តារាកំប្លែងដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា នាយ គ្រឿន បានចូលរួមសម្ដែងក្នុងរឿង «ចិញ្ចៀនខ្មោច» ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture ដែលបានតម្រូវឱ្យលោកសម្ដែងជាតួអង្គសន្ដិសុខ (អ្នកយាមផ្ទះ) មានភាពកំប្លុកកំប្លែង មិនសូវគ្រប់ទឹក ដើម្បីឱ្យមហាជនបានទស្សនារឿងនេះហើយ ផ្ទុះសំណើចតាំងពីដើមរឿង រហូតដល់ចប់តែម្ដង។
លោកថា ទន្ទឹមនឹងការបានសម្ដែងជាតួអង្គសន្តិសុខបែបនេះ ធ្វើឱ្យលោកបានមើលឃើញពីតថភាពនៃជិវិតរបស់បងៗអ្នកសន្ដិសុខយាមកាម ពីការងាររបស់ពួកគាត់ និងពីការតាំងចិត្តធ្វើការងារយ៉ាងហ្មត់ចត់របស់ពួកគាត់។ ដោយឡែកតាមរយៈសាច់រឿងវិញ គឺមានភាពខុសគ្នាស្រឡះតែម្ដង ព្រោះអ្នកដឹកនាំរឿងបានតម្រូវឱ្យខ្លួនសម្ដែងជាតួអង្គកំប្លែង ដែលខ្លួនគ្មានបំណងបន្តុះបង្អាប់ ឬមើលងាយដល់មុខរបរសន្តិសុខអ្នកយាមកាម និងអ្នកមានមុខរបរជាអ្នកយាមនៅតាមបុរី តាមផ្សារ ឬក្នុងក្រុមហ៊ុននានានោះឡើយ ពោលគឺសកម្មភាពក្នុងរឿងនេះគ្រាន់តែជាការសម្ដែង ដើម្បីឱ្យមហាជនបានចូលរួមសើចសប្បាយរីករាយជាមួយនឹងរូបលោកតែប៉ុណ្ណោះ។
នាយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «បាទបង! ចំពោះនៅក្នុងខ្សែភាពយន្តនេះ ខ្ញុំសម្ដែងជាតួអង្គសន្តិសុខ ដោយធ្វើកាយវិការឡិកឡក់ និយាយបែបកំប្លែង ដើម្បីឱ្យអ្នកទស្សនាបានសើចក្អាកក្អាយជាមួយនឹងសកម្មភាពរបស់ខ្ញុំតែប៉ុណ្ណោះ ដោយឡែកនៅក្នុងអាជីពមួយនេះ បើឆ្លុះបញ្ចាំងមកទិដ្ឋភាពខាងក្រៅ វាហាក់បីដូចជាប៉ះពាល់ដល់កិត្តិយស របស់ពួកគាត់បន្តិចហើយ។ ប៉ុន្តែតាមពិតមិនមែនអ៊ឹចឹងនោះទេ ខ្ញុំឃើញបងៗសន្តិសុខនៅតាមបុរី គឺមានភាពហ្មត់ចត់ គោរពការងារបានល្អ ហើយយាមដល់យប់ជ្រៅទៀតផង។ ទោះបីជាមុខរបរមួយនេះ មិនសូវមានអ្នកចាប់អារម្មណ៍ក្ដី ប៉ុន្តែបើងាកមកជីវិតនាពេលបច្ចុប្បន្ននេះវិញ សន្តិសុខនៅក្នុងបុរីនីមួយៗ គឺត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ម្ចាស់បុរី»។
ជាចុងក្រោយ លោកបានអំពាវឱ្យបងប្អូនប្រិយមិត្តទាំងអស់ ស្រឡាញ់ និងឱ្យតម្លៃចំពោះអាជីពជាសន្ដិសុខនេះ សូមមេត្តាកុំរើសអើង ឬវាយតម្លៃតាមរយៈកែវភ្នែកអី ព្រោះថា នោះក៏ជាអាជីពសុចរិត និងមានតម្លៃនៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។ ម៉្យាងទៀត សូមប្រិយមិត្តទាំងអស់គ្នា កុំភ្លេចទៅទស្សនារឿង «ចិញ្ចៀនខ្មោច» នៅថ្ងៃទី31 នេះ ដែលកំពុងតែដាក់បញ្ចាំងហើយនៅគ្រប់រោងកុនទាំងអស់៕