នៅសម័យបច្ចុប្បន្ននេះ នវានុវត្តន៍ជាកូនសោគន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗឱ្យមានភាពរីកចម្រើន និងមានសមត្ថភាពក្នុងការប្រកួតប្រជែងឥទ្ធិពលជាមួយនឹងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ ប្រទេសធំៗទាំងអស់បានជំរុញប្រព័ន្ធអប់រំ និងលើកទឹកចិត្តឱ្យអ្នកជំនាញរបស់ខ្លួនបង្កើនសមត្ថភាពក្នុងការបង្កើតឧបករណ៍ថ្មីតាមគ្រប់រូបភាព និងគ្រប់វិស័យ តាមរយៈវិទ្យាសាស្ត្រ និងគំហើញបច្ចេកវិទ្យាឆ្លាត-វៃដែលអាចដោះស្រាយបញ្ហាមនុស្ស និងមានសមត្ថភាពក្នុងការស្រូបទាញចំណូលពីមនុស្សជាច្រើនលាននាក់នៅលើពិភពលោក។
កូរ៉េខាងត្បូង និងស៊ុយអែត (Sweden) គឺជាប្រទេសដែលមាននវានុវត្តន៍ច្រើនជាងគេបំផុតលើពិភពលោក នេះបើយោងតាមតារាងដែលបង្ហាញពីទិន្នន័យដែលគ្របដណ្តប់លើធាតុសំខាន់ៗនៃរបកគំហើញដោយផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យា និងចំនួនអ្នកដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាសាស្ត្រ និងវិស្វកម្ម។
បើយោងតាមសន្ទស្សន៍នៃនវានុវត្តន៍លើពិភពលោកបានចាត់លំដាប់ថ្នាក់កូរ៉េខាងត្បូងថាជាច្រើនជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ដែលមានភាពល្បីល្បាញផ្នែកសេដ្ឋកិច្ចលើពិភពលោកនៅឆ្នាំ2017។
យោងតាមទិន្នន័យដែលបង្ហាញដោយ IMF និង OECD បានបង្ហាញថា ក្រុមហ៊ុនធំៗផ្នែកបច្ចេកវិទ្យាមួយចំនួនរបស់កូរ៉េខាងត្បូងទទួលបានប៉ាតង់ច្រើនជាងក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា IBM ចាប់តាំងពីដើមសហស្សវត្សថ្មីនេះមកម្ល៉េះ។ របកគំហើញទាំងអស់នេះបានដាក់ចេញមកនូវចង្វាក់នៃការផ្គត់ផ្គង់ ដែលបានជំរុញឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូងមានការអភិវឌ្ឍលឿន។
បន្ទាប់ពីកូរ៉េខាងត្បូង ប្រទេសស៊ុយអែតបានឈរក្នុងចំណាត់ថ្នាក់លេខ2 ដែលមានល្បឿននៃការបង្កើតថ្មីលើវិស័យបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ហើយបានឈរជាប្រទេសដែលមានការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា (tech start-up) ល្អនៅអឺរ៉ុប។ ប្រទេសនេះត្រូវបានគេមើលឃើញថាជាកន្លែងដែលមានក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេនៅទ្វីបអឺរ៉ុប ជាមួយនឹងចង្វាក់ផលិតកម្មបច្ចេកវិទ្យាដែលមានតម្លៃរាប់ពាន់លានដុល្លារ។
បន្ទាប់ពីប្រទេសស៊ុយអែត គឺប្រទេសសិង្ហបុរីដែលមានសន្ទស្សន៍នវានុវត្តន៍ខ្ពស់លំដាប់ទី3 លើពិភពលោក ព្រោះប្រទេសតូចតែសម្បូរដោយធនធានមនុស្សមួយនេះ បានប្រឹងប្រែងកែច្នៃគ្រប់លទ្ធភាពដើម្បីធ្វើយ៉ាងណាឱ្យវិទ្យាសាស្ត្រ និងគំហើញបច្ចេកវិទ្យាថ្មីៗមកជំនួសដៃជើងមនុស្សលើការងារមួយចំនួន ស្របពេលដែលប្រជាជនសិង្ហបុរីបានក្លាយជាអ្នកជំនាញ និងធ្វើការងារសំខាន់ៗនៅគ្រប់កន្លែងទូទាំងពិភពលោក។
លើសពីនេះទៅទៀតសិង្ហបុរី ជាប្រទេសដែលពឹងផ្អែកលើពាណិជ្ជ-កម្ម ហេតុនេះ ការបង្កើតផលិតផលក្នុងទឹកដីតូចចង្អៀតមិនមែនជារឿងងាយនោះទេ។ ចំណុចសំខាន់ និងជាគន្លឹះរបស់ប្រទេសនេះ គឺផលិតឱ្យបាននូវផលិតផលឆ្លាតវៃដែលមានតម្លៃខ្ពស់ ហើយមានសមត្ថភាពខ្លាំងដើម្បីជួយការងារមនុស្ស ឬបង្កើតសមិទ្ធផលជាច្រើនផ្សេងទៀត។
ងាកមកអាល្លឺម៉ង់វិញ យើងឃើញថា មិនត្រឹមតែជាប្រទេសដែលមានភាពល្បីល្បាញផ្នែកយោធានោះទេ តែប្រទេសនេះក៏មានឈ្មោះបោះសំឡេងច្រើនផងដែរ លើផលិតផលឧស្សាហកម្ម និងបច្ចេកវិទ្យា។ អាល្លឺម៉ង់ជាប្រទេសដែលមានសមត្ថភាពយូរអង្វែងក្នុងការផលិតគ្រឿងយន្ត និងបានចែកចាយទៅកាន់តំបន់សំខាន់ៗក្នុងពិភពលោក ខណៈប្រទេសនេះក៏ត្រូវបានគេរកឃើញផងដែរថា ជាប្រទេសដែលកំពុងមមាញឹកក្នុងការរុករកបច្ចេកវិទ្យាថ្មីៗ ដោយប្រើប្រាស់គ្រឿងយន្ត (robot) និងបច្ចេកវិទ្យាចុងក្រោយបំផុត ដូចជាបច្ចេកវិទ្យា AI ជាដើម។
អាល្លឺម៉ង់ ជាប្រទេសមួយដែលមានសមត្ថភាពខ្លាំងក្នុងការបង្កើនការងារផ្នែកវិស្វកម្ម និងមានសហគ្រាសពង្រាយស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស ដែលពេលខ្លះប្រជាជននៃប្រទេសនេះ អាចឈានទៅដល់ការបង្កើតឧបករណ៍ថ្មីៗមួយចំនួនដែលពិភពលោកនឹកស្មានមិនដល់ និងមានគុណភាពខ្ពស់ទៀតផង ដើម្បីជួយដល់វិស័យកសិកម្ម វិស័យវេជ្ជសាស្ត្រ និងការដឹកជញ្ជូនជាដើម៕