ក្លិបបិសាចក្រហម Manchester United កំពុងតែស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែការពារ Diogo Dalot របស់ក្លិប Porto។ នេះបើយោងតាមការចេញផ្សាយព័ត៌មានផ្សេងៗរបស់អង់គ្លេស។
លោក Jose Mourinho កំពុងតែស្ថិតក្នុងទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកខ្សែការពារស្លាបស្តាំម្នាក់សម្រាប់ប្រជែងជាមួយនឹងកីឡាករ Antonio Valencia ក្នុងកន្លែងមួយក្នុងជម្រើសទាំង 11នាក់ដំបូងរបស់ក្រុម Man United ខណៈដែលអនាគតរបស់កីឡាករ Matteo Darmian ក្នុងក្លិបនេះ ស្ថិតក្នុងភាពស្រពេចស្រពិល។
Dalot សមាជិកក្រុមជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម 21ឆ្នាំ ត្រូវបានរំពឹងទុកថា មានលក្ខខណ្ឌរំលាយកិច្ចសន្យាចំនួន 20លានអឺរ៉ូ (ស្មើនឹង 23លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារបស់គេជាមួយនឹងក្លិប Porto និងត្រូវបានរំពឹងទុកថា ស្ថិតក្នុងការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើនរបស់អឺរ៉ុប។ Dalot ក៏អាចលេងក្នុងតំបន់បម្រើ និងការពារស្លាបឆ្វេងបានដែរ ជាតួនាទីដែលរូបគេបានលេងភាគច្រើនសម្រាប់ក្រុមរបស់លោក Sergio Conceicao។ រូបគេបានចូលលេងរយៈពេល 90នាទីពេញក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផល ០-០ នៅលើទឹកដីរបស់ក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ ជើងទី2 កាលពីខែមីនា ខណៈដែល Porto បានធ្លាក់ចេញដោយការទទួលបរាជ័យទាំង 2ជើងក្នុងលទ្ធផល 5-០។
Darmian ដែលបានលេងជាកីឡាករបម្រុងសម្រាប់លោក Mourinho ក្នុងតំបន់ការពារស្លាបទាំងសងខាងនោះ ត្រូវបានរំពឹងទុកថា នឹងចាកចេញហេតុនេះ Dalot ត្រូវបានចាត់ទុកថា ជាអ្នកជំនួសកន្លែងរបស់កីឡាករអ៊ីតាលីរូបនេះ៕
ប្រភពពី៖ Sky Sports