ដោយមានអំណោយផលពីធម្មជាតិ ស្ថិតនៅតាមដងទន្ល ជាដីជ្រោយដែលមានទន្លេនៅសងខាង និងនៅក្បែរទន្លេរមេគង្គដ៏ធំ មានទេសភាពស្រស់បំព្រង និងខ្យល់អាកាសស្រស់ស្អាតបរិសុទ្ធផងនោះបានធ្វើឱ្យទឹកដីជ្រោយចង្វារក្លាយជាតំបន់មួយដែលប្រមូលផ្ដុំទៅដោយសំណង់អគារប្រណីតៗដ៏សម្បូរបែបមិនចាញ់តំបន់បឹងកេងកងឡើយ ទាំងសំណង់លំនៅឋានជាលក្ខណៈគ្រួសារ សំណង់លំនៅឋានទំនើបៗនៅក្នុងបុរី និងសំណង់ខុនដូ-អាផាតមិនខ្ពស់ៗជាច្រើន។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានលើកឡើងថា វាជារឿងធម្មតាទេ នៅពេលដែលតំបន់ក្នុងទីក្រុងភ្នំពេញមានការកើនឡើងនូវចំនួនអគារធំៗច្រើន ដូចជាសំណង់អគារខុនដូ-អាផាតមិន និងសំណង់លំនៅឋានផងនោះ វាធ្វើឱ្យតំបន់ដែលស្ថិតនៅជាប់ទីក្រុងក្លាយជាមុខសញ្ញាក្នុងការអភិវឌ្ឍ និងមានតម្រូវការខ្ពស់ជាបន្ទាប់។ ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារជាដើម ពីមុនមានភាពទូលាយស្រឡះល្ហល្ហេវ ប៉ុន្តែបច្ចុប្បន្ននេះទីនោះបានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេសលើផ្នែកសំណង់លំនៅឋានដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់។
លោកឧកញ៉ាបានបន្ថែមទៀតថា កាលពីប៉ុន្មានឆ្នាំមុន ដីនៅជាប់ផ្លូវធំក្នុងតំបន់ជ្រោយចង្វារមានតម្លៃទាបនៅឡើយ ពោលគឺប្រមាណជា1,000 ទៅ1,500ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់រហូតដល់2,500 ទៅដល់ 3,500ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ។
លោកឧកញ៉ាបានបន្តទៀតថា ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរដូចជាពេលបច្ចុប្បន្ននេះ មិនយូរទៀតទេតំបន់ជ្រោយចង្វារនឹងក្លាយជាតំបន់ពិសេសមួយដែលអំណោយផលលើវិស័យសំណង់លំនៅដ្ឋានសម្រាប់ការរស់នៅ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗដែលនឹងធ្វើឱ្យកើតមានវត្តមានរបស់អគារធំៗ និងខ្ពស់ៗមិនក្រោម15 ទៅ20ជាន់ជាច្រើនប្រៀបដូចជាតំបន់កៅលូនដែលស្ថិតនៅជ្រោយម្ខាងនៃទីក្រុងហុងកុងដូច្នោះដែរ។
ជាក់ស្តែងថ្មីៗនេះក៏មានគម្រោងខុនដូ Residences Bel Air ដែលមានលក្ខណៈទំនើបស្តង់ដារបែបបារាំងកម្ពស់ 18ជាន់ត្រៀមសាងសង់ក្រោមការបណ្តាក់ទុនរូមគ្នារវាងអ្នកវិនិយោគជនជាតិខ្មែរ និងបរទេសសង់នៅតំបន់ជ្រោយចង្វារបែរមុខទៅទន្លេមេគង្គនេះផងដែរ។ លោក ជា ឡាយឃាងអគ្គនាយក ខុនដូ Residences Bel Air បានមានប្រសាសន៍យល់ស្របទៅនឹងការលើកឡើងរបស់អ្នកជំនាញខាងលើថា ហេតុផលដែលជំរុញឱ្យរូបលោកបោះទុនជាច្រើនលានដុល្លារលើការសាងសង់អគារខុនដូ Residences Bel Air ព្រោះជ្រោយ-ចង្វារជាតំបន់មួយដែលមានសក្ដានុពល។
