ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកដែលបានឈ្នះសិទ្ធិទៅ World Cup ដែរនោះ បានផ្តួលក្រុមជម្រើសជាតិអេហ្ស៊ីបយ៉ាងងាយស្រួលក្នុងលទ្ធផល 3-០ ក្នុងទីក្រុង Brussels កាលពីថ្ងៃពុធ។
ជាមួយនឹងការប្រើប្រាស់ខ្សែការពារតែ 3នាក់ ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលកំពុងតែស្ថិតក្នុងពូល G រួមជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដែរនោះ បានបង្ហាញពីទម្រង់លេងប្រកបដោយភាពមុតស្រួចនៅពេលបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធ Romelu Lukaku ដែលត្រូវបានដាក់ឱ្យចូលលេងក្នុងជម្រើសដំបូងជំនួសខ្សែប្រយុទ្ធ MichyBatshuayi នោះ បានជួយឱ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុននៅនាទីទី27 ក្រោយពីអ្នកចាំទី Essam El-Hadary វ័យ 45ឆ្នាំរបស់អេហ្ស៊ីប បានចាប់បាល់ក្រឡកចេញពីដៃពីការស៊ុតរបស់កីឡាករ Eden Hazard។
បន្ទាប់មក Hazard បានជួយឱ្យក្រុមខ្លួនមានគ្រាប់បាល់នាំមុខ 2-០ ក្នុងរយៈពេល 11នាទីក្រោយមក ក្រោយពីកីឡាករ Yannick Carrasco បានបញ្ជូនបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់យ៉ាងល្អ នៅមុនពេល Batshuayi ដែលចូលជំនួស Lukaku បានជួយឱ្យ MarouaneFellaini រកបានគ្រាប់បាល់ទី3 ដើម្បីបំពេញឱ្យការមិនស្គាល់ឈ្នះសោះជាលើកទី6 សម្រាប់ក្រុមជម្រើសជាតិអេហ្ស៊ីប ដែលបានអវត្តមានតារាឆ្នើម Mohamed Salah។ Hazard បានឱ្យដឹងបន្ទាប់ពីការប្រកួតថា៖ «វាជារឿងដ៏ល្អក្នុងការបន្ថែមភាពស៊ីចង្វាក់គ្នាក្នុងការប្រកួតនេះ ដើម្បីបង្កើតឱកាសជាច្រើន និងរកបានគ្រាប់បាល់បញ្ចូលទី»។
ប្រភពពី៖ The Guardian