Skip to content

យូ ឌីស្កូ ឯកាខ្លាំងដល់ថ្នាក់ថ្ងូរចង់ឱ្យមានអ្នកកំដរ…

ថ្មីៗនេះ តារាសម្ដែង និងច្រៀង យូ ឌីស្កូ បានបង្ហាញពីភាពឯកា និងបាត់បង់ទំនុកចិត្តតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។ ដោយសារគិតថា ខ្លួនកំពុងឯកាកណ្ដោចកណ្ដែងខ្លាំងណាស់ ទើបតារាចម្រៀងរូបនេះបានបង្ហោះសារមួយចំនួន ដែលទស្សនិកជនអានហើយស្ទើរតែទប់ទឹកភ្នែកមិនបាន។ ខណៈពេលកំពុងគេងសម្រាកព្យាបាលលើគ្រែ លោក យូ ឌីស្កូហាក់បានបង្ហាញអារម្មណ៍ថា «ឯកា» គ្មានអ្នកកំដរ ព្រោះញាតិមិត្តបងប្អូននៅស្រុកខ្មែរមិនបានមកលេង មកសួរសុខទុក្ខលោក ក្រៅតែពីសាច់ញាតិប៉ុន្មាននាក់ដែលរួមដំណើរទៅជាមួយនោះឡើយ។

អស់រយៈពេលជាងមួយខែមកហើយដែលតារាសម្តែងប្រុសរូបនេះ បានចាកចេញពីទឹកដីកំណើតទៅបន្តព្យាបាលជំងឺនៅប្រទេសឥណ្ឌា ខណៈស្ថានភាពជំងឺរបស់លោកពេលនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា នឹងមានសភាពយ៉ាងណានោះ ដោយមិត្តសិល្បៈ និងអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំពីលទ្ធផលជំងឺរបស់លោក។ ថ្មីៗនេះ ដោយសារភាព «ឯកា» រួមរឹតអារម្មណ៍របស់លោកខ្លាំងពេក លោកបានបង្ហោះសារអមដោយចម្រៀងមួយបទ បែបមនោសញ្ចេតនា ដែលជាសំនៀងរបស់លោក សុវត្ថិ មុន្នីវណ្ណ ដោយភ្ជាប់ពាក្យពេចន៍យ៉ាងក្រៀមក្រំថា «ពេលនេះជីវិតមួយនេះឯកាខ្លាំងណាស់ តើអាចឱ្យកម្លាំងចិត្ត និងកំដរខ្ញុំបន្តិចបានទេ?»។

គួរបញ្ជាក់ថា លោក យូ ឌីស្កូ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា ដោយសារលោកមានជំងឺក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ ខណៈការចាកចេញទៅនេះ គឺដោយសារការជ្រោមជ្រែងពីមិត្តសិល្បករជាច្រើន។ យ៉ាងណាមិញ សម្រាប់ទស្សនិកជន និងមិត្តសិល្បៈនៅពេលនេះ គឺគ្មានអ្វីក្រៅពីជូនពរឱ្យលោក យូ ឌីស្កូ ទទួលការព្យាបាលបានជោគជ័យ នឹងឆាប់ជាសះស្បើយនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *