ក្លិប Bournemouth កំពុងមានបំណងក្នុងការពង្រឹងទៅលើការបញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League តាមរយៈការដាក់ការដេញថ្លៃក្នុងទឹកប្រាក់ច្រើនជាង៣០លានផោន (ស្មើនឹង៣៩លានដុល្លារអាមេរិក) ដើម្បីទិញយកកីឡាករពីររូបរបស់ក្លិប Chelsea ដែលរួមមាន ខ្សែការពារ Nathan Ake និងអ្នកចាំទី Asmir Begovic នៅពេលរដូវកាលនេះបញ្ចប់ជាស្ថាពរ។
ខ្សែការពារ Nathan Ake
កីឡាករទាំងពីរមិនបានបង្ហាញខ្លួនជាទៀងទាត់ឡើយនៅជាមួយ Chelsea ខណៈដែល Begovic វ័យ២៩ឆ្នាំ ទទួលតួនាទីជាអ្នកចាំទីជម្រើសទី២បន្ទាប់ពី Thibaut Courtois អស់រយៈពេល២ឆ្នាំមកហើយ ចាប់តាំងពីផ្ទេរមកពីក្លិប Stoke City ក្នុងតម្លៃខ្លួន៨លានផោន។ អ្នកចាំទីអន្តរជាតិបូស៊្នីរូបនេះ ស្ទើរតែបានផ្ទេរទៅកាន់ក្លិប Bournemouth កាលពីខែមករាម្តងទៅហើយ ក្រោយពីបានឈានដល់ការព្រមព្រៀងគ្នាលើចំណុចសំខាន់ៗរួច ប៉ុន្តែនៅជាប់លក្ខខណ្ឌថា លុះត្រាតែក្រុមតោខៀវរបស់លោក Antonio Conte រកអ្នកចាំទីដ៏មានបទពិសោធម្នាក់មកជំនួសបាន។
អ្នកចាំទី Asmir Begovic
ការមិនអាចរកអ្នកចាំទីដ៏គួរឲ្យទុកចិត្តម្នាក់មកជំនួស Begovic បាន មានន័យថា ការផ្ទេរនេះត្រូវបានលុបចោល។ Begovic ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗជាច្រើននោះ នឹងធ្វើឲ្យក្លិប Bournemouth ចំណាយប្រាក់ប្រមាណជា១២លានផោន ហើយបើគ្មានគូប្រជែងទេនោះ ការផ្ទេរនេះនឹងដំណើរការទៅមុខ។ ប៉ុន្តែ ការផ្ទេររបស់ Ake នឹងផ្តល់នូវភាពស្មុគស្មាញច្រើនជាង។ ខ្សែការពារអន្តរជាតិហូឡង់រូបនេះ បានចំណាយពេលពាក់កណ្តាលរដូវកាលទៅលើលក្ខខណ្ឌខ្ចីជើងនៅឯក្លិប Bournemouth និងបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ក្រោយពីបានចូលលេងពេញលេញកាលពីខែវិច្ឆិកា ឆ្នាំទៅ នៅមុនពេល Chelsea បានសម្រេចចិត្តកោះហៅរូបគេឲ្យមកចូលរួមជាមួយនឹងក្រុមរបស់ខ្លួនវិញ៕
ប្រភពពី៖ The Guardian