នៅថ្ងៃម្សិលមិញនេះ ពិតជាកក្រើកភ្លូកទឹកភ្លូកដីនៅក្នុងបរិវេណសាលមហោស្រពកោះពេជ្រ មានការរៀបចំកម្មវិធីសម្ដែងរឿង « អច្ឆរិយៈអង្គរ » ដែលមានទស្សនិកជនជាច្រើននាក់បានចូលរួមទស្សនាគាំទ្រយ៉ាងកុះករ។ អច្ឆរិយៈអង្គរ ជាផ្ទាំងទស្សនីយភាពល្ខោនចំរុះដ៏អស្ចារ្យ ដែលឆ្លុះបញ្ជាំងអំពីការសាងសង់ក្រុងអង្គរ និងសម្ដែងជូនបងប្អូនប្រិយមិត្តកម្ពុជាគ្រប់រូបដោយឥតគិតថ្លៃ ។
កន្លងមកផ្ទាំងទស្សនីយភាពមួយនេះធ្លាប់តែទៅមើលការសម្ដែងនៅតាមប្រទេសក្រៅមួយចំនួន និងមានការសម្ដែងក្នុងស្រុកដោយគិតថ្លៃ លុះដល់ពេលមានការបើកសម្ដែងឱ្យទស្សនាដោយឥតគិតថ្លៃ គេកត់សម្គាល់ឃើញថា ប្រិយមិត្តទាំងអស់ពិតជាគាំទ្រការសម្ដែងគួបផ្សំនិងរឿងរ៉ាវប្រវត្តិសាស្រ្តនេះ សឹងតែរកកៅអីអង្គុយទស្សនាមិនមានឡើយ។ ការសម្ដែងពិតជាអស្ចារ្យ ហើយមិនសរសើរមិនបានពិតមែន។
ស្របគ្នានោះដែរ ការសម្ដែងដើម្បីជួយលើកតម្កើនពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរមួយនេះ មានការស័្មគ្រចិត្តចូលរួមសម្ដែងពីវិរៈសិល្បករ និងសិល្បករសម័យ-បុរាណជាង 200 នាក់រួមមានតារាសម្ដែងល្បីជាច្រើនដូចជា លោក ទេព រិន្ទដារ៉ូ លោក ហម ឆរ៉ា អ្នកនាង ទូច ស្រីល័ក្ខ អ្នកនាង ឈួន សុវណ្ណឆ័យ លោក អ៊ុន សិទ្ធា លោក ហេង ប៊ុនលាភ ក្រុមចម្រៀងក្មេងខ្មែរនិងតារាស្រីដែលលេចធ្លោជាងគេ កញ្ញា នៅ សូនីតា ផងដែរ។ គួរបញ្ជាក់ផងដែរថា តារាស្រី នៅ សូនីតា បានបង្ហើបថា ខ្លួនពិតជាសំណាង និងបានសម្រេចក្ដីស្រម៉ៃខ្លួន ដែលបានសម្ដែងជា ទេពអប្សរា ជាកុលស្ត្រីប្រកបដោយរូបសម្ផស្សស្រស់ស្អាត និងស័ក្ដសមជាស្ត្រីខ្មែរពិតៗ។
សូមជម្រាបបន្ថែមថា ដោយសារទេពកោសល្យ និងការតាំងចិត្តសម្ដែងបានឥតខ្ចោះ ក្រោយពីបញ្ចប់ការម្ដែងហើយភ្លាម កញ្ញា នៅ សូនីតា ទទួលបានការគាំទ្រយ៉ាងច្រើន ហើយមានទស្សនិកជនមកសុំរូបនាងថតរូបជាមួយយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