ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា បន្ទាប់ពីកូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានឈានជើងចូលជ្រកទ្រនំហង្សមាសជាមួយឪពុកមិនទាន់បានប៉ុន្មានផង មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រជាប្រិយភាពរបស់ពួកគេកាន់តែល្បី និងមានអ្នកស្គាល់ពួកគេកាន់តែច្រើនឡើងហើយ។ ដោយឡែកថ្មីៗនេះ ក៏ស្រាប់តែលេចធ្លាយតម្លៃខ្លួនឡើងឆាករបស់តារាចម្រៀងវ័យក្មេងដែលជាកូនប្រុសរបស់លោក ព្រាប សុវត្ថិ ដោយមួយកម្មវិធីតម្លៃខ្លួនឡើងខ្ពស់ជិតស្មើនឹងតម្លៃខ្លួនរបស់ឪពុកដែរ។
ជាក់ស្តែងកូនប្រុសទាំងពីររបស់លោក ព្រាប សុវត្ថិ សព្វថ្ងៃនេះកំពុងមានភាពមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ដោយបានចេញច្រៀងនៅលើឆាកប្រគំតន្រ្តីធំៗ តាមបណ្តាខេត្តស្ទើរតែរៀងរាល់ថ្ងៃ។ ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍កាន់ខ្លាំងនោះ គឺតម្លៃខ្លួនកូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាមិនធម្មតាឡើយ ពោលគឺស៊ីថ្លៃមិនចាញ់តារាប្រុស-ស្រីល្បីៗនានាប្រចាំផលិតកម្មរស្មីហង្សមាសប៉ុន្មានឡើយ។
បើតាមប្រភពអ្នករៀបចំកម្មវិធីដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា រាល់ពេលឡើងឆាកតន្រ្តីម្តងៗ កូនប្រុសទាំង2 គឺ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ ជាឪពុកទារតម្លៃខ្លួនពីម្ចាស់កម្មវិធី ដល់ទៅជិត 4 ពាន់ដុល្លារអាមេរិកឯណោះ ដោយមិនរាប់បញ្ចូលទាំងកូនពៅរបស់លោកម្នាក់ទៀតនោះផង។ ប្រភពដដែលនោះក៏បានបង្ហើបឱ្យដឹងបន្ថែមទៀតដែរថា ប្រសិនបើមានការអញ្ជើញតែកូនប្រុសម្នាក់ដូចជា សុវត្ថិ មុនីវណ្ណ ឬក៏សុវត្ថិ មុនីនាគ ហើយឱ្យមានការសម្រួលតម្លៃខ្លួននោះ ក៏មិនបានដែរ ដាច់ខាតត្រូវតែអញ្ជើញទាំងពីរនាក់បងប្អូន ដែលមានការកំណត់កញ្ចប់តម្លៃដូចពោលខាងលើ(អ៊ឺហ៊ឺ!)។
សូមជម្រាបឱ្យដឹងថា នេះគឺជាតម្លៃខ្លួនដ៏ខ្ពស់មួយ ដែលមានតែតារាល្បីៗប្រឡូកសិល្បៈយូរឆ្នាំប៉ុណ្ណោះ ទើបអាចទទួលបានតម្លៃខ្លួនក្នុងចំនួននេះបាន ក៏ប៉ុន្តែកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទើបតែចូលខ្លួនបានប៉ុន្មានខែប៉ុណ្ណោះក៏មានតម្លៃខ្លួនខ្ពស់បែបនេះទៅហើយ៕