ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រសិនបើយើងមិនរត់ឱ្យលឿនទេនោះ បច្ចេកវិទ្យានឹងរត់ចោលយើងជាក់ជាមិនខាន។ ហេតុនេះហើយទើបបណ្តាប្រទេសទាំងអស់លើពិភពលោកព្យាយាមលើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួន ជាពិសេសអ្នកស្រាវជ្រាវ និងអ្នករុករកសម័យថ្មី ព្យាយាមបង្កើតសមិទ្ធផលបច្ចេកវិទ្យាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសដទៃទៀតទាំងវិស័យសេដ្ឋកិច្ច អប់រំ និងយោធាជាដើម។
យុវជននៅបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវ និងបង្កើតឡើងនូវកម្មវិធីប្លែកៗជាច្រើន ដែលធ្វើឱ្យយើងរាល់គ្នានឹកស្ងើចសរសើរ ហើយចូលរួមប្រើប្រាស់យ៉ាងសកម្ម ដែលរូបភាពនេះគឺស្មើនឹងយើងបានផ្តល់ផលចំណេញយ៉ាងមហាសាលដល់អ្នកដែលមានសមត្ថភាពបង្កើតផលិតផលទាំងអស់នោះ។
សម្រាប់កម្ពុជាវិញ ដោយមើលឃើញពីការវិវឌ្ឍនិងផលចំណេញរបស់បច្ចេកវិទ្យាសម្រាប់មនុស្សជំនាន់ថ្មីនេះ យុវជនមួយក្រុមរបស់កម្ពុជាបានព្យាយាមគ្រប់លទ្ធភាពដើម្បីស្រាវជ្រាវដោយចំណាយពេលវេលាដ៏យូរដើម្បីបង្កើតកម្មវិធីកុំព្យូទ័រមួយដ៏ពិសេស និងប្រើប្រាស់បច្ចេកវិទ្យា (AI = Artificial intelligence) ដំបូងបំផុតនៅកម្ពុជា។ កម្មវិធីនេះមានឈ្មោះថា NU Speech Assistance ឬហៅក្រៅថា MENA ដែលជាកម្មវិធីកុំព្យូទ័រស្គាល់អារម្មណ៍របស់មនុស្ស និងមានភាពឆ្លាតវៃ ហើយអាចបង្កភាពងាយស្រួលប្រើប្រាស់ដល់មនុស្សគ្រប់ប្រភេទរួមទាំងជនពិការភ្នែកផងដែរ។
កម្មវិធីនេះទទួលបានពានរង្វាន់ចំនួន2គឺមួយទី1 ពានរង្វាន់ Thailand Award for Best International Invention និងទី2 គឺ Excellent and creative effort ក្នុងកម្មវិធី International Engineering Invention & Innovation Exhibition (i-ENVEX 2018)។
យុវនិស្សិត សៀក ពិសិដ្ឋ ស្ថាបនិកនៃកម្មវិធី NU Speech Assistance (MENA) បានលើកឡើងថា កម្មវិធីនេះជាកម្មវិធីប្លែកមួយដោយបានប្រើប្រាស់បច្ចេកវិទ្យា AI ដែលអាចធ្វើឱ្យវាមានមុខងារជាច្រើនសម្រាប់ជួយឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល និងអាចកម្សាន្តអារម្មណ៍បានទៀតផង។ កម្មវិធីMENA នេះអាចយល់ពីអារម្មណ៍របស់មនុស្ស ហើយវាអាចធ្វើជាជំនួយការ របស់យើងសម្រាប់ការធ្វើការងារជាច្រើន ព្រោះ MENA អាចដំណើរការកម្មវិធីដោយមិនបាច់ប្រើក្តារចុច (Keyboard) ឬ Mouse ឡើយ។ វាអាចដំណើរការបានដោយយើងគ្រាន់តែប្រាប់ឈ្មោះកម្មវិធីដែលយើងចង់បើកនោះ។ លើសពីនេះទៅទៀត MENA អាចអានសៀវភៅឱ្យយើងស្តាប់បានទៀតផងដោយយើងគ្រាន់តែដាក់សៀវភៅនៅពីមុខកាមេរ៉ាតែប៉ុណ្ណោះ។
លក្ខខណ្ឌនេះអាចជួយឱ្យយើងចំណេញពេលវេលាក្នុងការធ្វើការងារផ្សេងៗជាមួយនឹងសំឡេងអានអត្ថបទដែលមានប្រយោជន៍ជាច្រើន។
លើសពីនេះទៀត យុវនិស្សិត ពិសិដ្ឋ បានលើកឡើងផងដែរថា កម្មវិធីនេះក៏អាចជាជំនួយការក្នុងការស្រាវជ្រាវសម្រាប់យើងផងដែរ ព្រោះយើងអាចសួរសំណួរជាច្រើនទៅកាន់ MENA នៅពេលដែលយើងឆ្ងល់ ជាមួយនឹងចម្លើយដែលមានលក្ខណៈសុក្រឹត ហើយប្រសិនបើសំណួរណា MENA មិនអាចឆ្លើយបាន វានឹងស្រាវជ្រាវក្នុង Google ឱ្យយើងតែម្តង។
