បង្កងតង្កៀបក្រហម ជាប្រភេទអាហារមានរសជាតិឆ្ងាញ់មិនចាញ់បង្កងទន្លេ ដែលត្រូវបានគេនាំពូជចូលពីប្រទេសថៃយកមកចិញ្ចឹមក្នុងកសិដ្ឋានមួយកន្លែងនៅក្នុងប្រទេសកម្ពុជា និងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សាររហូតចិញ្ចឹមលក់ឱ្យអតិថិជនសឹងតែមិនទាន់ទៀតផង។
លោក ផល រដ្ឋា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងតង្កៀបក្រហមដែលមានទីតាំងនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានមានប្រសាសន៍ថា មុននឹងចាប់ផ្តើមចិញ្ចឹមបង្កងនេះ លោកបានទៅរៀនជាមួយប្រជាជនថៃនៅឯប្រទេសថៃកាលពីអំឡុងឆ្នាំ2005 ខណៈពេលដែលព្រះមហាក្សត្រថៃកំពុងបំផុសឱ្យប្រជាកសិករថៃចិញ្ចឹមបង្កងប្រភេទនេះដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
លោកថា ក្រោយពីរៀនរួច លោកមិនបានចិញ្ចឹមបង្កងនេះភ្លាមៗទេ ព្រោះដោយសារតែកាលនោះបង្កងប្រភេទនេះកំពុងល្បីល្បាញ តែមិនសូវមានអ្នកចិញ្ចឹមសម្រាប់បង្កាត់កូនលក់ទេ និងមានការពេញនិយមចិញ្ចឹមខ្លាំងនៅក្នុងប្រទេសថៃផងនោះ ទើបធ្វើឱ្យពូជរបស់វាត្រូវបានគេលក់ក្នុងតម្លៃខ្ពស់ខ្លាំងណាស់គឺបង្កងពូជ 2ក្បាលតម្លៃដល់ទៅ 100ដុល្លារឯណោះ។
រហូតមកដល់ឆ្នាំកន្លងទៅ ពោលគឺឆ្នាំ 2017 បង្កងនេះរាងធ្លាក់ថ្លៃបន្តិចនៅលើទីផ្សារប្រទេសថៃ ដោយសារមានអ្នកចិញ្ចឹម និងបង្កាត់កូនលក់ច្រើនឡើង ទើបលោកសម្រេចទិញកូនបង្កងតូចៗដឹកយកមកចិញ្ចឹមនៅប្រទេសកម្ពុជាក្នុងតម្លៃ 1ដុល្លារសម្រាប់កូនបង្កងមួយក្បាល។
ពូជបង្កងនេះងាយស្រួលដឹកជញ្ជូនណាស់ គ្រាន់តែដាក់កូនវានៅក្នុងធុងស្នោ ហើយដាក់ទឹកកកដុំពីលើឱ្យត្រជាក់ប៉ុណ្ណោះ គេអាចដាក់តាមឡានតាក់ស៊ីយកមកដល់ស្រុកខ្មែរដោយមិនមានងាប់ ឬប៉ះពាល់ដល់សុខភាពបង្កងឡើយ។ ប៉ុន្តែមុននឹងដឹកមក កសិករត្រូវរៀបចំស្រះទុកជាមុនឱ្យហើយ អាចជាស្រះ ឬត្រពាំងធម្មជាតិក៏បាន ឬក៏ស្រះសិប្បនិម្មិតធ្វើពីស៊ីម៉ង់ត៍ក៏បាន តែត្រូវធ្វើដំបូលប្រក់ពីលើ និងធ្វើយ៉ាងណាឱ្យស្រះនោះមានខ្យល់អុកស៊ីហ្ស៊ែន ទើបបង្កងអាចរស់បាន។
អ្នកជំនាញវ័យក្មេងរូបនេះបានបញ្ជាក់បន្ថែមថា ជាទូទៅគេមិនចាំបាច់កំណត់ទំហំស្រះនោះទេ ប៉ុន្តែដើម្បីឱ្យងាយស្រួលប្រមូលផល ក៏ដូចជាការថែទាំផងនោះ គេអាចធ្វើស្រះទំហំ 16 x 26ម៉ែត្រ ហើយបើសិនជាស្រះធ្វើពីស៊ីម៉ង់ត៍ គេត្រូវដាក់ទឹកជម្រៅ 30សង់ទីម៉ែត្រ និងស្រះត្រពាំងគេត្រូវបញ្ចូលទឹក 1.2ម៉ែត្រដើម្បីឱ្យត្រូវតាមស្តង់ដារដែលគេបានបង្រៀន និងធ្វើយ៉ាងណាឱ្យទឹកក្លាយជាទឹកល្អក់ ចៀសវាងទឹកថ្លាថ្ងៃចាំងចូលនាំឱ្យទឹកក្នុងអាងក្តៅ។
