នេះមិនមែនជាលើកដំបូងទេដែលថៅកែប្រុស និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានយកចិត្តទុកដាក់ចំពោះបុគ្គលិក និងកម្មករសំណង់ក្នុងការជួយសម្រាលបន្ទុកដែលពួកគាត់កំពុងតែជួបការលំបាក និងភាពក្រក្សត់ទីទាល់។ កាលពីប៉ុន្មានខែមុននេះលោក ឡេង ណាវ៉ាត្រា បានលើកទឹកចិត្តដល់កម្មករសំណង់ដោយការដំឡើងប្រាក់ខែឱ្យផងដែរ ដែលធ្វើឱ្យកម្មករទាំងអស់រីករាយ សប្បាយចិត្តយ៉ាងខ្លាំង និងដឹងគុណចំពោះទឹកចិត្តមេត្តាករុណារបស់លោក រហូតដល់ថ្នាក់កម្មករខ្លះស្រក់ទឹកភ្នែកដោយក្ដីរំភើបចិត្តចំពោះទឹកចិត្តសន្ដោសប្រណីនេះ។
ដោយឡែក នៅពេលថ្មីៗនេះ តារាសម្ដែង និងច្រៀង ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាង 40 លានរៀលជូនដល់កម្មករសំណង់ ដោយលោកបានអះអាងថា «មកដល់ពេលនេះ ខ្ញុំបាទ ឡេង ណាវ៉ាត់ត្រា បានផ្ដល់ការងារជូនបងប្អូនខ្មែរយើងបានជាង 1ពាន់នាក់ ហើយខ្ញុំបាទបានចុះសួរសុខទុក្ខ បរិច្ចាគថវិកាសរុបជាង 40 លានរៀល ជាការចែករំលែកសេចក្ដីស្រឡាញ់ជូនដល់បងប្អូនកម្មករសំណង់ទាំងអស់នៅក្នុង បុរី ឡេងណាវ៉ាត់ត្រា ហើយថែមទាំងជួយដោះស្រាយផលវិបាកផ្សេងៗជូនគាត់ទៀតផង»។
គួរបញ្ជាក់ផងដែរថា ដោយសារអតីតកាលនៃជីវិតរបស់លោក ឡេង ណាវ៉ាត្រា ធ្លាប់បានហែលឆ្លងនូវភាពឈឺចាប់ ក្រលំបាក វេទនាអត់ឃ្លាន រហូតដល់លោកសម្រេចចិត្តទៅធ្វើការងារនៅប្រទេសកូរ៉េនោះ ក្រោយពេលត្រឡប់មកវិញ លោកបានព្យាយាមកសាងជីវិតថ្មីសន្លាងមួយ ដែលមានភាពរឹងមាំ និងស្វះស្វែងក្នុងការជួយរំលែកទុក្ខលំបាករបស់បងប្អូនខ្មែរក្រីក្រមួយចំនួនវិញម្ដង។ លោកបានប្រឹងប្រែងជួយការងារសង្គម ដោយបានធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន 50លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់សេវាថែទាំសុខភាពដោយឥតគិតថ្លៃជូនកុមារកម្ពុជា។ ក្រៅពីនោះលោកក៏បានផ្ដល់ជំនួយជារថយន្ដប្រណីត 2គ្រឿងដើម្បីជួយសម្រួលលើមធ្យោបាយធ្វើដំណើររបស់សិល្បករ-សិល្បការិនីទៀតផង។ ជាពិសេស លោកក៏បានចូលរួមក្នុងសកម្មភាពជួយដល់សិល្បករចាស់ជរា តាមរយៈសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម និងសមាគមសិល្បករខ្មែរផងដែរ៕