មិនមែនមានទីផ្សាសិល្បៈតែម្ដាយប៉ុណ្ណោះទេ នាងតូច ឡា ប៊ីណា នៅពេលថ្មីៗនេះក៏មានទីផ្សារសិល្បៈមិនចាញ់អ្នកម្ដាយរបស់គេប៉ុន្មានដែរ។ ប្រិយមិត្តមួយចំនួនពិតជាមានចម្ងល់ហើយថា នាងតូច ឡា ប៊ីណា ជាអ្នកណា ហើយហេតុអ្វីបានជាមានទីផ្សារសិល្បៈអីក៏លឿនម្លេះ? ។
ការពិតទៅ នាងតូចរូបនេះ ជាកូនស្រីដ៏សែនឃ្យូតគួរឱ្យស្រឡាញ់របស់តារាសម្ដែងស្រី ប៊ី រីយ៉ា ហើយកំពុងតែមានប្រជាប្រិយខ្លាំងណាស់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែអ្នកម្ដាយរបស់នាងតូចបានថតរូប និងវីដេអូ បង្ហាញពីសកម្មភាពខ្និចខ្នក់គួរឱ្យខ្នាញ់របស់នាងបង្ហោះឱ្យមហាជនអ្នកគាំទ្របានទស្សនា រហូតដល់មានក្រុមហ៊ុនផលិតផលពីប្រទេសថៃមកទំនាក់ទំនងសុំថតផ្សាយពាណិជ្ជកម្មទាំងនៅវ័យក្មេងតែម្ដង (មកពីស្រស់ពេកហ្នឹងណា)។
គេកត់សម្គាល់ឃើញថា នាងតូចមិនត្រឹមតែមានសម្រស់ស្រស់ស្អាត ឃ្យូតគួរឱ្យស្រឡាញ់នោះទេ កូនស្រីរបស់តារាសម្ដែង ប៊ី រីយ៉ា រូបនេះថែមទាំងកំពុងត្រូវប៉ាន់លើទីផ្សារសិល្បៈខ្ពស់ទៀតផង មិនចាញ់មនុស្សពេញវ័យឡើយ ពោលគឺ កាន់តែចម្រើនវ័យកាន់តែស្រស់ស្អាតតែម្ដង។ ជាមួយគ្នានេះ សម្រាប់ទីផ្សារថតស្ពតពាណិជ្ជកម្មវិញ កូនស្រីរបស់ ប៊ី រីយ៉ា មិនត្រឹមទាក់ទាញចិត្តផលិតករក្នុងស្រុកប៉ុណ្ណោះទេ ក្មេងស្រីដ៏ស្រស់ស្អាតរូបនេះ ថែមទាំងល្បីឈ្មោះ និងទាក់ទាញចិត្តផលិតករប្រទេសថៃទៀតផង រហូតដល់មានក្រុមហ៊ុនលក់ផលិតផលទឹកដោះគោមួយមកអញ្ជើញឱ្យទៅថតនៅថៃដោយផ្ទាល់ទៀតផង។
អ្នកនាង ប៊ី រីយ៉ា បានបង្ហើបឱ្យដឹងថា «ចា៎..! ផលិតផលដែលក្រុមហ៊ុនថៃបានបណ្ដាក់ទុននៅប្រទេសកម្ពុជាបានទាក់ទងឱ្យខ្ញុំ និងកូនស្រីទៅថតស្ពតពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយផលិតផល ទឹកដោះគោកូនក្មេង ពិតមែន។ ចំពោះតម្លៃខ្លួន អាស្រ័យលើក្រុមហ៊ុន ប៉ុន្តែសម្រាប់ស្ពតរយៈពេល 4នាទីនេះ គឺមានតម្លៃប្រហែល 6ពាន់ដុល្លារ ដោយថតចំនួន3ថ្ងៃ ហើយតម្លៃនេះ គឺគិតតែលើកូនស្រីខ្ញុំទេ»៕