ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករថ្មីមួយឱ្យដឹងថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជានឹងនៅតែបន្តរក្សាភាពស្វាហាប់ទៅមុខ ហើយត្រូវបានព្យាករទុកថានឹងកើនល្បឿនបន្តិចរហូតដល់ទៅ 6.9ភាគរយ ក្នុងឆ្នាំ2018ដោយសារតែការស្ទុះងើបឡើងវិញក្នុងវិស័យនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់ អមដោយការងើបឡើងរបស់វិស័យទេសចរណ៍ និងកសិកម្មផងដែរ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ( Cambodia Economic Update ) ដែលត្រូវបានសម្ពោធនៅខែឧសភា ឆ្នាំ2018នេះបង្ហាញថា ការចំណាយកាន់តែច្រើនឡើងរបស់រដ្ឋាភិបាល និងលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមានអំណោយផល ក្នុងនោះរួមមានតម្រូវការយ៉ាងស្វាហាប់នៅក្នុងបណ្តាសេដ្ឋកិច្ចប្រទេសជឿនលឿនផង សុទ្ធតែជាកត្តាដែលត្រូវបានគេរំពឹងទុកថាជាមូលដ្ឋានទ្រទ្រង់ធ្វើឱ្យកម្ពុជាបន្តទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់។
ប៉ុន្តែយ៉ាងណាក៏ដោយ ហានិភ័យក៏នៅតែបន្តមានដែរ ដែលក្នុងនោះរួមមានការបាត់បង់បន្តិចម្តងៗនូវភាពប្រកួតប្រជែងក្នុងការនាំចេញដោយសារតែការកើនឡើងយ៉ាងរហ័សនូវបៀវត្សរ៍របស់កម្មករ ពំនូនគរនៃភាពងាយរងគ្រោះដែលមានមកជាយូរមកហើយនៅក្នុងកំណើននៃវិស័យអចលនទ្រព្យ និងសំណង់ ភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោត ភាពញ័ររញ្ជួយម្តងម្កាលបណ្តាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើងនៅក្នុងវិវាទពាណិជ្ជកម្មរវាងប្រទេសដែលមានជំនួញធំៗក្នុងពិភពលោក។
លោកស្រី អុិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ដើម្បីរក្សាឱ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជាសំខាន់ណាស់ ត្រូវវិនិយោគថែមទៀតទៅលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញហើយស្របពេលគ្នានោះដែរ ត្រូវប្រឹងរកដំណោះស្រាយដល់ឧបសគ្គនានាដែលធុរកិច្ចធុនតូច និងមធ្យមកំពុងជួបប្រទះ។ ការវិនិយោគទៅលើមនុស្សជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ឈានទៅកាន់អនាគតមួយកាន់តែចម្រុងចម្រើន។
របាយការណ៍នេះបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែមានភាពចម្រុះជាងមុន និងបង្កើតការងារបានកាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនទៅលើដំណើរការបំពេញបែបបទបង្កើតក្រុមហ៊ុន ទៅលើផ្នែកប្រតិបត្តិការ និងទៅលើការធ្វើហិរញ្ញប្បទាន។ របាយការណ៍នេះក៏បានផ្តល់ផងដែរនូវអនុសាសន៍ឱ្យប្រទេសកម្ពុជាធ្វើការតាមឃ្លាំមើលឱ្យបានដិតដល់ទៅលើដំណើរស្ទុះឡើងនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយរៀបចំឱ្យមានគោលនយោបាយប្រុងប្រយ័ត្នជាលក្ខណៈម៉ាក្រូ ដែលនឹងជួយបន្ថយវិសាលភាពរបស់សកម្មភាពដែលកេងយកចំណេញនៅក្នុងវិស័យទាំងនេះ។
ចំណែកការមកដល់របស់ភ្ញៀវទេសចរបានកើនដល់ទៅ 11.8ភាគរយ នៅក្នុងឆ្នាំ2017 ប្រៀបទៅនឹងកំណើន 5ភាគរយនៅក្នុងឆ្នាំ2016 ដោយសារលទ្ធផលនៃកិច្ចខិតខំរបស់អាជ្ញាធររដ្ឋាភិបាលក្នុងការធ្វើឱ្យមានការហោះហើរកាន់តែច្រើនមកពីក្នុងតំបន់ រួមទាំងពីប្រទេសចិនផងដែរ ដែលជាទីផ្សារសំខាន់មួយសម្រាប់វិស័យទេសចរណ៍។ វិស័យកសិកម្មក៏មានការស្ទុះឡើងដែរ ជាមួយនឹងការពង្រីកផ្ទៃដីធ្វើស្រូវ និងចម្ការកៅស៊ូ និងការងើបឡើងវិញបន្តិចម្តងៗរបស់តម្លៃកសិផល។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍបានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើកត្តាពីរយ៉ាង គឺកត្តាខាងក្រៅ និងកត្តាខាងក្នុង ដែលជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន។ កត្តាខាងក្រៅគឺត្រូវពឹងផ្អែកលើការនាំចេញ ដែលជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស។ ចំណែកកត្តាខាងក្នុង គឺជាកត្តាមិនអាចខ្វះបានដែលកម្ពុជាត្រូវពឹងផ្អែកលើមូលដ្ឋានខ្លួនឯង តាមរយៈការពង្រឹងធនធានមនុស្ស និងបច្ចេកទេស ដើម្បីពង្រឹងនូវធនធានមនុស្សតាមរយៈការប្រើប្រាស់ជំនាញ ហើយទទួលបានចំណូលកាន់តែច្រើនសម្រាប់ប្រជាជន។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ2015-2025 ដើម្បីពង្រឹងមូលដ្ឋាន និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនដោយផ្លាស់ប្តូរនិន្នាការពីកម្លាំងពលកម្មសុទ្ធសាធ ទៅប្រើប្រាស់កម្លាំងពលកម្មជំនាញទើបធ្វើឱ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជនកម្ពុជាមានការរីកចម្រើនកាន់តែមានល្បឿនខ្លាំងឡើង៕