Skip to content

ប្រទេស​កូរ៉េខាងត្បូង​ចង់​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក

បន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចមក ក្រុម​អ្នកវិនិយោគ​ជនជាតិ​កូរ៉េ បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​ទីនោះ​ដើម្បីប្រែក្លាយ​តំបន់​ព្រៃស្រោង​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ​ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយទៀត នៅក្នុង​ខេត្ត​នោះ។

ក្នុងជំនួប​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​សប្តាហ៍​មុននេះ លោក លី ហ៊ី យុក អគ្គលេខាធិការ​ថ្មី​នៃ​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ (AKC) បាន​មានប្រសាសន៍ថា អ្នកវិនិយោគ​កូរ៉េ​បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​លើ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តកំពង់ធំ ពិសេស​គឺ​តំបន់​ប្រាសាទសំបូរព្រៃគុក ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរកូរ៉េ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត។

ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា ភ្ញៀវទេសចរ​កូរ៉េ​បានមក​ទស្សនា​កម្ពុ​ជាមាន​ជាង 30ម៉ឺន​នាក់​នៅ​ឆ្នាំ2017 ហើយ​បើតាម​ការ​សង្កេតឃើញ​គោលដៅ​សំខាន់បំផុតរបស់​ទេសចរ​កូរ៉េ គឺ​តំបន់​សៀមរាប-អង្គរ។ ជាមួយគ្នា​នោះទេ​សចរ​កូរ៉េ​ក៏​កំពុង​ចាប់អារម្មណ៍​លើ​ការ​ទស្សនា​តំបន់​ប្រាសាទសំបូរព្រៃគុក​នៃ​ខេត្តកំពង់ធំ​ផងដែរ។ ដោយ​មើលឃើញ​ពី​និន្នាការ​របស់​ទេសចរ​កូរ៉េ​ដែល​កំពុងតែ​កើនឡើង ដូច្នេះហើយ​ទើប​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​បាន​នាំមក​នូវ​ដំណឹង​ពិសេស​មួយ​ថា អ្នកវិនិយោគ​កូរ៉េ​កំពុង​សម្លឹងមើល​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​នេះ​តែម្ដង។

ឆ្លើយតប​នឹង​ការលើកឡើង​ដែល​ស្រប​នឹង​គោលបំណង​របស់​កម្ពុជា​ដែរនោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជា​ក់នូវ​ការស្វាគមន៍ និង​បានស្នើ​ដល់​ភាគី​កូរ៉េ​ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជាពិសេស​នៅ​ខេត្តកំពង់ធំ​ផ្ទាល់​តែម្ដង ពីព្រោះ​ខេត្ត​មួយ​នេះ​ស្រប​នឹង​ខ្សែ​ផ​លូវ​ទស្សនកិច្ច​របស់​ភ្ញៀវទេសចរ​នានា​ដែល​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តសៀមរាប-អង្គរ ពោលគឺ​មុននឹង​ទៅដល់​ខេត្តសៀមរាប ភ្ញៀវទេសចរ​ត្រូវ​ឆ្លងកាត់​ខេត្តកំពង់ធំ​សិន ដែល​ទីនោះ​មាន​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្អល្អះ​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហើប​ប្រាប់​ភាគី​កូរ៉េ​ថា​ចំពោះ​ខេត្តកំពង់ធំ អ្នកវិនិយោគ​អាចបង្កើត​សណ្ឋាគារថ្មីៗ អាចបង្កើត​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ធំ​មួយ និង​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែមទៀត​បាន។ ម្យ៉ាងទៀត​ដោយសារតែ​អ្នកទេសចរ​កូរ៉េ​ភាគច្រើន​ចូលចិត្ត​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ​ផង​នោះ អ្នកវិនិយោគ​អាចបង្កើត ឬ​ជួយ​អភិវឌ្ឍ​សហគមន៍​នានា​នៅក្នុង​ខេត្ត​មួយ​នេះ ពិសេស​គឺ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​តែម្ដង ដូចជា​ការជួយ​ធ្វើ​ផ្លូវ​ទៅកាន់​សហគមន៍ ការបណ្ដុះបណ្ដាល​ប្រជា​សហគមន៍​ឱ្យ​យល់ដឹង​ពី​វិស័យ​ទេសចរណ៍​ជាដើម។ល។

លោក អាង គឹម​អ៊ាង នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មហានគរ​ទេសចរណ៍ និង​ជា​អ្នកមាន​ស្រុកកំណើត​នៅ​ទីនោះ​ផង បាន​មានប្រសាសន៍​គាំទ្រ​ដល់​វិនិយោគិន​បរទេស​ទាំងឡាយណា ដែលមាន​បំណង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ប៉ុន្តែ​ធ្វើយ៉ាងណា​សូមឱ្យ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផង។

លោក​ថា អ្វីដែល​ធ្វើឱ្យ​ប្រាសាទសំបូរព្រៃគុក​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​កាន់តែច្រើនឡើងៗ គឺ​ដោយសារ​ក្រុម​ប្រាសាទ​ទាំងនោះ​ជា​អតីត​រាជធានី​ខ្មែរ ដែលមានផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា 20,000ខ្នង​បង្កើតបានជា​មជ្ឈមណ្ឌល​សម្រាប់​បណ្តុះបណ្តាល​ធន-ធាន​មនុស្ស​សំខាន់​មួយ​សម្រាប់​ចូលរួម​កសាង​ប្រាសាទ​អង្គ​វត្ត​កាលពី​សម័យ​នោះ។

លើសពីនេះ ប្រាសាទសំបូរព្រៃគុក​មាន​អាយុកាល​មុន​ប្រាសាទ​អង្គ​វត្ត​ក្នុង​រង្វង់​ប្រហែលជា 200ឆ្នាំ ដែល​សាងសង់ឡើង​ដោយ​ថ្ម​ឆ្អិន ថ្មភក់ និង​ថ្មបាយក្រៀម ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​បច្ចេកទេស​កសាង​ប្រាសាទ​របស់​បុព្វបុរស​ខ្មែរ​ដែល​ធ្វើឱ្យ​ថ្ម​រឹងមាំ​មាន​អាយុកាល​ជាច្រើន​សតវត្សរ៍ បាន​បន្សល់ទុក​ដល់​កូន​ខ្មែរ​ជំនាន់ក្រោយៗរហូតមកទល់​បច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *