Skip to content

ពេជ្រ អា​វី​ហ្សា នៅតែ​មិនខ្វល់​ពី​ការព្រមាន​ថត​ឈុត​ស្រើបស្រាល

ជាច្រើនលើក​ច្រើនសា​រណា​ស់មក​ហើយ ដែល​តារា​ស្រី​មួយចំនួន​និយម​ចូលចិត្ត​ការតុបតែង​ខ្លួន​បែប​សិច​ស៊ី​ស្រើបស្រាល ក៏ដូចជា​ការថតរូប​ភាព​បែប​រោលរាល​ស៊ី​អារម្មណ៍ តែង​ត្រូវ​បានទទួល​ការរិះគន់ធ្ងន់ៗពី​សំណាក់​មហាជន ជាពិសេស ការព្រមានចំៗពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រហូត​មានការ​ដាក់​សម្ពាធ​មិនឱ្យ​បង្ហាញខ្លួន​ជា​សាធារណៈ។

ជាក់ស្ដែង​ដូចជា នាង ដេ​ន​នី ក្វាន់ ដែល​ទើបតែ​រួច​ផុតពី​ការដាក់​សម្ពាធ ហាម​មិនឱ្យ​បង្ហាញខ្លួន​នៅតាម​កម្មវិធី​កម្សាន្ត​នានា​កាលពី​ដើមខែ​កន្លងទៅនេះ។ ដោយឡែក​សម្រាប់​ស្រី​ស្រស់ ពេជ្រ អា​វី​ហ្សា ហាក់​មិនបាន​ខ្វាយខ្វល់​ទៅនឹង​ហេតុការណ៍​ដែល​តារា​ស្រី​ទាំងនោះ​ធ្លាប់​ជួបប្រទះ​នោះទេ ហើយ​ថែមទាំង​បោះពាក្យ​សម្ដី​ថា នាង​មិនបាន​ព្រួយ​ប្រា​ម្ភ​ទៅនឹង​សម្ពាធ ឬ​បម្រាម​ទាំងអស់​នោះទេ សំខាន់​គឺ​នាង​គិតថា​ជា​ការងារ​សិល្បៈ ដែល​វា​គ្រាន់តែ​ជាការ​សម្ដែង​ប៉ុណ្ណោះ។

ភ្ជាប់​គ្នា​ទៅនឹង​បញ្ហា​របស់​តារា​ស្រី​ខ្មែរ​មួយចំនួន ដែល​និយម​ភាព​សិច​ស៊ី ចូលចិត្ត​ការតុបតែង​ខ្លួន​ជាមួយ​សម្លៀកបំពាក់​ខើច​ខ្លី បញ្ចេញ​សាច់​ស្ទើរ​អាក្រាត​រាងកាយ​នោះ គេ​សង្កេតឃើញថា តែង​ទទួលបាន​នូវ​ការរិះគន់​ពី​មហាជន​យ៉ាងខ្លាំង ហើយក៏​ធ្លាប់មាន​ប្រតិកម្ម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​ញឹកញាប់​ផងដែរ។ បើទោះជា​បែបនេះ​ក្ដី សម្រាប់​តារា​ស្រី​សាច់​ស​កូនកាត់​ចិន ពេជ្រ អា​វី​ហ្សា ហាក់​មិនបាន​ញញើត​នឹង​ហេតុការណ៍​ទាំងអស់​នេះឡើយ ដោយ​នាង​នៅតែ​ព្យាយាម​បង្ហាញ​រូបភាព​បែប​ស្រើបស្រាល​ដដែល មិនថាតែ​ជា​រូបភាព​សន្លឹក ឬ​ការសម្ដែង​នៅក្នុង​ឈុត​ឆាក​កាយវិការ​ខារ៉ាអូខេ​នោះទេ។

ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​ចោទ​សួរថា តើ​កញ្ញា​មិន​ភ័យខ្លាច​ទទួល​សម្ពាធ​រប​ស់​ក្រសួង​ទេ​ឬ បានជា​នៅតែ​ថត​ឈុត​បែប​សិច​ស៊ី​មិន​សំចៃ​ដៃ​យ៉ាងនេះ?កញ្ញា អា​វី​ហ្សា បាន​ឆ្លើយ​យ៉ាង​សឿង​បឿ​ង​ថា “អត់​មានអី​ត្រូវ​ភ័យ ត្រូវ​ខ្លាច​នោះទេ​បង ព្រោះ​ខ្ញុំ​យល់ថាវា​គ្រាន់តែ​ជា​សិល្បៈ​នៃ​ការតុបតែង និង​សម្ដែង​ឱ្យ​ត្រូវ​អត្ថន័យ​សាច់រឿង ឬ​បទ​ចម្រៀង​តែប៉ុណ្ណោះ។ ការទទួល​ការរិះគន់​ពី​មហាជន ទាល់តែ​យើង​ស្លៀកពាក់​ចេញ​ដើរ​ក្រៅពី​រង្វង់​សិល្បៈ ប៉ុន្តែ​នេះ​វា​គ្រាន់តែ​ជាការ​សម្ដែង ហើយ​កន្លងទៅ​ក៏មាន​តារា​ស្រី​គេ​សម្ដែង​ខ្លាំង​ជាង​ខ្ញុំ​ក៏មាន រហូត​មាន​អ្នកខ្លះ​អស់​ម៉ា​ល្វែងលើ​ក៏មានដែរ”។

សូមបញ្ជាក់​ផងដែរ​ថា កញ្ញា ពេជ្រ អា​វី​ហ្សា គឺជា​តារា​សម្ដែង​ស្រី​ម្នាក់​ដែលមាន​រូ​សម្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ ហើយក៏​ជាតា​រា​ស្រី​ដែល​ធ្លាប់​ជួប​រឿង​អភ័ព្វ​ផងដែរ ដូចជា​រឿង​សង្សារ​វាយដំ​បែក​មុខ ជាំ​មាត់ និង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​គ្រឿង​ស្រវឹង​ជាដើម។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ នាង​នៅតែមាន​ទស្សនិកជន​ចូលចិត្ត​អាណិត​គាំទ្រ​ដដែល ខណៈដែល​ការងារ​សិល្បៈ​អាជីព​ជា​តារា​សម្ដែង​ក៏​នៅតែមាន​ទីផ្សារ​គួរឱ្យកត់សម្គាល់៕

Leave a Reply

Your email address will not be published. Required fields are marked *