និន្នាការនៃការទិញផ្ទះបង់រំលស់កំពុងមានភាពពេញនិយមនៅលើទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋយល់ថា ការរស់នៅលើផ្ទះបង់រំលស់ ទោះជាត្រូវចំណាយខ្ពស់ជាងផ្ទះជួលពិតមែន ប៉ុន្តែពេលបង់ប្រចាំខែយូរៗទៅ នឹងក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំណែកផ្ទះជួលទោះជាបង់យូរយ៉ាងណាក៏នៅតែជាកម្មសិទ្ធិរបស់គេដដែល។
ចំពោះការបង់រំលស់នៅតាមបុរីលំនៅឋានមួយចំនួន តម្រូវឱ្យអតិថិជនបង់ចន្លោះពី 20%ទៅ30%នៃតម្លៃផ្ទះសរុបជាមុនសិន ហើយអាចបង់រំលស់បន្តជាមួយធនាគារបាន ចំណែកបុរីមួយចំនួនផ្តល់លទ្ធភាពអនុញ្ញាតឱ្យអតិថិជន អាចបង់រំលស់100% ដោយមិនចាំបាច់មានប្រាក់កក់ជាមុននោះទេ ប៉ុន្តែត្រូវបង់ប្រាក់ប្រចាំខែខ្ពស់ និងមានរយៈពេលវែងទៀតផង។
លោក រិន លាងហ៊ត់ ជាអ្នកធ្វើការក្នុងក្រុមហ៊ុនឯកជនមួយដែលបានទិញផ្ទះល្វែងមួយកន្លែងនៅជិតសាកលវិទ្យាល័យកសិកម្មចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច គ្រួសាររបស់លោកបានជួលផ្ទះគេនៅ នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ក្នុងតម្លៃ180ដុល្លារក្នុងមួយខែ លុះទទួលបានព័ត៌មានថា មានផ្ទះលក់បង់រំលស់ដោយមិនបាច់មានប្រាក់ដើមកក់ គ្រួសារលោកបានពិភាក្សាគ្នាពីចំណូល រួចហើយក៏សម្រេចចិត្តទិញផ្ទះបង់រំលស់ក្នុងមួយខែប្រមាណជា 600ដុល្លារ ក្នុងរយៈពេល 17ឆ្នាំដោយគ្មានប្រាក់កក់ដំបូង ក្នុងអត្រាការប្រាក់ 12%ក្នុងមួយឆ្នាំ។
លោកថា ដោយសារចំណូលគ្រួសារអាចមានលទ្ធភាពទើបលោកហ៊ានបង់រំលស់ដូច្នេះ ដោយយកប្រាក់ខែខ្លួនមួយចំនួនធំមកបង់ សល់បន្តិចបន្តួចបូកជាមួយចំណូលពីការរកស៊ីរបស់ភរិយាទុកសម្រាប់ចាយវាយទៅតាមតម្រូវការផ្សេងៗប្រចាំថ្ងៃ។
ទោះយ៉ាងណាលោកនិយាយថា ក្រោយពីទិញផ្ទះល្វែងក្នុងបុរីមក លោកបានផ្លាស់ទីលំនៅឆ្ងាយជាងមុន ដែលហាក់ទទួលបន្ទុកក្នុងគ្រួសារធ្ងន់ជាងជួលផ្ទះគេនៅ តែចេះតែស៊ូទ្រាំទៅដើម្បីមានលំនៅឋានផ្ទាល់ខ្លួនសម្រាប់រស់នៅដូចគេដូចឯង។ លោកបានគិតថា គួរតែសន្សំប្រាក់ឱ្យបានប្រមាណជា 20,000ដុល្លារដើម្បីបង់ថ្លៃ 30%ទៅឱ្យម្ចាស់បុរីហើយកាត់ប្លង់ចេញពីបុរីយកទៅតម្កល់នៅធនាគារដើម្បីអាចខ្ចីប្រាក់យកទៅបង់ផ្តាច់ឱ្យបុរី ព្រោះខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ មានអត្រាការប្រាក់ទាបជាងការបង់ផ្ទាល់ជាមួយម្ចាស់បុរី។
ជាការពិតណាស់អ្នកទិញផ្ទះបង់រំលស់នៅក្នុងគម្រោងលំនៅឋានឯកជននានា ពិតជាចង់បង់រំលស់ជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាកដមែន ដើម្បីទទួលបានអត្រាការប្រាក់ទាបត្រឹមតែ7% ឬ9%ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាការជួយសម្រួលដល់ការចំណាយក្នុងបន្ទុកគ្រួសារ ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់ថា តើអ្នកទិញមានប្រាក់ដើម 30%សម្រាប់បង់ក្នុងដំណាក់កាលដំបូងដែរទេ? ដើម្បីឱ្យស្របតាមតម្រូវការ និងលក្ខខណ្ឌទាមទាររបស់ធនាគារនោះ?
