បើនិយាយពីតារាសម្ដែងច្បាស់ណាស់ថា ចន ច័ន្ទលក្ខិណា ត្រូវបានក្លាយទៅជាតារាជួរមុខ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញ ជាមួយនឹងបទពិសោធន៍មិនក្រោម20ឆ្នាំនោះឡើយ។ រាល់សកម្មភាពនៃការសម្ដែងរបស់តារារូបនេះ ក៏តែងត្រូវបានទទួលការគាំទ្រពីសំណាក់ទស្សនិកជនមិនតិចនោះឡើយ ជាពិសេស ការសម្ដែងក្នុងឈុតឆាកកាចឆ្នាស់ ឈ្នានីសតែម្ដង រហូតធ្វើឱ្យអ្នកទស្សនាមិនសរសើរមិនបាន។ ប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបភាពរបស់ ចន ច័ន្ទលក្ខិណា ហាក់ត្រូវបានរសាត់បាត់ឆ្ងាយពីវិស័យមួយនេះ ខណៈដែលមានការទម្លាយយ៉ាងច្បាស់មកថា នាងបានសម្រេចចិត្តដើរចាកចេញពីអាជីពជាង20ឆ្នាំនេះទាំងគ្មានអាល័យ។
នៅក្នុងដំណើរជីវិតជាអ្នកសិល្បៈជាង20ឆ្នាំកន្លងទៅនេះ ចន ច័ន្ទលក្ខិណា បានជួបប្រទះនឹងរឿងរ៉ាវជាច្រើនរាប់មិនអស់ រាប់ទាំងរឿងល្អ និងរឿងអាស្រូវផងដែរ ជាពិសេស ក្រោយពេលដែលនាងបានសម្រេចចិត្តបែកបាក់ជាមួយអតីតស្វាមីដែលជាអ្នកមានអាជីពក្នុងវិស័យសម្ដែងដូចគ្នា ក្រោមការលើកឡើងជាពាក្យចចាមអារ៉ាមថា មានអ្នកទី3ចូលជ្រៀតជ្រែកក្នុងសង្គមគ្រួសាររបស់នាង។ យ៉ាងណាក៏ដោយ បើទោះជានាងបានក្លាយទៅជាស្ត្រីមេម៉ាយរស់នៅជាមួយកូនស្រីក្ដី ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែអាចរក្សាបាននូវភាពល្បីល្បាញដដែល។ បន្ថែមពីនេះនាងថែមទាំងបានបង្កើតនូវមុខជំនួញផ្សេងៗទៀត ដើម្បីអាចទទួលបានចំណូលបន្ថែមពីលើការងារផ្នែកសិល្បៈ ដូចជា បើកហាង ចន ច័ន្ទ សាឡន និងលក់ផលិតផលតាមអនឡាញជាដើម។
ជាថ្មីម្ដងទៀត កំពូលតារាសម្ដែងដ៏ប៉ិនប្រសប់ចន ច័ន្ទលក្ខិណា បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងសង្គមសិល្បៈដោយការកាន់មុខតំណែងជាប្រធានសមាគមអ្នកសិល្បៈកម្ពុជា បន្តវេណពីលោក សុះ ម៉ាច ដែលជាប្រធានចាស់ធ្លាក់សន្លឹកឆ្នោតផងដែរ។ នៅក្នុងរយៈពេលនៃការទទួលយកតំណែងជាប្រធានសមាគមន៍អ្នកសិល្បៈនេះផងដែរ ចន ច័ន្ទលក្ខិណា បានលូកដៃជួយសម្រួលបញ្ហាមួយចំនួន ជាពិសេសបង្កើតជាមូលនិធិជួយដល់សិល្បករ សិល្បការិនី ដែលជួបប្រទះភាពខ្វះខាត និងបាត់បង់សមត្ថភាពជាដើម។
ដោយឡែកកាលពីពេលថ្មីៗនេះ ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងខណៈដែលនាងបានបង្ហាញពីចេតនាចង់ដើរចេញពីអាជីពជាតារាសម្ដែង ដែលធ្លាប់មានអានុស្សាវរីយ៍ជាច្រើនឆ្នាំទាំងគ្មានភាពអាឡោះអាល័យ ដោយការសរសេរសារបង្ហោះនៅលើហ្វេសប៊ុក។ ជាមួយនឹងការសម្រេចចិត្តចាកចេញពីអាជីពសិល្បៈនាពេលនេះ ត្រូវបានកំពូលតារាសម្ដែងរូបនេះបញ្ជាក់ប្រាប់ថា គឺដោយសារតែមានភាពមមាញឹកជាមួយការធ្វើជំនួញផ្ទាល់ខ្លួន ក៏ដូចជា ជួយមើលមុខជំនួញស្វាមីទី2របស់នាង ហើយទុកពេលវេលាខ្លះដើម្បីធ្វើការស្វែងរកមូលនិធិសម្រាប់សិល្បករចាស់ជរា។ នៅក្នុងជំហាននៃការបញ្ចប់អាជីពរបស់ ចន ច័ន្ទ នាពេលនេះត្រូវបានគេកត់សម្គាល់ឃើញថា មានមហាជនមួយចំនួនបានសម្ដែងនូវភាពសោកស្តាយ ខណៈដែលបាត់បង់អ្នកដែលមានសមត្ថភាព និងទេពកោសល្យផ្នែកសម្ដែង៕