លោក Mauricio Pochettino បានបញ្ជាក់ថា វាមិនអាចទៅរួចឡើយដែល Harry Kane នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីក្លិប Tottenham Hotspurs នោះ ក្រោយពីខ្សែប្រយុទ្ធដ៏សំខាន់របស់លោកម្នាក់នេះ បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងពេលក្រុមពួកគេបានបំបាក់ក្រុម Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Kane កំពុងតែស្ថិតលើដំណើរផ្លូវឆ្ពោះទៅកាន់ការបញ្ចប់រដូវកាលប្រកួតក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលពីរលើកជាប់ៗគ្នា ក្រោយពីបានបង្ហាញទម្រង់លេងយ៉ាងមុតស្រួចនាកីឡដ្ឋាន King Power។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបច្ចុប្បន្នរកបាន២៦គ្រាប់ ដែលធ្វើឲ្យរូបគេនាំមុខ២គ្រាប់លើខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Everton ខណៈដែលនៅសល់ការប្រកួតតែ១លើកទៀតប៉ុណ្ណោះក្នុងការប្រជែងយកពានរង្វាន់ស្បែកជើងមាស។
នោះគឺជាការបង្ហាញពីប្រភេទនៃទម្រង់លេងដ៏ល្អឥតខ្ចោះមួយដែលលោក Pochettino ជឿជាក់ថា Kane កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ការក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពិភពលោក។ ស្របពេលជាមួយគ្នានេះ ក្លិបកំពូលៗក្នុងទ្វីបអឺរ៉ុបកំពុងធ្វើការពិចារណាទៅលើការដាក់សំណើក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយក Kane ក្នុងពេលបិទរដូវកាលនេះ ប៉ុន្តែ លោក Pochettino មិនមានបំណងក្នុងការលក់ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់លោកឡើយ ទោះក្នុងតម្លៃខ្លួនខ្ពស់បែបណាក៏ដោយ។ លោក Pochettino បានបញ្ជាក់ថា៖ «វាច្បាស់ណាស់ថា យើងនឹងរក្សាទុកកីឡាករដែលយើងចង់រក្សាទុក។ យើងពិតជាស្ងប់អារម្មណ៍ទៅលើកីឡាករសំខាន់ៗរបស់យើង។ ពួកគេរីករាយក្នុងការនៅទីនេះ ហើយយើងមានគម្រោងដ៏រំភើបមួយ»៕
ប្រភពពី៖ The Guardian