បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីសម្រេចជាឯកច្ឆន្ទអនុញ្ញាតឱ្យតារាស្រីសិចស៊ី ដេននី ក្វាន់ អាចចូលរួមសម្ដែង និងធ្វើសកម្មភាពសិល្បៈវិញបាននោះ តារាស្រីរូបនេះបានបង្ហោះសារថ្លែងអំណរគុណចំពោះខាងក្រសួង ដែលបានផ្ដល់មេរៀនមួយនេះ ហើយនាងទទួលយកទាំងគ្មានការតវ៉ា។
គិតមកទល់ពេលនេះ ការដាក់ពិន័យសិល្បៈ លើតារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ គឺគ្រប់រយៈពេល1ឆ្នាំហើយ អ្វីដែលនាងបានប្រាប់មហាជនវិញថា សិល្បៈមិនមែនត្រឹមតែជាការសម្ដែងតែមួយមុខនោះទេ តែសិល្បៈដែលនាងបានរៀន និងគិតឃើញមួយទៀតនោះគឺ សិល្ប:វប្បធម៏នៃការចែករំលែក ដែលជាសកម្មភាពសប្បុរសធម៌ ដែលនាងបានខិតខំប្រឹងប្រែងធ្វើយ៉ាងសកម្ម ក្នុងគោលបំណងជួយដល់សង្គមជាតិខ្មែរ។
តារាស្រីទើបតែរួចពីបម្រាមរូបនេះ បានរៀបរាប់ប្រាប់ឱ្យដឹងថា «នាងខ្ញុំ ដេននីក្វាន់ សូមសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និង វិចិត្រសិល្បៈទាំងអស់ ក៏ដូចជាបងៗប្រធានសមាគមសិល្ប: ដែលបានចេញសេចក្តីសម្រេចជាឯកច្ឆន្ទផ្តល់ការអនុញ្ញាត ឱ្យនាងខ្ញុំមានឱកាសប្រឡូកក្នុងវិស័យសិល្ប:ឡើងវិញគ្រប់សកម្មភាព»។ តារាស្រីរូបនេះ បានបន្ដប្រាប់ថា ការពិតមួយរយ:ដែលក្រសួងបានដាក់ពិន័យមកលើរូបនាង ដោយលើកយកហេតុផលនៃភាពសិចស៊ី ហើយបានផ្អាករាល់សកម្មភាពរបស់នាងដែលពាក់ព័ន្ធលើវិស័យសិល្បៈ។ នាងថា នាងនៅតែញញឹមទទួលយក ទាំងគ្មានការតវ៉ាឡើយ បើទោះជាពេលខ្លះភាពសិចស៊ីរបស់នាងមានខ្លះទៅតាមកាល:ទេស:ក៏ដោយ ។
ដេននី ក្វាន់ បានលើកឡើងដែរថា «រយ:ពេលមួយឆ្នាំពេញនៃការពិន័យ វាក៏ជាអំឡុងពេលដែលខ្ញុំបានយកពេលវេលាទាំងនោះមកបង្កើនមុខរបរ ពង្រីកអាជីវកម្ម និងបង្កើនការងារមនុស្សធម៏ដែលចេញពីថវិកា ក៏ដូចជាកម្លាំងញើសឈាមខ្លួនឯងដែលបានពីការប្រឹងប្រែងលើមុខរបរដែលនាងខ្ញុំបានធ្វើដោយការតាំងចិត្តខ្ពស់។ ការពិត ការសម្តែងភាពយន្ត ខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម (Socail Media ) វាជាចំណង់ចំណូលចិត្តនៃការស្រឡាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរង់ចាំការពិន័យរយ:ពេលមួយឆ្នាំនេះពេញរួចមក ធ្វើឱ្យនាងខ្ញុំគិតថា ការពិតសិល្ប:មួយទៀតដែលនាងពេញចិត្តហើយស្រឡាញ់ខ្លាំងបំផុត សម្រាប់នាងខ្ញុំ គឺសិល្ប:វប្បធម៏នៃការចែករំលែក គឺចែករំលែកជូនចំពោះអ្នកដែលអន់ខ្សោយ ក្រ និងខ្វះខាតជាងនាងខ្ញុំ វាជាសិល្ប:ដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច»
ជាចុងក្រោយ តារាស្រីសិចស៊ី មានទឹកចិត្តសប្បុរសធម៌រូបនេះ បានបញ្ជាក់ផងដែរថា «ខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ ក្រសួងវប្បធម៏ និងវិចិត្រសិល្ប: ប្រធានសមាគមសិល្ប: ប្រធានសមាគមសិល្ប:ស្មគ្រ័ចិត្តជួយសង្គម និងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗទៀតដែលខំដុតដៃដុតជើង សស្រាក់សស្រាំ ប្រជុំសម្រេចផ្តល់នៅសេចក្តីលើកលែងការពិន័យនេះ សូមគោរពឱ្យអ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនខ្មែរទាំងអស់ដែលគាំទ្រនាងខ្ញុំ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច»៕