ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលតារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ប្រចាំទ្រនំថោន គឺអ្នកនាង មាស សុខសោភា ត្រូវបានគេមើលឃើញថា ដឹកដៃគូស្នេហ៍ដែលខំរក្សាចំណងស្នេហាអស់រយៈពេលជាង 11ឆ្នាំមកហើយនោះហោះទៅកាន់ប្រទេសអូស្ត្រាលី និងសង្កេតឃើញមានបងប្អូនសាច់ញាតិ និងអ្នកគាំទ្រជាច្រើនចាំជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី6 ខែឧសភា ឆ្នាំ2018ម្សិលមិញនេះ។
បើតាមការបង្ហោះរូបភាពរបស់តារាស្រីរូបនេះ នៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួនត្រូវបានឱ្យដឹងថា «លាសិនហើយកម្ពុជា ជួបគ្នាឆាប់ៗលើទឹកដីប្រទេសអូស្ត្រាលី»។ យ៉ាងណាក៏ដោយ ដំណើរទៅអូស្ត្រាលីនោះមិនទាន់ត្រូវបាននាងបង្ហើបថា ទៅក្នុងគោលបំណងអ្វីនោះទេ តែក្នុងការរួមដំណើជាមួយគូស្នេហ៍បែបនេះ ធ្វើឱ្យអ្នកគាំទ្រនឹកសង្ស័យថា ប្រហែលជានាងចង់ចំណាយពេលស្ងាត់ៗតែពីរនាក់ជាមួយគូស្នេហ៍ទេដឹង? ព្រោះកន្លងមកធ្លាប់បានលេចឮពីដំណឹងជិតរៀបការរបស់នាងផងដែរ។
គួររំឭកផងដែរថា មួយរយៈថ្មីៗចុងក្រោយនេះ ជុំវិញព័ត៌មានស្នេហារបស់តារាស្រីសំឡេងផ្អែមក្រអួនក្រអៅរូបនេះ ត្រូវបានមហាជនទម្លាយឱ្យដឹងថា គូស្នេហ៍របស់ មាស សុខសោភា មានឈ្មោះថា លោក អ៊ឹត រ៉ាដា ជាអាណិកជនខ្មែរនៅប្រទេសកាណាដា ដែលពួកគេមានទំនាក់ទំនងស្នេហាអស់រយៈពេល 11ឆ្នាំមកហើយ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ឡើយ ពោលគឺបានរួមរស់ជាគូស្នេហ៍ក្នុងរូបភាពលាក់លៀម ដែលមានការលើកឡើងថា ដោយសារតែនាងខ្លាចពិបាកដណ្តើមការគាំទ្រនៅលើវិថីចម្រៀង ទើបខ្លាចរោងការ ។ តែថ្មីៗនេះ ស្រាប់តែគេសង្កេតឃើញថា តារាស្រីរូបនេះ បានបណ្ដើរប្រុសស្នេហ៍ជាសាធារណៈ យ៉ាងបើកចំហ ក្រោយពីមានតារាល្បីៗជំនាន់ស្រករគ្នាបានចូលរោងការទាំងមានការគាំទ្រពីមហាជនយ៉ាងខ្លាំងរួចមក។ សង្ឃឹមថា មាស សុខសោភា អាចនឹងមានដំណឹងល្អឆាប់ៗនេះ ប្រាប់ដល់មហាជនបានដឹងមិនខាន៕