ក្លិបបិសាចក្រហម Manchester United បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ DiogoDalot មកពីក្លិប Porto កាលពីថ្ងៃពុធ។ ខ្សែការពារកណ្តាលវ័យ 19ឆ្នាំរូបនេះ ដែលត្រូវបានគេយល់ឃើញថា បានផ្ទេរក្នុងតម្លៃខ្លួន 19លានអឺរ៉ូ (ស្មើនឹង 26លានដុល្លារអាមេរិក) នោះ បានទទួលការពិនិត្យសុខភាពជាមួយនឹងក្លិប Man United រួចហើយកាលពីថ្ងៃអង្គារ។
Dalot បានចុះហត្ថលេខារយៈពេល 5ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល 1ឆ្នាំទៀត និងក្លាយជាកីឡាករចំណូលថ្មីទី2 របស់លោក Jose Mourinho នារដូវក្តៅនេះ ក្រោយពីខ្សែការពារអន្តរជាតិអង់គ្លេស Fred បានចូលរួមក្នុងតម្លៃខ្លួន 50លានផោន (ស្មើនឹង 67លានដុល្លារអាមេរិក)។
Dalotបានឱ្យដឹងថា៖ «ការចូលរួមជាមួយនឹងក្លិប Manchester United គឺជាឱកាសដែលមិនគួរឱ្យជឿមួយសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើការអភិវឌ្ឍចេញពីក្រុមយុវជនរបស់ Porto ហើយខ្ញុំពិតជាថ្លែងអំណរគុណដល់រាល់អ្វីៗទាំងអស់ដែលពួកគេបានធ្វើចំពោះខ្ញុំ។ ប៉ុន្តែឱកាសក្នុងការចូលរួមជាមួយនឹងក្លិបដ៏ធំបំផុតក្នុងពិភពលោកនេះ គឺជាឱកាសដែលខ្ញុំមិនអាចច្រានចោលបានឡើយ»។
Dalot បានបន្ថែមទៀតថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការធ្វើការជាមួយនឹងលោក Jose Mourinhoនិងរៀនរាល់អ្វីៗទាំងអស់ដែលខ្ញុំអាចពីគ្រូបង្វឹកដ៏ជោគជ័យម្នាក់នេះ។ ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខ ទៅកាន់ការលេងរួមជាមួយនឹងកីឡាករដ៏អស្ចារ្យជាច្រើនក្នុងក្រុមនេះ»។ លោក Mourinho បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Man United ថា៖ «Diogo គឺជាខ្សែការពារវ័យក្មេងពោរពេញដោយទេពកោសល្យម្នាក់ ដែលមានរាល់គុណភាពទាំងអស់ក្នុងការក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ក្លិបរបស់គេ»៕
ប្រភពពី៖ Sky Sports