មួយភ្លែតមុននេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញថា រូបនាងកំពុងតែមានទុក្ខសោកយ៉ាងក្រៀមក្រំ ដោយសារតែលោកយាយរបស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី4 ខែឧសភា ឆ្នាំ2018នេះ ដោយរោគាពាធ។
តារាស្រីរូបនេះ បានបង្ហោះសាររៀបរាប់មួយនៅប៉ុន្មាននាទីមុននេះថា «សូមលោកយាយជាទីស្រឡាញ់នៃចៅបានទៅកាន់ឋានសួគ៌ កូនចៅទាំងអស់នឹករលឹកលោកយាយណាស់»។ គួរបញ្ជាក់ផងដែរថា ខណៈនេះក្រុមគ្រួសាររបស់តារាស្រី ឈិត សុវណ្ណបញ្ញា កំពុងរៀបចំពិធីបុណ្យសពរបស់លោកយាយទៅតាមប្រពៃណីខ្មែរ និងទំនៀមទម្លាប់សាសនា។ នៅក្នុងនោះដែរ គេឃើញមានអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះបានបង្ហោះសាររំលែកទុក្ខ និងចូលរួមសោកស្ដាយក្នុងការបាត់បង់មនុស្សជាទីគោរពស្រឡាញ់នៃក្រុមគ្រួសារបញ្ញា។
ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ផង និងសូមឱ្យវិញ្ញាណក្ខន្ធលោកយាយបានអញ្ជើញទៅកាន់សុខគតិភពកុំបីខាន៕