ដោយសង្កេតឃើញថាបច្ចុប្បន្នផ្លែគូលែនដែលដាក់លក់នៅលើទីផ្សារកម្ពុជា ភាគច្រើននាំចូលពីប្រទេសជិតខាងនោះ កសិករខ្មែរម្នាក់បានសម្រេចចិត្តចំណាយថវិកាជាច្រើនដើម្បីបង្កាត់ពូជគូលែនពីប្រទេសថៃ និងនាំចូលមកដាំនៅក្នុងប្រទេសកម្ពុជាហើយទទួលបានជោគជ័យក្នុងការដាំដុះ និងទទួលបានទិន្នផលល្អ ព្រមទាំងមានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។
លោក គីម សំអឿន ម្ចាស់ចម្ការគូលែនឈ្មោះ “ហាវ៉ៃខ្មែរ” មានទីតាំងនៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តចំណាយថវិកាជាច្រើនទិញចម្ការគូលែននៅឯប្រទេសថៃដើម្បីបង្កាត់ពូជសម្រាប់នាំចូលមកដាំដុះសាកល្បងនៅក្នុងប្រទេសកម្ពុជាកាលពីអំឡុង 2ឆ្នាំមុន។ ជាលើកដំបូងលោកបានយកមកដាំសាកល្បងត្រឹមតែ 50ដើមប៉ុណ្ណោះ ហើយមកទល់ពេលនេះវាបានហុចផលជាបណ្តើរៗហើយ “ដើមគូលែនយើងមិនមែនបណ្តុះគ្រាប់ដាំនោះទេ គឺយើងផ្សាំយកមែកពីដើមមុនៗដែលវាមានផ្លែស្រាប់ ដូច្នេះនៅពេលយើងផ្សាំបានហើយយកមកដាំពេលដល់រដូវវាផ្លែ គឺវាចាប់ផ្តើមផ្លែតែម្ដង គ្រាន់តែថាវាឱ្យផ្លែតិច ដោយសារតែដើមវានៅតូចនៅឡើយ។
លោកបន្តថា ចាប់ពីឆ្នាំទី1 ឬឆ្នាំទី2ឡើងទៅ វានឹងចាប់ផ្តើមហុចផលឱ្យជាបណ្តើរៗ ហើយផ្លែនឹងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លុះនៅពេលវាអាយុបាន5 ទៅ6ឆ្នាំ វានឹងចាប់ផ្តើមផ្លែពេញទំហឹង ដោយក្នុងមួយដើមហុចផលឱ្យក្នុងចន្លោះពី 70គីឡូក្រាម ទៅដល់300 ឬ400គីឡូក្រាមក្នុងមួយឆ្នាំក៏មាន អាស្រ័យលើការថែទាំរបស់ម្ចាស់ចម្ការ និងដើមល្អ ឬមិនល្អ។ ហើយសម្រាប់ការដាំសាកល្បងចំនួន 50ដើមដំបូងនោះ ឥឡូវយើងប្រមូលផលបានប្រមាណពី2 ទៅ3តោនក្នុងមួយឆ្នាំដោយមិនទាន់បានដាក់លក់នៅលើទីផ្សារនៅឡើយទេ គ្រាន់តែបេះចែកបងប្អូនពិសាសាកល្បង និងលក់រាយសម្រាប់ប្រជាពលរដ្ឋរស់នៅជិតខាងតែប៉ុណ្ណោះ។
ដោយសារវាមានឱជារសផ្អែមឆ្ងាញ់ជាប់មាត់នោះ ធ្វើឱ្យផ្លែរបស់វាលក់បានថ្លៃក្នុងមួយគីឡូក្រាមតម្លៃ 20,000រៀល មានប៉ុន្មានក៏គេទិញយកអស់ដែរ។ នេះគ្រាន់តែចែកចាយនៅក្នុងភូមិ-ឃុំប៉ុណ្ណោះ មិនមានលក់ឱ្យម៉ូយធំៗនៅតាមផ្សារ ឬនៅក្នុងទីក្រុងភ្នំពេញនៅឡើយទេ។
លោកបន្តថា បច្ចុប្បន្នលោកដាំបានប្រមាណជា 3,000ដើមហើយនៅលើផ្ទៃដីប្រហែលជិត 20ហិកតា និងកំពុងតែពង្រីកបន្ថែមទៀតផង ដោយមួយថ្ងៃអាចដាំបានចន្លោះពី50 ទៅ100ដើម ដើម្បីឱ្យគ្រប់តាមផែនការនៅលើផ្ទៃដីដាំដុះចំនួន 150ហិកតានៅក្នុងខេត្តព្រះវិហារសម្រាប់ទុកចែកចាយទិន្នផលរបស់វានៅលើទីផ្សារផង និងបង្កាត់ពូជទុកលក់បន្តជូនទៅអតិថិជននៅតាមបណ្តាខេត្តផ្សេងៗទៀតផង។ ហើយបច្ចុប្បន្នមានគ្រួសារអ្នកធូរធារមួយចំនួនបានមកទិញពូជពីចម្ការរបស់លោកយកទៅដាំបន្តនៅតាមបណ្តាខេត្តផ្សេងខ្លះៗហើយ ដោយអ្នកខ្លះកុម្ម៉ង់ទិញ 2,000ដើម អ្នកខ្លះ1,000ដើម ឬ100 ទៅ200ដើមក៏មានដែរ។ សម្រាប់ពូជដែលគេលក់នៅក្នុងប្រទេសថៃដំបូងឡើយ តម្លៃមួយដើមស្មើនឹង 15ដុល្លារ ប៉ុន្តែសម្រាប់ពូជដែលលក់ចេញនៅកម្ពុជាយើងវិញ មិនថ្លៃដូចនៅប្រទេសថៃទេ។
