សម័យបច្ចុប្បន្ន ចំនួនកូនគឺមិនមែនជារឿងដែលត្រូវបណ្តោយទៅតាមធម្មជាតិដូចសម័យមុននោះទេ ហើយក៏មិនមានអ្នកណាម្នាក់អាចមកកំណត់ជីវិតរបស់អ្នកថា នឹងត្រូវមានកូនប៉ុន្មាននោះដែរ គឺមានតែអ្នក និងស្វាមីរបស់អ្នកប៉ុណ្ណោះដែលជាអ្នកសម្រេចចិត្តរួមគ្នាថានៅក្នុងគ្រួសាររបស់អ្នកនឹងត្រូវមានសមាជិកចំនួនប៉ុន្មាននាក់។ នេះជារឿងពិត ហើយក៏ជារឿងដែលមនុស្សគ្រប់គ្នាអាចធ្វើបាន ព្រោះពួកគេបានធ្វើការពន្យារកំណើត។ ការពន្យារកំណើតមានច្រើនបែបច្រើនយ៉ាងណាស់សម្រាប់ឱ្យអ្នកជ្រើសរើសមានដូចជា ៖
ស្រោមអនាម័យ៖ មានប្រសិទ្ធភាពសំខាន់ៗពីរយ៉ាងគឺ ការពារអ្នកពីការឆ្លងជំងឺកាមរោគផ្សេងៗ និងការពារមិនឱ្យមានកូន។ស្រោមអនាម័យភាគច្រើនត្រូវបានយកមកប្រើសម្រាប់ភាគីខាងបុរស ដើម្បីទប់ស្កាត់កុំឱ្យទឹកកាមហៀរចូលទៅក្នុងស្បូនដែលជាមូលហេតុនៃការបង្កកំណើត។ ចំណែកឯស្រោមអនាម័យសម្រាប់ស្ត្រីវិញត្រូវបានប្រើសម្រាប់ការពារមិនឱ្យទឹកកាមបុរសចូលទៅក្នុងស្បូនបានដូចគ្នា ប៉ុន្តែវាហាក់ដូចជាមានការពិបាកក្នុងការប្រើបន្តិច ព្រោះវាតម្រូវឱ្យមានការដាក់បញ្ចូលទៅផ្នែកខាងក្នុងនៃប្រដាប់ភេទរបស់ស្ត្រី។
កងដាក់ដៃ៖ ជាការដាក់បញ្ចូលបំពង់ទន់តូចៗនៅផ្នែកខាងក្រោមនៃស្បែកដើមដៃរបស់ស្ត្រី។ បំពង់អស់ទាំងនេះមាននាទីជាអ្នកធ្វើឱ្យទឹករំអិលមាត់ស្បូនឡើងខាប់ ការពារមិនឱ្យមេជីវិតឈ្មោលជ្រាបចូលមកក្នុងស្បូនបាន។
កងដាក់ក្នុងស្បូន៖ ជាការពន្យារកំណើតដោយការដាក់ឧបករណ៍ទន់តូចមួយដែលអាចបត់បានចូលទៅក្នុងស្បូន ដើម្បីរារាំងការជ្រាបចូលនៃមេជីវិតឈ្មោលទៅក្នុងស្បូន។
ថ្នាំពន្យារកំណើត៖ ធ្វើឱ្យទឹករំអិលមាត់ស្បូនឡើងខាប់ ដើម្បីរារាំងកុំឱ្យទឹកកាមបុរសអាចជ្រាបចូលទៅក្នុងស្បូនបាន។ ការលេបថ្នាំពន្យារកំណើតត្រូវធ្វើឱ្យបានទៀងទាត់ និងត្រឹមត្រូវទៅតាមការកំណត់ដែលបានបង្ហាញនៅលើសម្បកថ្នាំ ទើបមានប្រសិទ្ធភាពខ្ពស់។
ថ្នាំចាក់៖ ជាការចាក់ថ្នាំរៀងរាល់3ខែម្តង។ តួនាទីរបស់ថ្នាំចាក់ក៏មិនខុសអីពីការពន្យារកំណើតផ្សេងៗទៀតដែរ ប៉ុន្តែតម្រូវឱ្យអ្នកចងចាំឱ្យបានល្អពីពេលវេលាដែលត្រូវចាក់ជាថ្មីម្តងទៀត។