ចំពោះការរៀបចំស្រះនេះដែរ មុនដំបូងគេត្រូវជីកដីហាលចោល និងបាចកំបោរសទុកចោលមួយរយៈ ដើម្បីសម្លាប់មេរោគ ក៏ដួចជាដើម្បីបង្កើតអុកស៊ីហ្ស៊ែន ឬបង្កើតជាទឹកអាល់កាឡាំង(80-120)និងត្រូវឱ្យមានសារធាតុ PH យ៉ាងហោច 7.5 នៅក្នុងស្រះ។ បើសិនជាស្រះមិនមានសារធាតុទាំងអស់នេះទេ គេមិនអាចចិញ្ចឹមបង្កងបានឡើយ ដោយសារពពួកសត្វប្រភេទនេះវាត្រូវការអុកស៊ីហ្ស៊ែនជាចាំបាច់ទើបអាចរស់បាន។ យ៉ាងណាក៏ដោយ បើសិនជាស្រះមិនមានសារធាតុខាងលើទាំងអស់នោះទេ គេអាចទិញថ្នាំដែលមានតម្លៃទាបមកដាក់ក្នុងស្រះដើម្បីបង្កើតឱ្យមានអុកស៊ីហ្ស៊ែន និងសារធាតុទាំងពីរខាងលើបានដោយងាយ។
ក្រោយពីរៀបចំស្រះរួច និងគេនឹងពិនិត្យឃើញថា ក្នុងទឹកមានសារធាតុអុកស៊ីែហ្ស៊ន និងសារធាតុរ៉ែទាំងនោះហើយ គេអាចដាក់កូនបង្កងចូលទៅបាននិងដាក់ចំណីឱ្យស៊ីតាមធម្មតា។ ជាទូទៅបង្កងប្រភេទនេះមិនរើសចំណីទេ វាស៊ីទាំងបន្លែធម្មជាតិ ដូចជា ចក ត្រកួន ពោត សណ្តែក និងផ្លែឈើមួយចំនួនទៀត ឬអាចដាក់កូនត្រី ឬសាច់ឱ្យវាស៊ីក៏បាន ហើយវាមិនស៊ីចំណីច្រើនដូចត្រីរ៉ស់ ត្រីឆ្តោ ឬត្រីប្រានោះឡើយ។ បើសិនខ្វះចំណីកសិករអាចទិញចំណីដែលគេផលិតពីសាច់ត្រីស្រេចដើម្បីយកមកកូនបង្កងស៊ីក៏បាន ប៉ុន្តែធ្វើយ៉ាងណាចៀសវាងកុំឱ្យទឹកស្អុយហើយត្រូវរក្សាទឹកឱ្យល្អក់ជាប្រចាំ។
ក្រោយពីថែទាំ និងដាក់ចំណីឱ្យស៊ីជាប្រចាំបានប្រមាណជា3 ទៅ4ខែមក គេអាចប្រមូលផលបង្កងបានហើយ ដែលនៅពេលនោះក្នុងមួយក្បាលមានទម្ងន់ប្រហែលជា 1ខាំ ឬ8 ទៅ10ក្បាលមានទម្ងន់ 1គីឡូក្រាមហើយ។ បង្កងប្រភេទថ្មីនេះមិនខ្វះទីផ្សារនោះទេ មានទាំងទីផ្សារខ្មែរ និងទីផ្សារចិន ជាពិសេសអតិថិជនក្នុងក្រុងភ្នំពេញដែលក្នុងមួយគីឡូក្រាមគេអាចលក់បោះដុំបានចន្លោះពី20 ទៅ25ដុល្លារ ប៉ុន្តែសំខាន់គឺមិនមានបង្កងលក់គ្រប់គ្រាន់ឱ្យម៉ូយ។ ហើយបច្ចុប្បន្ននេះអ្នកចិញ្ចឹមបង្កងតង្កៀបក្រហមខាងលើ ឈប់ចិញ្ចឹមដើម្បីចាប់លក់ជាអាហារទៀតហើយ តែងាកមកចិញ្ចឹមយកពូជ (កូនបង្កង)ទុកលក់ឱ្យកសិករទិញយកទៅចិញ្ចឹមបន្តដែលឥឡូវកំពុងមានត្រូវការខ្លាំងនៅតាមបណ្តាខេត្តផ្សេងៗវិញម្ដង៕