ខ្សែប្រយុទ្ធដ៏ឆ្នើម Robert Lewandowski របស់ក្លិប Bayern Munich ចង់ចាកចេញពីក្លិបក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ នៅរដូវក្តៅនេះ ដើម្បីស្វែងរកការប្រជែងថ្មីៗ។ នេះបើយោងទៅតាមការបញ្ជាក់របស់ភ្នាក់ងារតំណាងរបស់គេដែលប្រាប់ទៅកាន់កាសែត Sport Bild កាលពីថ្ងៃពុធ។
លោក PiniZahavi បានប្រាប់កាសែតប្រចាំសប្តាហ៍មួយនេះថា៖ «Robert មានអារម្មណ៍ថា រូបគេត្រូវការផ្លាស់ប្តូរ និងស្វែងរកការប្រជែងថ្មីមួយក្នុងអាជីពរបស់គេ។ អ្នកចាត់ការទូទៅរបស់ក្រុម Bayern បានដឹងពីបំណងនេះហើយ»។ Lewandowski វ័យ 29ឆ្នាំ ដែលកិច្ចសន្យារបស់គេក្នុងក្លិប Bayern មានសុពលភាពរហូតដល់ឆ្នាំ2021នោះ ត្រូវបានទាក់ទងជាមួយនឹងក្លិប Real Madrid ស្របពេលដែលក្លិប Paris Saint-Germain និងក្លិប Chelsea និង Manchester United របស់ក្របខ័ណ្ឌ Premier League ក៏ត្រូវបានគេគិតថាមានការចាប់អារម្មណ៍ផងដែរ។ រូបគេគឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងរបស់ក្របខ័ណ្ឌ Bundesliga ក្នុងរដូវកាលដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ដោយរកបាន 29គ្រាប់ ដោយបានឈ្នះពានលីកជាលើកទី3 ក្រោយពីទទួលជ័យជម្នះក្នុងរដូវកាលឆ្នាំ2015-2016 ជាមួយនឹង Bayern និង 2013-2014 ជាមួយនឹងអតីតក្លិប Borussia Dortmund។
កាលពីចុងខែកុម្ភៈ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ បានចែកផ្លូវជាមួយភ្នាក់ងារតំណាងចាស់កាលពីមុនរបស់គេគឺលោក Cezary Kucharski និងបានចុះហត្ថលេខាជាមួយនឹងលោក Zahavi ដែលជាភ្នាក់ងារតំណាងដ៏មានឥទ្ធិពលម្នាក់ក្នុងកីឡាបាល់ទាត់ពិភពលោក៕
ប្រភពពី៖ Channel News Asia