សម្រាប់បច្ចេកទេសដាំដុះវិញ គេមិនបណ្តុះចេញពីគ្រាប់ដូចដំណាំមួយចំនួនទៀតឡើយ ពោលគឺកសិករគ្រាន់តែផ្សាំមែកដែលល្អៗទុករយៈពេល 3ខែ រួចកាត់យកមកដាក់ក្នុងថង់ដែលដីនៅក្នុងថង់នោះត្រូវតែមានជីជាតិល្អ និងរក្សាទុករយៈពេល 3ខែទៀតដើម្បីឱ្យកូនគូលែនចេញឫសបានល្អ ទើបយកទៅដាក់ដាំនៅក្នុងរណ្តៅទំហំ 40សង់ទីម៉ែត្រ 4ជ្រុង និងដាក់ដាំចន្លោះឆ្ងាយពីគ្នា 5ម៉ែត្រក្នុងមួយដើមៗ ឬចន្លោះ10ម៉ែត្រមួយក៏រឹតតែល្អ ព្រោះបើដាំចម្ងាយពីគ្នា 5ម៉ែត្រមួយ នៅពេលដើមគូលែនអាយុបាន 10ឆ្នាំ ដើមវាធំខ្លាំង ដែលតម្រូវឱ្យគេកាប់ដើមមួយៗចោលវិញ តែបើដាំចម្ងាយពីគ្នា 10ម៉ែត្រមួយដើម គេមិនបាច់កាប់ដើមចោលខ្លះទេ ទោះជាមែកធំក៏វាមិនទើសគ្នា និងចង្អៀតដីដែរ។
មុននឹងចាប់ផ្តើមដាំកសិករគួរភ្ជួរដីហាលចោលជាមុនដើម្បីឱ្យស្មៅងាប់អស់ក៏បាន ឬមិនបាច់ភ្ជួរដីមុនក៏បាន គ្រាន់តែលំបាកថែទាំស្មៅនៅពេលក្រោយតែប៉ុណ្ណោះ។ បន្ទាប់មកគេត្រូវកាប់រណ្តៅទំហំ 40សង់ទីម៉ែត្រ 4ជ្រុង ហើយយកកូនគូលែនដែលផ្សាំហើយនោះមកដាក់ដាំ (កុំភ្លេចដកថង់ចេញផង)ហើយក្នុងរណ្តៅនោះមិនចាំបាច់ក្រាលជីទេ គ្រាន់តែយកដីផុសៗមកដាក់ចូល ហើយមិនចាំបាច់សង្កត់ឱ្យដីនោះហាប់ណែនឡើយ តែត្រូវយកឈើមួយដើមមកដោតក្បែរកូនដើមគូលែននោះ និងចងជាប់គ្នា ដើម្បីកុំឱ្យត្រូវខ្យល់បក់បោកដួល រួចមើលថែទាំជាប្រចាំ បើខែវស្សាមិនបាច់ស្រោចទឹកទេ តែបើខែប្រាំងវិញត្រូវស្រោចទឹកមួយថ្ងៃម្ដង ឬ2ថ្ងៃម្តងបើកូនធំ ស្រោចទឹកមួយសប្តាហ៍ម្ដងក៏បានដែរ។
រហូតដល់2ខែ នៅពេលដែលកូនគូលេនចាក់ឫសលូតលាស់បានល្អហើយ គេត្រូវដាក់ជីដោយវាស់ដីចេញពីគល់មួយចំអាមជុំវិញ ហើយកាយដីរោយជីជុំវិញដើមនោះរួចកប់ដីចោលទៅវិញ ហើយស្រោចទឹកបន្តទៀត វានឹងលូតលាស់ល្អមិនខាន។ តែកសិករត្រូវចេះពីរបៀបតុបតែងដើម មានន័យថា នៅពេលដើមគូលែនធំឡើង អាយុបាន 2ឆ្នាំ វាចាប់ផ្តើមបែកមែកសាខាលូតកម្ពស់ប្រហែលជាជាង 2ម៉ែត្រ បើមើលឃើញថា មែកណាមិនសូវល្អ គេត្រូវកាត់វាចោលខ្លះ ដើម្បីកុំឱ្យវាលូតកម្ពស់ឡើងខ្លាំងពេកពិបាកថែទាំ និងពិបាកប្រមូលផល។ ម្យ៉ាងទៀតពេលដែលយើងកាត់មែកដែលមិនល្អចោល គឺវាអាចស្រូបយកជីជាតិទៅចិញ្ចឹមមែកល្អៗដែលយើងទុកទាំងប៉ុន្មានឱ្យវាលូតលាស់បានល្អ បានលឿន ឆាប់ផ្តល់ផល និងផ្តល់ផលបានកាន់តែច្រើនឡើងទៀតផង៕