ស្របពេលដែលប្រជាប្រិយភាពកំពុងតែមានភាពពុះកញ្ជ្រោលខ្លាំងតាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្តភាគខ្មែរ ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5 រឿង “ទណ្ឌកម្មស្នេហ៍”ក្នុងនាមជាតួឯកស្រីនោះ ពេលនេះតារាសម្ដែងស្រីរាងខ្ពស់ស្រឡះ ដែលតែងយកឪពុកដើរតាមប្រៀបដូចកងរក្សាសុវត្ថិភាព កញ្ញា ព្រះកាយ ច័ន្ទ ត្រូវបានគេទម្លាយអាថ៌កំបាំងមកថា មិនត្រឹមតែជាការសម្ដែងបែបគូស្នេហ៍នៅក្នុងសាច់រឿងជាមួយតួឯកប្រុស លោក ឆានី សូ នោះទេ ភាពជាក់ស្ដែងនៅក្រៅឆាកឯណេះវិញ អ្នកទាំងពីរក៏កំពុងតែសាងភាពល្អូកល្អិនយ៉ាងស្អិតល្មួតជាមួយគ្នាផងដែរ។
ជាច្រើនលើកច្រើនសាណាស់មកហើយ ដែលកញ្ញា ព្រះកាយ ច័ន្ទ បានចេញមុខធ្វើការបដិសេធទៅនឹងព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធទៅនឹងការបង្កើតចំណងស្នេហ៍ថ្មោងថ្មីជាមួយតារាសម្ដែងប្រុសរួមអាជីព គឺលោក ឆានី សូ ដែលបច្ចុប្បន្នក៏ជាដៃគូពិធីករនៅក្នុងកម្មវិធីប្រគំតន្ត្រីប្រចាំសប្ដាហ៍ Carabao Spark Concert នៅមណ្ឌលកម្សាន្ត Spark & Tawandang។ យ៉ាងណាក៏ដោយបើទោះជាការព្យាយាមចេញមុខបកស្រាយបែបណាក៏ដោយ រហូតមកដល់ពេលនេះ កម្ដៅនៃព័ត៌មានដ៏រសើបមួយនេះនៅតែមិនទាន់ថមថយនៅឡើយ ផ្ទុយទៅវិញ មានតែធ្វើឱ្យសាយភាយកាន់តែខ្លាំងលើសដើម។
តបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅនេះ ព្រះកាយ ច័ន្ទ បានទទួលស្គាល់ថា ទំនាក់ទំនងរវាងរូបនាងជាមួយនឹងលោក ឆានី សូ ពិតជាមានភាពស្និទ្ធស្នាលប្រាកដមែន ប៉ុន្តែវាមិនមានជាប់ពាក់ព័ន្ធទៅនឹងចំណងស្នេហ៍លួចលាក់ដូចការលើកឡើងនោះទេ។ នាងបានបញ្ជាក់ទៀតថា កាលដែលគេគ្រប់គ្នា ក៏ដូចជាក្រុមការងារបានឃើញទំនាក់ទំនងបែបស្និទ្ធស្នាល ក៏ព្រោះតែភាគច្រើននាក់ទាំងពីរធ្វើការរួមគ្នាជាដៃគូជាប្រចាំ មិនថាតែការសម្ដែងខ្សែភាពយន្ត ការថតស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាការងារជាពិធីករ-ពិការិនីនៅក្នុងកម្មវិធីប្រគំតន្ត្រីនោះទេ។ “ការងារគឺជាការងារ ការរាប់អានគឺជាលក្ខណៈមិត្តភក្ដិរួមអាជីពតែប៉ុណ្ណោះ គ្មានរឿងស្នេហាអ្វីកើតឡើងនោះទេ” នេះជាការបញ្ជាក់ពីកញ្ញា ព្រះកាយ ច័ន្ទ។
យ៉ាងណាមិញ សម្រាប់អ្នកតាមដានសកម្មភាពតារាខ្មែរបានលើកឡើងថា “ក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ” ការពិតនៅតែជាការពិត បើទោះជានាងបានព្យាយាមបដិសេធយ៉ាងណាក្ដី ប៉ុន្តែរាល់ទង្វើ និងសកម្មភាពរបស់នាង និងតារាសម្ដែងប្រុសមាឌធំខ្ពស់ម្នាក់នេះ ពិតជាមិនអាចបិតបាំងការពិតបាននោះឡើយ ហើយគេក៏នៅតែបន្តរង់ចាំមើលថា តើនាងអាចគេចវេសពីការពិតបានយូរប៉ុណ្ណាទៀត៕