ចំនួនប្រជាជនកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងដល់15 ទៅ19លាននាក់នៅត្រឹមឆ្នាំ2030ខាងមុខ ដោយឡែកនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជនជិតខាងនឹងមានប្រជាជនកើនឡើងក្នុងចំនួនប្រមាណជា4 ទៅ7លាននាក់ដែលកត្តានេះនឹងជំរុញឱ្យមានតម្រូវការលំនៅឋានថ្មីប្រមាណជា 800.000ខ្នងផ្ទះទៀតបន្ថែមពីលើលំនៅឋានដែលមានស្រាប់នាពេលបច្ចុប្បន្ន។
ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កាលពីឆ្នាំ2017កន្លងទៅ វិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងគម្រោងអនុម័តចំនួន 3,418គម្រោង ហើយវិស័យសំណង់បានកើនឡើង22% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ 6.5ពាន់លានដុល្លារ ក្នុងនោះមាន82%ជាគម្រោងលំនៅឋាន។
លោក ហ៊ឹម សីហា ប្រធាននាយកដ្ឋានស្រាវជ្រាវនៃក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា និន្នាការនៃតម្រូវការលំនៅឋានពិតជាកើនឡើងដូចរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងដែលបានរកឃើញពិតប្រាកដមែន ពិសេសលំនៅឋាននៅក្នុងរាជធានីភ្នំពេញ និងនៅតាមទៅប្រជុំជនក្នុងបណ្តាខេត្តមួយចំនួន ដោយសារចំនួនប្រជាជនមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានបន្តថា មិនមែនតែនៅទីក្រុងភ្នំពេញទេសូម្បីនៅតាមបណ្តាខេត្តឆ្ងាយៗដូចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងសៀមរាប ខេត្តសៀមរាប និងក្រុងបានលុង ខេត្តរតនគិរី ជាដើម លំនៅឋានលក្ខណៈជាបុរីដែលសាងសង់នៅលើផ្ទៃដីធំៗ និងមានចំនួនច្រើនល្វែងត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ដែលមានទាំងលំនៅឋានមានតម្លៃខ្ពស់ និងសមរម្យសម្រាប់ដាក់លក់ជូនអតិថិជនដែលមានជីវភាពធូរធារ និងមានជីវភាពមធ្យមទៅតាមនោះដែរ។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) មានប្រសាសន៍ថា កម្ពុជាបានទទួលនូវកំណើនសេដ្ឋកិច្ចឆាប់រហ័សសម្រាប់ឆ្នាំកន្លងទៅដោយសារវិស័យសំណង់ និងអចលនទ្រព្យ គឺជាឧស្សាហកម្មឈានមុខគេមួយ។ ស្របពេលជាមួយគ្នានេះដែរ សេដ្ឋកិច្ចកម្ពុជាក៏កំពុងរីកចម្រើនខ្លាំងដោយសារវត្តមាននៃការសាងសង់សំណង់សណ្ឋាគារថ្មីៗ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាននិងអគារលំនៅឋានដែលកំពុងរីកដុះដាលឡើងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងបានរីករាលដាលទៅកាន់ទីក្រុងនានានៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះប្រជាជនថ្នាក់កណ្តាល (ដែលមានកម្រិតជីវភាពមធ្យម)កំពុងមានការកើនឡើង ហើយរបៀបនៃការរស់នៅរបស់ពួកគេកំពុងមានការផ្លាស់ប្តូរទាំងការងារ ជីវភាព និងបរិស្ថានផ្ទាល់ខ្លួនផងដែរ។
នៅក្នុងទីផ្សារអចលនទ្រព្យ ផ្ទះជាប់ដីត្រូវបានបែងចែកជា 4ប្រភេទ ដូចជាផ្ទះល្វែងជួរមុខ (purpose-build shophouse) ផ្ទះល្វែងធម្មតានៅក្នុងបុរី (residential link-house) ផ្ទះវីឡាភ្លោះ(semi-detached) និងផ្ទះវីឡាទោល(single-deta-ched)។ ចំណែកប្រភេទបន្ទប់ខុនដូមាន 5ប្រភេទ ដូចជាយូនីតខុនដូមានបន្ទប់គេង1(one bed-room or studio) បន្ទប់គេង2(two-bedroom) បន្ទប់គេង3 (three-bedroom) បន្ទប់គេង4(four-bedroom) និងបន្ទប់វីឡាខុនដូ (Penthouse)។
ជាមួយនឹងកំណើនដែលកើនឡើងនៃសំណង់លំនៅឋាននេះបានធ្វើឱ្យតម្រូវការនៃការប្រើប្រាស់គ្រឿងសង្ហារិម សម្ភារតុបតែងបរិវេណខាងក្នុង និងខាងក្រៅលំនៅឋានក៏មានតម្រូវការកាន់តែខ្លាំងឡើងផងដែរ។ លោកស្រី ឃាន ណារី ប្រធានផ្នែកលក់នៃក្រុមហ៊ុន INYHANOU ដែលផ្គត់ផ្គង់ពូកដំណេកនាំចូលពីសហរដ្ឋអាមេរិកមានប្រសាសន៍ថា ដោយយល់ដឹងពីសុខភាពដំណេកក៏ដូចជាតម្រូវការនៃប្រើប្រាស់សម្ភារក្នុងលំនៅឋានផងដែរនោះ ការលក់ពូកនៅក្នុងក្រុមហ៊ុនពិតជាមានការកើនឡើងច្រើន ដោយសារអតិថិជនមកជាវពូកដំណេកមានចំនួនច្រើនឡើងគួរឱ្យកត់សម្គាល់ពិសេសអ្នកមានចំណូលមធ្យម និងខ្ពស់ ខណៈដែលអគារលំនៅឋានក៏មានការកើនឡើងដែរជារៀងរាល់ឆ្នាំ។
ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិក៏ដូចជារដ្ឋាភិបាលដែរបានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ 7%ថេរនៅឆ្នាំនេះ និងឆ្នាំក្រោយ។ ក្នុងនោះវិស័យសំណង់គឺជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមវិស័យដែលជំរុញសេដ្ឋកិច្ចផ្សេងៗទៀត ដូចជាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