Skip to content

ឯម រៀម បញ្ជាក់ថា  «បើមានចិត្តចង់បំផ្លាញវប្បធម៌នៃប្រទេសខ្លួនឯង មិនមែនចូលសិល្បៈទេ!»

កន្លងមកថ្មីនេះៗ អ្នកច្នៃម៉ូដ ឯម រៀម បានទទួលរង​ការ​រិះគន់យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួនធំ ហើយ​ថែមទាំងមានការទទូច​សុំឱ្យ​មាន​ចំណាត់ការ​ពី​ក្រសួង​វប្បធម៌ចំពោះ​ការ​ច្នៃ​ម៉ូ​ដ​មកុដ​អប្សរា​ពាក់​ឱ្យបុរស​ ធ្វើឱ្យអ្នកជំនាញ​ច្នៃម៉ូ​ដម្នាក់នេះ​ព្យាយាមឆ្លើយ​តបជាការបកស្រាយ​បញ្ជាក់​​ ដើម្បី​ការពារ​ខ្លួន។ បើ​យោង​តាម​ការ​សរសេរ​រៀបរាប់​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ​ឯម រៀម កាលពី​ពេល​កន្លង​ទៅបាន​ឱ្យ​ដឹង​ថា «​មកុដ​អប្សរា ពាក់​បាន​ទាំង​បុរស​ទាំង​ស្ត្រី ហើយ​អប្សរា​ក៏​មាន​2​ប្រភេទ​ដែរ ដោយការ​មើលឃើញ​នៅ​តាម​សសរ​ពេជ្រ​នៃ​ប្រាសាទបាយ័ន គឺ​មិន​មាន​ដើមទ្រូងធំ​ៗ​ដូច​ស្ត្រី​ទេ ថែម​ទាំង​មាន​ស្លៀក​ប៉ឹង​ដោយ​មិន​មាន​ស្លៀកសំពត់ ដូច​នេះ​ហើយ​តាម​ការ​មើលឃើញ គឺ​អប្សរា មាន​ទាំង​បុរស មាន​ទាំង​ស្ត្រី»។

ហើយនៅពេលថ្មីនេះ អ្នកច្នៃម៉ូដរូបនេះបានបញ្ជាក់បន្ថែមទៀតប្រាប់អ្នកសារព័ត៌មានស្ថានីយទូរទស្សន៍នៅក្នុងស្រុក ដោយបានអះអាងថា «ខ្ញុំចង់បញ្ជាក់ថា ឱ្យយុវជនយើងត្រូវគិតថា បុរាណ និងសម័យត្រូវដើរទន្ទឹមគ្នា មិនថាមួយទៅមុនមួយទៅក្រោយទេ។ អ៊ីចឹង សម្រាប់ខ្ញុំជាអ្នករចនាម៉ូដដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ខ្ញុំតែងតែ Mix ដូចជាមានមកុដ មានស្អី ដូចជា កងដៃ អ៊ីចឹង។ គឺថាការអភិវឌ្ឍវប្បធម៌ ឬធ្វើអ្វីមួយវាតែងតែប៉ះពាល់តិច និងច្រើន វាគង់តែមាន »។ លោកក៏បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនទៀតដែរថា «បើមានចិត្តចង់បំផ្លាញវប្បធម៌នៃប្រទេសខ្លួនឯង មិនមែនចូលសិល្បះទេ! »។

គួរបញ្ជាក់ផងដែរថា បើទោះបីរងនូវការរិះគន់គ្រប់សព្វពីសំណាក់មហាជនជាច្រើននាក់ក្ដី តែអ្នកច្នៃម៉ូដរូបនេះ នៅតែប្រកាន់នូវការបើកចិត្តយ៉ាងទូលាយទទួលយកគ្រប់មតិទាំងអស់។ លោកនៅតែប្រកាន់ជំហរនៃការពង្រីកវិសាលភាពគ្រឿងអលង្ការខ្មែរឱ្យពិភពលោកបានស្គាល់ និងបានដឹងច្បាស់។ ដូចកន្លងមកលោកធ្លាប់បានលើកឡើងថា «ជនបរទេស​ភាគច្រើន​គិត​ថា ខ្មែរ​យក​គ្រឿង​សិល្បៈ​ថៃ​​មក​ប្រើ ដោយសារ​ខ្មែរ​មាន តែ​មិន​បង្ហាញ បើ​បាន​បង្ហាញ​មាន​តែ​នៅ​លើ​ឆាក​ជា​លក្ខណៈ VIP។ បើ​ទោះជា​មាន​ឯកសារយោង​មក​ជាមួយ​យ៉ាងណា​ក៏​ដោយ ក៏​មាន​អ្នកមិន​ទទួលយកដែរ​»៕

Leave a Reply

Your email address will not be published. Required fields are marked *