ក្លិប Roma ពោរពេញដោយក្តីសង្ឃឹមថា ការទាមទារសម្រាប់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទី Alisson Becker នឹងធ្វើឱ្យក្លិប Liverpool រារែកក្នុងការចុះហត្ថលេខាជាមួយនឹងអ្នកចាំទីរូបនេះ។ ក្លិបរបស់ក្របខ័ណ្ឌអ៊ីតាលី Serie A មួយនេះ កំពុងតែសង្ឃឹមថា នឹងអាចរក្សាទុក Alisson ដែលបានធ្វើឱ្យរូបគេផ្ទាល់ក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដ៏ឆ្នើមបំផុតក្នុងពិភពលោក។
Alisson នឹងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ី ក្នុងនាមជាអ្នកចាំទីជម្រើសទី1របស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្រោយពីបានយកឈ្នះលើតារាឆ្នើម Ederson របស់ក្លិបManchester City សម្រាប់តំណែងទី1នេះ។ កាសែត The Guardian បានចេញផ្សាយថា Roma សង្ឃឹមថា តម្លៃខ្លួន 79លានផោន (ស្មើនឹង 104លានដុល្លារអាមេរិក) សម្រាប់ Alisson ដែលនឹងក្លាយជាតម្លៃខ្លួនជាកំណត់ត្រាសម្រាប់អ្នកចាំទីម្នាក់ នឹងបញ្ឈប់ក្លិប Liverpool ក្នុងការព្យាយាមទិញរបស់ពួកគេ។ លោក Jurgen Klopp មានគោលដៅទៅលើអ្នកចាំទីដ៏ឆ្នើមថ្មីម្នាក់ បន្ទាប់ពីការបង្ហាញពីទម្រង់លេងដ៏អន់របស់អ្នកចាំទី Loris Karius ក្នុងពេលចាញ់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុម Real Madrid កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
Roma សង្ឃឹមថា នឹងរក្សាទុក Alisson ដែលបានធ្វើឱ្យរូបគេផ្ទាល់ក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដ៏ឆ្នើមបំផុតក្នុងពិភពកីឡាបាល់ទាត់ ចាប់តាំងពីចូលរួមជាមួយនឹងក្លិបរបស់អ៊ីតាលីមួយនេះដោយចេញពីក្លិប Internacional កាលពីឆ្នាំ2016៕
ប្រភពពី៖ Metro