
អូហូ!! គ្រាន់តែ Trailer ទាក់ទាញកម្រិតនេះទៅហើយ ចុះទម្រាំដល់ថ្ងៃបញ្ចាំងទៀត មិនដឹងភ្លូកទឹកភ្លូកដីចាំទស្សនាប៉ុនណានោះទេ..។ សូមប្រិយមិត្តទាំងអស់កុំខកខានទស្សនារឿង «ផ្កាថ្ម» ដែលសម្ដែងដោយតារាស្រី ឌុច សុភា ឱ្យសោះ ធានាថា នាងបញ្ចេញទេពកោសល្យសម្ដែងគ្រប់រសជាតិតែម្ដង៕