ក្រៅពីមានភាពអំណោយផលពីធម្មជាតិនូវខ្យល់អាកាសត្រជាក់បរិសុទ្ធស្ថិតនៅទិសខាងកើតឆៀងខាងជើងអមដោយដងទន្លេព័ទ្ធជុំវិញ ជ្រោយចង្វារក៏ជាតំបន់ ដែលជិតងាយស្រួលធ្វើដំណើរមកកាន់កណ្តាលរាជធានីភ្នំពេញ។ លោកបានបន្តថា សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្នចាប់ផ្តើមមានទំនោរក្នុងការរស់នៅបែបអគារសហកម្មសិទ្ធិជាបណ្តើរៗដែរ ហើយ និងរឿងដែលពួកគាត់តែងមានការបារម្ភគឺសុវត្ថិភាពនៃអគ្គិភ័យព្រោះវាជាការរស់នៅលើខុនដូដ៏ខ្ពស់មួយ ហេតុដូច្នេះទើបលោកមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុតលើបច្ចេកទេសនៃការសាងសង់ ដោយមានប្រព័ន្ធការពារសុវត្ថិភាព និងបំពាក់ដោយឧបករណ៍ការពារអគ្គិភ័យដ៏ទំនើបប្រកបដោយភាពជឿជាក់ ធ្វើយ៉ាងណាធានាបាននូវសុវត្ថិភាពខ្ពស់ដល់អ្នករស់នៅលើខុនដូរបស់លោក។
ចំណែកលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 MEKONG បានមានប្រសាសន៍ស្រដៀងគ្នានឹងលោក ជា ឡាយឃាង ដែរថា តំបន់ជ្រោយចង្វារជាតំបន់អភិវឌ្ឍន៍ទី2 បន្ទាប់ពីតំបន់ភ្នំពេញថ្មី(ប៉ែកពាយព្យរាជធានីភ្នំពេញ) ដែលអ្នកវិនិយោគធំៗកំពុងនាំគ្នាសម្លឹងបែរទិសទៅអភិវឌ្ឍនៅទីនោះម្ដង ដោយសារតែទីតាំងខាងលើមានភាពអំណោយផលពីធម្មជាតិលើការរស់នៅ មានដងទន្លេសងខាងដែលផ្តល់នូវភាពស្រស់ស្រាយបរិសុទ្ធ មានផ្លូវធំៗ មានស្ពានឆ្លងកាត់ច្រើន និងមានទីតាំងភូមិសាស្ត្រនៅជិតទីតាំងសំខាន់ៗរបស់រាជធានីភ្នំពេញច្រើនជាងគេក្នុងចំណោមតំបន់ជាយក្រុងទាំង4ទិស ដូចជាផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 លេខ3 លេខ4 និងផ្លូវជាតិលេខ5។
លោកថា ក្រៅពីសំណង់លំនៅឋានរស់នៅបែបស៊ីវិល័យសម័យទំនើបហើយ តំបន់ជ្រោយចង្វារនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបដ៏សម្បូរបែប ខណៈដែលអ្នកវិនិយោគធំៗពិសេសក្រុមហ៊ុន OCIC បាននិងកំពុងត្រៀមអភិវឌ្ឍសំណង់ពិសេសៗ អគារខ្ពស់ៗ នៅទីនោះបន្ថែមទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីតំបន់គល់ស្ពានជ្រោយ-ចង្វារឆ្ពោះទៅទិសខាងកើតតាមបណ្តោយផ្លូវជាតិលេខ 6A សំណង់គ្រប់ប្រភេទបានលេចចេញរូបរាងព្រោងព្រាត ដែលក្នុងនោះរួមមានដូចជា បុរីសុភមង្គល បុរី The Mekong Royal បុរីប៉េងហួត បុរីអរគីដេវីឡា និងបុរី The Flora ជាដើម៕