ខ្សែប្រយុទ្ធ Mario Balotelli បានធ្វើឱ្យគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini ចាប់ផ្តើមជាមួយនឹងជ័យជម្នះតាមរយៈការរកគ្រាប់បាល់បើកឆាកក្នុងពេលពួកគេទទួលជ័យជម្នះ 2-1 លើក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រកួតមិត្តភាពមុនយុទ្ធនាការ World Cup ក្នុងទីក្រុង Saint Gallen កាលពីថ្ងៃចន្ទ។
ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះរុស្ស៊ី ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ World Cup នៅថ្ងៃទី14 ខែមិថុនា ស្របពេលដែលម្ចាស់ជើងឯកពិភពលោក 4សម័យកាល អ៊ីតាលី ត្រូវនៅផ្ទះ ក្រោយពីការបរាជ័យរបស់ពួកគេក្នុងការប្រកួតជម្រុះជាលើកទី1 ក្នុងរយៈពេល 60ឆ្នាំ។ ក្រោយពីបានបង្ហាញខ្លួនជាលើកចុងក្រោយសម្រាប់អ៊ីតាលី ក្នុងពេលពួកគេធ្លាក់ចេញត្រឹមជុំទី1 នៃយុទ្ធនាការ World Cup ឆ្នាំ2014 ការអវត្តមានរយៈពេល 4ឆ្នាំរបស់ Balotelli ពីក្រុមជម្រើសជាតិអ៊ីតាលី នៅពេលដែលរូបគេទទួលបានការកោះហៅពីលោក Mancini ដែលត្រូវបានតែងតាំងក្នុងរយៈពេល 6ខែ ក្រោយពីការធ្លាក់ចេញពីការប្រកួតជម្រុះដើម្បីទៅប្រទេសរុស្ស៊ី ដោយសារបរាជ័យក្នុងវគ្គ Playoff ក្រោមស្នាដៃក្រុមជម្រើសជាតិស៊ុយអែត។
វាបានធ្វើឱ្យខ្សែប្រយុទ្ធវ័យ 27ឆ្នាំរបស់ក្លិប Nice រូបនេះចូលលេងត្រឹមតែរយៈពេល 21នាទីប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់បញ្ចូលទីជាមួយនឹងគ្រាប់បាល់ទី1 របស់គេ សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ចាប់តាំងពីរកគ្រាប់បាល់ឈ្នះនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2014។ ក្រុមជម្រើសជាតិអ៊ីតាលី បានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ដ៏ទាបបំផុតរបស់ខ្លួននៅលើតារាងពិភពលោក ដោយឈរលេខរៀងទី20 ប៉ុន្តែបានធ្វើការគ្រប់គ្រងទាំងស្រុងលើក្រុមអារ៉ាប៊ីសាអ៊ូឌីត ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ67៕
ប្រភពពី៖ Channel News Asia