លោក អ៊ី ណូ ត្រូវបានមហាជនមួយចំនួនស្គាល់ថា ជាតារាចម្រៀងម្នាក់ដែលបច្ចុប្បន្នកំពុងជ្រកនៅក្រោមដំបូលផលិតកម្មសាន់ដេ ដែលកំពុងព្យាយាមបង្ហាញវត្តមាននៅតាមកម្មវិធីផ្សេងៗ ក៏ដូចជាផលិតបទចម្រៀងចេញលក់នៅលើទីផ្សារដើម្បីកៀងគរប្រមូលយកប្រជាប្រិយភាពឱ្យមានភាពល្បីរន្ទឺដូចជាបណ្តាតារាចម្រៀងរួមផលិតកម្មផងដែរ។ យ៉ាងណាក៏ដោយ ជាអកុសល កាលពីពេលកន្លងទៅថ្មីៗ ស្រាប់តែមានប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងថា ខណៈដែលពន្លឺនៃកេរ្តិ៍ឈ្មោះមិនទាន់មានភាពចាំងចែងផងនោះ ស្រាប់តែត្រូវបានខាងផលិតករ និងអ្នកតំណាងក្រុមហ៊ុនឯកជនចំនួន2 ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីតន្ត្រីផ្សព្វផ្សាយផលិតផលដ៏ធំនៅកម្ពុជា ផ្អឹបឈ្មោះរបស់លោក ដោយដាក់បម្រាមមិនឱ្យអ្នករៀបចំកម្មវិធីប្រគំតន្ត្រីអញ្ជើញវត្តមានរបស់តារាចម្រៀងរូបនេះនៅក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនរយៈពេលពេញមួយឆ្នាំ ក្រោមហេតុផលថា លោក អ៊ី ណូ ជាតារាចម្រៀងតម្កើងឫក អួតខ្លួនហួសប្រមាណ។
តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេ លោក អ៊ី ណូ កាលពីពេលកន្លងទៅនេះ បានព្យាយាមបង្កើនប្រជាប្រិយភាពរបស់ខ្លួនយ៉ាងត្រចះត្រចង់ជាមួយនឹងបទចម្រៀងបែបយុវវ័យពីរោះៗជាច្រើនបទដែលផលិតឡើងដោយខ្លួនឯង ទាំងបទភ្លេង ទំនុកច្រៀង និងបទចម្រៀងផងដែរ ដូចជា បទ “ឈប់យំទៅអូន” និងបទ“ស្រឡាញ់ស្រីសក់ក្រញ៉ាញ់” ដែលមានភាពល្បីកក្រើកជាដើម។ បន្ថែមពីនេះ លោក អ៊ី ណូ ក៏ជាតារាចម្រៀងម្នាក់ ដែលមានក្បាច់រាំប្លែកៗគួរជាទីទាក់ទាញផងដែរ។
ដោយឡែកកាលពីពេលកន្លងទៅថ្មីៗនេះស្រាប់តែធ្លាយដំណឹងមកថា ពេលនេះ តារាចម្រៀងថ្គាមខ្លា និងពូកែស្រែកម្នាក់នេះ ត្រូវបានអ្នកតំណាងក្រុមហ៊ុនចំនួន2 ដែលឧបត្ថម្ភលើកម្មវិធីប្រគំតន្ត្រីនៅតាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ដាក់សម្ពាធដល់បណ្តាផលិតករផលិតកម្មវិធីកម្សាន្ត ដូចជា ការប្រគំតន្ត្រីប្រចាំសប្ដាហ៍ និងការប្រគំតន្ត្រីទេសចរណ៍នៅតាមបណ្តាខេត្តជាដើមនោះ ហាមមិនឱ្យអញ្ជើញ លោក អ៊ី ណូ ឡើងបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងកិត្តិយសនៅក្នុងកម្មវិធីរបស់ខ្លួននោះឡើយ ដោយហេតុផលថា អ្នកតំណាងក្រុមហ៊ុនរូបនោះ មានគំនិតអវិជ្ជមាន និងបានចោទប្រកាន់ទៅលើលោក អ៊ី ណូ ថា ជាតារាដែលមានចរិតឆ្មើងកន្ត្រើង និងឱ្យតម្លៃលើខ្លួនឯងខ្ពស់ហួសហេតុពេក។
ប្រភពដដែលបានបង្ហើបមកទៀតថា ដើមហេតុដែលបណ្តាលឱ្យអ្នកតំណាងក្រុមហ៊ុនរូបនោះមានការអាក់អន់ស្រពន់ចិត្តជាមួយលោក អ៊ី ណូ គឺកើតមានបន្ទាប់ពីទទួលបានការប្រតិកម្មរបស់លោក អីុ ណូ ទៅលើការឌីហ្សាញរបស់ក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយការប្រគំតន្ត្រីនៅតាមខេត្ត ដោយយករូបថតរបស់លោក អ៊ី ណូ ទៅដាក់នៅពីក្រោយតារាចម្រៀងផ្សេង។ គ្រានោះបើទោះជាខាងតំណាងក្រុមហ៊ុនសុំសម្រួលយ៉ាងណា ក៏ លោក អ៊ី ណូ មិនព្រម ដោយទាមទារឱ្យមានការរៀបចំឌីហ្សាញសាជាថ្មី និងយករូបរបស់ខ្លួនដាក់នៅពីមុខតារាចម្រៀងផ្សេងទៀត ដោយហេតុផលថា លោក អ៊ី ណូ គិតថាខ្លួនជាតារាល្បី មិនគួរនៅពីក្រោយតារាជំនាន់ក្រោយនោះទេ។ នេះហើយដែលជាមូលហេតុធ្វើឱ្យអ្នកតំណាងក្រុមហ៊ុនរូបនោះ សម្រេចដាក់គំនៀបមិនឱ្យមានវត្តមានរបស់លោក អ៊ី ណូ នៅគ្រប់កម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយផលិតផលរបស់ខ្លួនរយៈពេលពេញមួយឆ្នាំ៕