បុគ្គលិកគណនេយ្យក្នុងបុរីមួយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សម្រាប់គម្រោងបុរីលំនៅឋានរបស់ខ្លួនមិនមានការយល់ទាស់អ្វីទេ បើសិនជាអតិថិជនមានលទ្ធភាព បង់ប្រាក់ដើម 30%មកឱ្យបុរី ហើយមានថវិកាសម្រាប់កាត់ប្លង់នោះ បុរីលំនៅឋាននឹងរៀបចំឯកសារជូនអតិថិជន ដោយមិនមានការរួញរា ឬស្ទាក់ស្ទើរអ្វីឡើយ ដើម្បីជួយសម្រួលដល់អតិថិជនឱ្យមានលក្ខខណ្ឌងាយស្រួលក្នុងការបង់ផ្តាច់ ព្រោះថា ក្នុងគម្រោងបុរីគឺចង់បានតែអតិថិជនមានប្រាក់គ្រប់ចំនួនមកទិញផ្តាច់មិនចាំបាច់បង់រំលស់ដើម្បីឱ្យក្រុមហ៊ុនប្រមូលទុនយកទៅពង្រីកការវិនិយោគ សាងសង់លំនៅឋានសម្រាប់លក់ឱ្យអតិថិជនបន្តទៀត។
លោក ណុប សូនី ប្រធានផ្នែកឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធីប៊ីប៊ី(ខេមបូឌា) ភីអិលស៊ី (TBB (CAMBODIA) MICROFINANCE INSTITUTION PLC) របស់ចិនតៃវ៉ាន់ដែលមានការិយាល័យតំណាងនៅក្នុងក្រុងភ្នំពេញ មានប្រសាសន៍ថា ការបង់រំលស់ជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាទទួលបានអត្រាការប្រាក់ទាបជាងការបង់រំលស់ជាមួយបុរីផ្ទាល់ពិតប្រាកដមែន បើសិនជាអតិថិជនមានទ្រព្យបញ្ចាំ(ប្លង់ផ្ទះ) ដែលមានតម្លៃចាប់ពី 30,000ដុល្លារឡើងទៅ។
លោកថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់លោកអាចផ្តល់កម្ចីដែលមានទឹកប្រាក់ច្រើនចន្លោះពី30,000ដុល្លារ ទៅដល់ 500,000ដុល្លារក្នុងអត្រាការប្រាក់ត្រឹមតែ 7%ទៅ 10%ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានការប្រាក់ទាបជាងបង់ផ្ទាល់ជាមួយបុរីដែលខាងបុរីជាទូទៅតម្រូវឱ្យអតិថិជនបង់រំលស់ជាមួយអត្រាការប្រាក់ 12%ក្នុងមួយឆ្នាំ។
ជាទូទៅការរកកម្ចីពីធនាគារដើម្បីទិញផ្ទះ អតិថិជនគួរតែសិក្សាឱ្យបានលម្អិតពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ព្រោះសព្វថ្ងៃមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនដែលផ្តល់កម្ចីជូនក្នុងលក្ខខណ្ឌខុសៗគ្នា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនផ្តល់ជូននូវកម្ចីដល់អតិថិជនដោយផ្តោតតែលើកម្ចីសម្រាប់បើកអាជីវកម្មដែលមានរយៈពេលខ្ចីពី 5-10ឆ្នាំ និងមានអត្រាការប្រាក់ខ្ពស់ចន្លោះពី10%-12%។
ចំណែកឯធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតផ្តល់កម្ចីផ្តោតលើការទិញផ្ទះដោយអាចផ្តល់ជូនចន្លោះពី50%-80%នៃតម្លៃ អចលនទ្រព្យ(ផ្ទះ) អាស្រ័យលើទីតាំងរបស់អចលនទ្រព្យនោះ ហើយផ្តល់ជូននូវរយៈពេលសងត្រឡប់វែងពី15-25ឆ្នាំ និងអត្រាការប្រាក់ទាបចន្លោះពី6%-10%។ ប្រសិនបើអតិថិជនមិនបានសិក្សាលម្អិតលើកម្ចីរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីលក្ខខណ្ឌ និងប្រភេទនៃកម្ចីនីមួយៗទេនោះ ការខ្ចីប្រាក់ទិញផ្ទះក្តីឬបើកអាជីវកម្មក្តី លោកអ្នកអាចប្រឈមនឹងការខាតបង់លើអត្រាការប្រាក់ខ្ពស់ ក៏ដូចជារយៈពេលសង់ត្រឡប់លឿនពេកដែលធ្វើឱ្យយើងពិបាកនឹងបង់សង៕