ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទីនៅថ្ងៃនៃការវិលចូលលេងជាថ្មីឡើងវិញ ក្រោយពីអវត្តមានអស់រយៈពេល 3ខែដោយសារតែបញ្ហារបួស ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានកម្តៅសាច់ដុំសម្រាប់យុទ្ធនាការ World Cup ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល 2-០ លើក្រុមជម្រើសជាតិក្រូអាស៊ី នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។
កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោករូបនេះ បានអវត្តមានតាំងពីថ្ងៃទី25 ខែកុម្ភៈ ដែលនៅពេលនោះរូបគេបានបាក់ឆ្អឹងប្រអប់ជើង និងរបួសកជើង ក្នុងពេលលេងឱ្យក្រុម Paris St Germain ក្នុងការប្រកួតក្របខ័ណ្ឌលីករបស់បារាំងជាមួយនឹងក្រុម Olympique de Marseille។ Neymar អតីតតារាឆ្នើមរបស់ក្លិប Barcelona ដែលជាកីឡាករដ៏សំខាន់សម្រាប់ប្រេស៊ីលក្នុងការប្រជែងពាន World Cup នៅរុស្ស៊ី បានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី2 និងបានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីជួយឱ្យក្រុមខ្លួនឈ្នះការប្រកួតនេះនៅនាទីទី69។
Neymar ត្រូវការរយៈពេលត្រឹមតែ 23នាទីប៉ុណ្ណោះដើម្បីបង្ហាញពីសារៈសំខាន់ដែលរូបគេមានទៅលើក្តីសង្ឃឹមរបស់ប្រេស៊ីលក្នុងការប្រជែងពាន World Cup ជាលើកទី6 របស់ពួកគេ។ កីឡាករបម្រុងម្នាក់ទៀត Roberto Firmino បានផ្តល់ការរីករាយដល់អ្នកគាំទ្ររបស់ក្រុម Liverpool នាកីឡដ្ឋាន Anfield តាមរយៈការរកគ្រាប់បាល់ទី2 នៅជិតពេលបញ្ចប់ការប្រកួត ដោយការស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងប្រអប់គ្រោះថ្នាក់។
លោក Titeគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល បានឱ្យដឹងថា៖ ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អនេះ៕
ប្រភពពី៖ Sport24