រឿងនៃការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅពេលអ្នកម្តាយមានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើនធំធាត់ល្អតាមអាយុរបស់គភ៌ផងដែរ។ ដូច្នេះហើយទើបយើងតែងសង្កេតឃើញថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យអនាគតអ្នកម្តាយដែលកំពុងតាំងគភ៌ទាំងឡាយ ឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាព ទាំងរឿងផ្លូវចិត្ត និងការរស់នៅទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើល ថាតើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ តើយើងអាចធ្វើបានតាមវិធីណាខ្លះ?
1. អ្នកម្តាយគួរទទួលទានបន្លែ ផ្លែឈើអាហារស៊ីរៀល (Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាកសរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នកម្តាយ តែអាហារដែលមានជាតិកាកសរសៃអាចជួយក្នុងរឿងនេះបានច្រើន។
2. អ្នកម្តាយត្រូវទទួលបានសារធាតុដែក ពីសាច់សត្វយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍3ដង ដែលមិនចាំបាច់ទទួលទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ និងសារធាតុដែកដែលមាននៅក្នុងបន្លែ ជាប្រភេទដែលមិនមែនជាអេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាប។
3. អ្នកម្តាយត្រូវទទួលបានជាតិភ្លូអរ៉ាយដ៍ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការដុះលូតលាស់នៃធ្មេញរបស់ទារក។
4. ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក អ្នកម្តាយត្រូវទទួលទានជាតិអា-ស៊ីតខ្លាញ់ អូមេហ្កា 3 តែចូរចៀសវាងសត្វក្នុងទឹកដែលមានសម្បក ដូចជាប្រភេទគ្រំ និងងាវជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូនតូចនៅក្នុងផ្ទៃ ដែលអាចនឹងឆ្លងមេរោគ បាត់តេរី លីស្តេរីបាន។
5. បើអ្នកម្តាយលំបាកវេទនាជាមួយអាការក្អួតចង្អោ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោរបានប្រសើរណាស់ដោយហាន់មើមខ្ញីស្រស់បែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកមកពិសា៕