ចំពោះវិធីពន្យារកំណើតតាមបែបសម័យថ្មីនេះ អ្នកត្រូវចាំថា ៖
– គ្រប់វិធីនៃការពន្យារកំណើតគឺសុទ្ធតែត្រូវការពឹងពាក់លើគ្រូពេទ្យជំនាញ ទើបមានសុវត្ថិភាព និងមានប្រសិទ្ធភាព។
– ជ្រើសរើសវិធីពន្យារកំណើតណាមួយដែលអាចផ្តល់នូវភាពងាយស្រួល មានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុតចំពោះរូបអ្នក។
– សាកសួរព័ត៌មានឱ្យបានច្បាស់ពីវិធីប្រើប្រាស់ពីអ្នកជំនាញ (ថ្នាំពន្យារកំណើតតែងតែប្រាប់ពីរបៀបប្រើប្រាស់នៅលើសម្បកកញ្ចប់ ប៉ុន្តែបើអ្នកនៅតែមិនទាន់យល់ច្បាស់ពីរបៀបប្រើប្រាស់ទេនោះ សូមកុំខ្ចិលច្រអូសក្នុងការទៅជួបគ្រូពេទ្យជាថ្មីម្តងទៀត ដើម្បីសាកសួរពីវិធីប្រើឱ្យបានច្បាស់។
-សូមចាំថា ការពន្យារកំណើតអាចមានប្រសិទ្ធភាពពិតប្រាកដលុះត្រាតែអ្នកប្រើវាបានត្រឹមត្រូវ។
– ស្រោមអនាម័យមានសមត្ថភាពពីរយ៉ាងគឺ ការពារមិនឱ្យមានកូន និងការពារខ្លួនអ្នកពីការឆ្លងជំងឺមួយចំនួនដូចជា កាមរោគ និងជំងឺអេដស៍ជាដើម ប៉ុន្តែមិនមែនមានន័យថាវិធីនៃការពន្យារកំណើតផ្សេងទៀតសុទ្ធតែអាចធ្វើបានដូចគ្នានោះទេ។ ដូច្នេះការការពារខ្លួនពីការឆ្លង ឬចម្លងជំងឺផ្សេងៗគឺជារឿងមួយផ្សេងទៀតដែលអ្នកត្រូវដឹង។
– មានស្ត្រីមួយចំនួនបាននិយាយថា គាត់មិនអាចពន្យារកំណើតបានទេ ព្រោះរាល់ពេលពន្យារកំណើតតែងធ្វើឱ្យគាត់មិនស្រួលក្នុងខ្លួនទាល់តែសោះ។ រឿងបែបនេះវាអាចនឹងបាត់ទៅវិញក្នុងរយៈពេល1 ឬ2ខែដំបូង ហើយក៏បាត់់ទៅវិញ ដូច្នេះសូមកុំអាលរាថយ ហើយបោះបង់ចោលការពន្យារកំណើតឱ្យសោះ ព្រោះការពន្យារកំណើតមានច្រើនបែបច្រើនយ៉ាងអាចឱ្យអ្នកយកទៅសាកល្បង វិធីមួយនេះអាចមិនសមជាមួយអ្នក តែវិធីផ្សេងអាចនឹងផ្តល់នូវភាពងាយស្រួលក៏ថាបានដែរ។សូមកុំបារម្ភទោះជាអ្នកជ្រើសប្រើវិធីពន្យារកំណើតបែបណាក៏ដោយ ព្រោះគ្រូពេទ្យជំនាញតែងតែប្រាប់អ្នកថា គ្រប់វិធីនៃការពន្យារកំណើតគឺមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ៕