ជាហូរហែគេធ្លាប់តែឃើញស្រីស្រស់ចិត្តបុណ្យ កញ្ញា ហង្ស ម៉ារីនី បង្ហោះពីសារខ្លីៗក្នុងន័យប្រកាសសុំឱ្យមានការចូលរួមសកម្មភាពជួយដល់សង្គម តាមរយៈការចែករំលែកធនធានផ្ទាល់ខ្លួនទៅដល់មូលនិធីមនុស្សធម៌ ឬជួយឧបត្ថម្ភដល់កុមារកំព្រានានាជាដើម ដោយភ្ជាប់ជាមួយនឹងរូបភាពចុះទៅដល់មូលដ្ឋាននៅតាមតំបន់ដាច់ស្រ-យ៉ាលផងដែរ។ ដោយឡែកចំពោះការបញ្ចេញពីអារម្មណ៍ផ្ទាល់ខ្លួនក្នុងន័យជាលក្ខណៈបុគ្គល ជាពិសេសរឿងរ៉ាវស្នេហាតែម្ដង ស្រីស្រស់ម្នាក់នេះមិនដែលបញ្ចេញជាសាធារណៈនោះឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់បង្ហាញពីភាពភ្ញាក់ផ្អើលនោះ គឺនាងបានបង្ហោះសំណេរដ៏វែងអន្លាយ បរិយាយពីអារម្មណ៍រីករាយជាមួយបុរសគូស្នេហ៍ ដោយអមជាមួយនឹងរូបភាពស្និទ្ធស្នាលនៅក្នុងសួនផ្កាជាច្រើនសន្លឹកថែមទៀតផង។
តាមរយៈគណនីផ្ទាល់ខ្លួន កញ្ញា ហង្ស ម៉ារីនី បានសរសេរយ៉ាងដូច្នេះថា “អរគុណគ្រប់យ៉ាង អរគុណដែលបងតែងតែនៅក្បែរអូន ការពារអូន បងតែងតែផ្តល់ភាពកក់ក្តៅ ក្តីសង្ឃឹម កម្លាំងចិត្ត និងសុភមង្គលជូនគ្រប់ពេល គ្រប់វិនាទី គ្រប់ម៉ោង គ្រប់ថ្ងៃ គ្រប់ខែ គ្រប់ឆ្នាំ បងមិនដែលធ្វើឱ្យអូនពិបាកចិត្ត ឬក៏ទឹកភ្នែកម្តងណាឡើយ តាំងពីបងស្រឡាញ់អូនដំបូងរហូតដល់ពេលនេះ គឺបងតែងតែផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយជូនអូនជានិច្ច ជាពិសេសកន្លែងដែលអូនប្រាថ្នា គឺបងតែងតែនាំអូនទៅជានិច្ច។ ដឹងថាបងហត់នឿយខ្លាំង ដើម្បីគ្រួសារមួយនេះ តែបងមិនដែលរអ៊ូថាហត់សូម្បីមួយម៉ាត់ មិនដែលត្អូញត្អែ ទោះបងឈឺក៏មិនហ៊ានប្រាប់អូនថាឈឺដែរ ទាល់តែស្ទាបក្បាលក្តៅខ្លួន បានសួរទៅបានប្រាប់ថាឈឺមែន……. មនុស្សស្អី ក៏ពូកែទ្រាំម៉្លេះពេលខ្លះអូនហត់ពេក អូនមួម៉ៅដាក់បង ថាឱ្យបងក៏មាន តែបងមិនដែលតបនឹងអូនទេ មានតែយកចិត្តអូនថែម ទៅទិញនេះទិញនោះមកលួងអូន ថាអូនខឹងចឹងមុខអត់ស្អាតទេ ឆាប់ចាស់ដឹងអត់? ជាពិសេសបងតែងតែបង្រៀនអូនគ្រប់ពេល ដុសខាត់អូន ទាំងការរកស៊ី ចំណេះវិជ្ជា ការយោគយល់ និងការអធ្យាស្រ័យ។ បងតែងតែប្រាប់អូនគ្រប់ពេលថា ធ្វើអីក៏ដោយ ចូរអូនធ្វើដោយសន្តិវិធី កុំធ្វើដោយឆេវឆាវ ត្រូវមានក្តីមេត្តាក្តីសន្តោស យកចិត្តគេដាក់ចិត្តយើង នោះយើងនឹងមានតែសេក្តីសុខ។ នេះហើយជាចំណុចដែលអូនខ្វះបងមិនបាន ទឹកចិត្តដ៏ល្អរបស់បង គឺធំជាងអ្វីៗទាំងអស់”។
បន្ថែមពីនេះ ស្រីស្រស់ ដែលជាថៅកែហាងគ្រឿងក្រអូបវ័យក្មេងម្នាក់នេះថែមទាំងបានសរសេរសារបែបជាការផ្តល់គំនិតដល់បណ្តាអ្នកគាំទ្ររបស់ខ្លួនផងដែរថា “កុំស្រឡាញ់មនុស្សណាម្នាក់ដោយសារតែចង់បានផលចំណេញពីគ្នា, ចង់បានទ្រព្យសម្បត្តិគេ, ចង់បានខ្លួនប្រាណ, យកមកលេងសើច, ទុកកំដរអារម្មណ៍, យកមកអួតគ្នាជាមួយមិត្តភក្តិ, ខ្លាចគេឌឺថាអន់ពេលគ្មានសង្សារដូចគេ។ ការស្រឡាញ់មិនមែនជាល្បែងទេ បើស្រឡាញ់នរណាម្នាក់ យើងត្រូវចេះយល់ពីអារម្មណ៍គ្នា, ចេះថ្នាក់ថ្នមលួងលោម, ស្រឡាញ់គឺស្រឡាញ់មិនមែនរបស់លេងសើច, កុំចេះតែធ្វើឱ្យកើតទុក្ខច្រើនជាងសប្បាយ, ចេះរកពេលវេលាក្បែរគ្នាឱ្យបានច្រើន, ផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់គ្នា, ព្យាយាមផ្តល់នូវអ្វីដែលគេត្រូវការ តែមិនមែនតម្រូវតែចិត្ត, ចេះឱ្យតម្លៃ និងគោរពគ្នាទៅវិញទៅមក។ មនុស្សភាគច្រើនស្អប់ការនិយាយកុហក និងភាពមិនស្មោះត្រង់ បើយើងស្រឡាញ់នរណាម្នាក់ យើងត្រូវតែចេះថែរក្សាគេ កុំឱ្យដល់ពេលគេទៅបាត់តាំងមកស្ដាយក្រោយ”៕