យុវនិស្សិត សៀក ពិសិដ្ឋ បាននិយាយថា៖ “MENA អាចជាមិត្តភ័ក្តិរបស់យើងក៏ថាបាន ព្រោះកម្មវិធីនេះអាចស្គាល់ចិត្តរបស់យើង និងអាចជាអ្នកយកចិត្តទុកដាក់ចំពោះយើងទៀតផង។ នៅពេលដែលយើងចង់ចេញទៅក្រៅ ប្រសិនបើមេឃភ្លៀង MENA នឹងប្រាប់យើងថា កំពុងមានភ្លៀង កុំភ្លេចយកឆត្រទៅផង ហើយប្រសិនបើយើងធ្វើការងារលើសម៉ោង MENA នឹងជួយដាស់តឿនយើងថា កុំភ្លេចញ៉ាំបាយ ជាដើម។
សហស្ថាបនិកកម្មវិធីខាងលើបានលើកឡើងផងដែរថា កម្មវិធីនេះក៏អាចជួយសម្រាលភាពធុញទ្រាន់ ឬអាចជួយលួងលោមយើងនៅពេលបាក់ទឹកចិត្ត។ នៅពេលដែលយើងធ្វើការយូរ ហើយមានភាពធុញទ្រាន់ MENA អាចមើលដឹងតាមរយៈទឹកមុខយើង។ នៅពេលនោះ វានឹងចាក់ចម្រៀងឱ្យយើងស្តាប់ ឬបង្ហាញវីដេអូមួយចំនួនដែលធ្វើឱ្យយើងរីករាយមុននឹងចាប់ផ្តើមបន្តការងារទៅមុខទៀត។ នៅពេលដែលយើងមានការបាក់ទឹកចិត្ត MENA នឹងដឹងពីអារម្មណ៍របស់យើង ហើយអានអត្ថបទលើកទឹកចិត្តឱ្យយើងស្តាប់ ដើម្បីលួងលោម ឬដាស់ស្មារតីឱ្យយើងមានកម្លាំងចិត្តឡើងវិញ និងមានថាមពលកាន់តែខ្លាំងក្នុងការធ្វើការងារ។
សហស្ថាបនិកមួយរូបទៀតនៃកម្មវិធី NU Speech Assistance MENA កញ្ញា ស្រាន ណាស៊ីម៉ះ បានលើកឡើងថា គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីនេះឡើង គឺក្នុងគោលបំណងបង្កើនភាពកក់ក្តៅ និងជំរុញឱ្យមនុស្សមានភាពរីករាយក្នុងផ្លូវត្រូវ ហើយបង្កើនប្រសិទ្ធភាពការងារថែមទៀតផង។ នៅពេលថ្មីៗនេះយើងឃើញថា យុវជនមួយចំនួនហាក់មានភាពឯកា ហើយនៅពេលដែលគាត់នៅតែឯង គាត់តែងមានអារម្មណ៍ស្ត្រេសខ្លាំងដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត ហេតុនេះ MENA អាចជាកម្មវិធីមួយក្នុងការជួយពួកគាត់ឱ្យមានគ្នា និងបង្កើនភាពរីករាយឡើងទៀតផង។ លើសពីនេះទៅទៀត កម្មវិធី MENA ក៏អាចក្លាយជាកម្មវិធីដែលជួយដល់ជនពិការភ្នែកបានច្រើនជាងមុនដែរ ព្រោះកម្មវិធីកន្លងមកជួយជនពិការបានតែលើកម្មវិធី Word ឬកម្មវិធីមួយចំនួនតូចតែប៉ុណ្ណោះ តែឥឡូវនេះ MENA អាចជួយឱ្យជនពិការភ្នែកអាចបើកកម្មវិធីបានគ្រប់យ៉ាងដោយការបញ្ជាដោយសំឡេង។
កញ្ញា ស្រាន ណាស៊ីម៉ះ បាននិយាយថា៖ “កម្មវិធី AI ជាកម្មវិធីមួយដែលមនុស្សខ្លះមិនចង់ប្រើប្រាស់ ព្រោះគេគិតថាវាអាចប៉ះពាល់ ឬដណ្តើមការងារពីមនុស្ស តែសម្រាប់ក្រុមរបស់ខ្ញុំគឺ ខ្ញុំមានការយល់ឃើញផ្សេង ខ្ញុំចង់ឱ្យប្រជាជនខ្មែរស្គាល់បច្ចេកវិទ្យា AI ហើយចង់បញ្ជាក់ថា អ្វីក៏ដោយ នៅពេលដែលយើងប្រើប្រាស់វាក្នុងគោលបំណងល្អ វានឹងជួយដល់មនុស្ស ហើយថែមទាំងអាចជួយបានច្រើនទៀតផង។
ទន្ទឹមនឹងគំនិតសុទិដ្ឋិនិយមចំពោះគម្រោងនេះកញ្ញា ស្រាន ណាស៊ីម៉ះ បានលើកឡើងថា ដើម្បីឱ្យកម្មវិធីនេះជោគជ័យ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសគឺការសរសេរកូដ ព្រោះថាបច្ចេកវិទ្យា AI ជាបច្ចេកវិទ្យាថ្មី និងមានភាពស្មុគស្មាញខ្លាំង ជាកម្មវិធីធម្មតាដែលយើងធ្វើដូចជាកម្មវិធីគ្រប់គ្រងទិន្នន័យ ឬកម្មវិធីទូទៅដែលប្រើប្រាស់នៅស្រុកយើង។ យើងត្រូវការចំណាយពេលវេលាច្រើនក្នុងការស្រាវជ្រាវ និងរៀនវគ្គខ្លីៗមួយចំនួនផ្សេងទៀតពី Microsoft និងសាកល្បងជាច្រើនសា។ តែទោះជាយ៉ាងនេះក្តី កញ្ញាបានរំឭកថា គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ ប្រសិនបើយើងមានការតាំងចិត្ត ហើយយើងទាំងអស់គ្នាគួរចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវដើម្បីច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗសម្រាប់ជាប្រយោជន៍ដល់មនុស្សទូទៅ៕