នៅថ្ងៃម្សិលមិញនេះ អ្នកស្រី នួន សារី ហៅយាយ យ៉យ បានជួបហេតុការណ៍ដ៏អាក្រក់មួយ គឺត្រូវចោរឆក់កាបូបលុយដែលមានរបស់សំខាន់ៗនៅក្នុងនោះ ដូចជាចិញ្ចៀនពេជ្រមានតម្លៃជាង 1,000 ដុល្លារ ទូរស័ព្ទដៃ និងលុយសុទ្ធជិត 1 ពាន់ដុល្លារទៀត ខណៈដែលអ្នកស្រីកំពុងតែធ្វើដំណើរនៅលើរថយន្ដកង់បី Pass App ។
បើតាមការបញ្ជាក់របស់លោក ខេង រតនៈ ហៅនាយព្រែក ជាកូនប្រុសបង្កើតរបស់យាយយ៉យ បានបញ្ជាក់ឱ្យដឹងផងដែរថា «តេមកកូន យំទាំងព្រឹក ម៉ែអើយម៉ែជិះដល់ទៅ PassApp ហើយនៅឱ្យចោរលូកដៃឆក់យកកាបូបបានទៀត ទូរស័ព្ទដៃ ចិញ្ចៀនពេជ្រមួយវង់ លុយជិត1,000$ សរុបទៅជិត 3,000$ ទាំងព្រឹក ហើយប៊ិះធ្លាក់ពីលើPassApp ទៀត ប្រទាញប្រទង់ជាមួយចោរ ស្ដាយកម្លាំងញើសឈាមគាត់ ឥទ្បូវអង្គុយភ័យ ចង់ក្លាយជាឈឺហើយ ឱចោរអើយៗចោរ ឆក់មិនដឹងថាចាស់ក្មេងសោះ»។ លោកបន្ដប្រាប់ថា ហេតុការណ៍ចោរឆក់កាបូបម្ដាយលោក គឺស្ថិតត្រង់ចំណុចម្ដុំផ្លូវម៉ៃដា (2004) ហើយលោកក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចរួចរាល់ហើយដែរ។
សូមជម្រាបផងដែរថា មកទល់ពេលនេះ នៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីស្ថានភាពរបស់លោកយាយ យ៉យ បាននៅឡើយទេ។ សារព័ត៌មាន ឡារ៉ែន នឹងព្យាយាមសុំការបំភ្លឺហេតុការណ៍បន្ថែមទៀតពីសាមីខ្លួនតារាជើងចាស់រូបនេះ ដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបន្ថែមទៀត៕