អតីតបេក្ខនារី ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី1 ដ៏ស្រស់សោភា កញ្ញា បាន មុន្នីល័ក្ខ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបភាពនាងពីកន្លែងកែសម្ផស្សដ៏ធំមួយនៅក្នុងស្រុក។ ជាក់ស្ដែង ដោយយោងតាមការបង្ហោះរូបភាពជាច្រើនរបស់កន្លែងកែសម្ផស្សនោះដែរ បានបញ្ជាក់ប្រាប់ឱ្យដឹងថា តារាចម្រៀងសំឡេងស្រទន់ មានមន្តស្នេហ៍រូបនេះ បានទៅទទួលសេវាកម្មវះកាត់ លើកខ្ទង់ច្រមុះឱ្យស្រួចស្អាត ដើម្បីឱ្យរូបសម្រស់របស់នាង កាន់តែមានភាពទាក់ទាញថែមឡើងមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់អាជីពជាសិល្បករ-សិល្បការិនី រូបសម្រស់ គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការអាចទាញយកប្រជាប្រិយភាព និងការចាប់អារម្មណ៍ច្រើន ពីក្រសែភ្នែកមហាជន។ ប្រសិនបើរូបសម្រស់ មិនសូវស្រស់ស្អាត ពួកគេនឹងខិតខំរិះរកវិធីសាស្រ្ត ដើម្បីធ្វើការកែខៃឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីឱ្យកាន់តែមានទំនុកចិត្តលើខ្លួនឯង គ្រប់ពេលឈរចំពោះមុខមនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ ដូចគ្នានោះដែរ គេសម្គាល់ឃើញថា ចំពោះសិល្បករ-សិល្បការិនី ជាច្រើននាក់បានសម្រេចជ្រើសរើសយកវិធីសាស្រ្តកែច្រមុះ ចាក់ចង្កាឱ្យស្រួច កែទម្រង់មុខអក្ស V ជាដើម ដើម្បីឱ្យមានផ្ទៃមុខស្រស់ស្អាត បើទោះបីជាពួកគេមានសម្រស់ស្រស់ស្អាតពីធម្មជាតិ រួចទៅហើយក៏ដោយ។
សូមជម្រាបបន្ថែមថា តាមរយៈរូបភាពដែលបានបង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺយើងនៅមិនទាន់ដឹងបានថាតើលទ្ធផលក្រោយការវះកាត់លើកខ្ទង់ច្រមុះរបស់តារាស្រីរូបនេះយ៉ាងណានៅឡើយទេ តើអាចនឹងមានភាពស្រស់ស្អាតបែបណា ព្រោះថា ពេលនេះសភាពមុខរបួសវះកាត់របស់នាង នៅមិនទាន់ជាសះស្បើយនៅឡើយទេ ៕