បច្ចុប្បន្នគេសង្កេតឃើញថា ចំនួនក្រុមហ៊ុន/សហគ្រាសខ្នាតតូច-មធ្យម និងក្រុមហ៊ុនខ្នាតធំបានកើនឡើងកាន់តែច្រើននៅកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនបានចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម ប៉ុន្តែក្រុមហ៊ុនខ្លះទៀតមិនបានចុះបញ្ជីកម្មសិទ្ធិបញ្ញានោះទេ។ ដូច្នេះសួរថាតើការចុះបញ្ជី និងមិនចុះបញ្ជីកម្មសិទ្ធិបញ្ញានេះមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះសម្រាប់ក្រុមហ៊ុនឯកជនទាំងនោះ?។
ពាក់ព័ន្ធនឹងករណីនេះ លោក អៀង ម៉ុង នាយកគ្រប់គ្រងក្រុមហ៊ុន លីលី ផលិតនំស្រួយមានប្រសាសន៍ថា នៅដំណាក់កាលបង្កើតក្រុមហ៊ុនដំបូងក្រុមហ៊ុនបានចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការបន្លំម៉ាកសញ្ញានេះ។ ក្រោយពីដំណើរការបានប៉ុន្មានឆ្នាំក្រោយមក ស្របពេលដែលក្រុមហ៊ុនមានឈ្មោះកាន់តែល្បីឡើងៗ ស្រាប់តែមានក្រុមហ៊ុនមួយឈ្មោះ លីលី ជាក្រុមហ៊ុនលក់ភេសជ្ជៈកំប៉ុងបាននាំចូលនំកញ្ចប់ពីប្រទេសចិន ហើយយកស្លាកឈ្មោះ លីលី បិទលើកញ្ចប់នំទាំងនោះដើម្បីចែកចាយនៅលើទីផ្សារកម្ពុជា រហូតធ្វើឱ្យមានការប្តឹងផ្តល់គ្នាទៅដល់តុលាការទៀតផង។
លុះក្រោយមកតុលាការបានរកឃើញថា ក្រុមហ៊ុនខាងលើបានបន្លំម៉ាកសញ្ញារបស់ក្រុមហ៊ុន លីលី ផលិតនំស្រួយពិតប្រាកដមែន ក៏ហាមលែងឱ្យក្រុមហ៊ុន លីលី លក់គ្រឿងកំប៉ុងនោះបន្តចែកចាយនំស្រួយដែលមានបិទស្លាកឈ្មោះលីលី នៅលើសម្បកកញ្ចប់នំបន្តទៀតរហូតមកទល់បច្ចុប្បន្ន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម សៀងថៃ មានប្រសាសន៍ថា ការចុះបញ្ជីកម្មសិទ្ធិបញ្ញានេះសម្រាប់ក្រុមហ៊ុនឯកជនគឺទទួលបានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការទប់ស្កាត់ការលួចចម្លងម៉ាកសញ្ញា ឬឈ្មោះក្រុមហ៊ុនពីសំណាក់បុគ្គលណាមួយដើម្បីយកទៅផលិតទំនិញក្លែងក្លាយ និងដាក់លក់នៅលើទីផ្សារដែលនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រុមហ៊ុនដើមដែលបានផលិតនិងខិតខំកសាងឈ្មោះអស់ជាច្រើនឆ្នាំរហូតដល់ល្បីល្បាញ ស្រាប់តែត្រូវបានគេលួចចម្លងយកទៅប្រើសម្រាប់ជាប្រយោជន៍ខ្លួនឯងទៅវិញ។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា “ធម្មតាផលិតផលដែលទើបបង្កើតដំបូង មិនដែលល្បីល្បាញភ្លាមៗទេ គឺត្រូវកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំ ទើបមានឈ្មោះល្បីល្បាញនៅលើទីផ្សារ មានអតិថិជនគាំទ្រច្រើន ហើយដល់ពេលមានឈ្មោះល្បី ក៏ត្រូវគេលួចផលិតផលិតផលក្លែងក្លាយ លួចបន្លំឈ្មោះក្រុមហ៊ុនដើម និងដាក់លក់ទំនិញក្លែងក្លាយនោះនៅលើទីផ្សារនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដើម”។
ឯកឧត្តមបន្តថា ប្រសិនបើក្រុមហ៊ុនដើមបានចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម គឺក្រុមហ៊ុនដើមនោះមានសិទ្ធិប្តឹងគេ ដើម្បីទប់ស្កាត់ការបន្លំយកឈ្មោះក្រុមហ៊ុនទៅលក់ទំនិញក្លែងក្លាយនៅលើទីផ្សារ ឬប្តឹងទារសំណងផ្សេងៗបាន តែបើក្រុមហ៊ុនដើមមិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទេ ពេលមានការលួចចម្លងនិមិត្តសញ្ញា ឬឈ្មោះក្រុមហ៊ុន ពេលនោះយើងគ្មានសិទ្ធិប្តឹងគេនោះទេ ជួនកាលទំនិញរបស់គេៗផលិតតាមយើងមែន តែគេបានចុះបញ្ជីកម្មសិទ្ធិបញ្ញាមុនយើង នោះគេមានសិទ្ធិប្តឹងយើងមិនឱ្យយើងប្រើឈ្មោះដូចមុនទៀតក៏អាចធ្វើបានដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ2017កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាចំនួន 5,123 និងបានចុះបញ្ជីម៉ាកចំនួន 3,917 ជាមួយគ្នានេះក្រសួងក៏បានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកជាអន្តរជាតិចំនួន 2,259 និងចុះបញ្ជីម៉ាកអន្តរជាតិបានចំនួន 840ក្រុមហ៊ុន។ ការដែលក្រុមហ៊ុនអន្តរជាតិសម្រេចស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញានៅកម្ពុជា គឺដើម្បីការពារខ្លាចក្រែងមានអ្នកក្លែងបន្លំឈ្មោះ ឬម៉ាកសញ្ញា(ឡូហ្គោ)ក្រុមហ៊ុនរបស់គេដែលល្បីនៅលើទីផ្សារអន្តរជាតិ ដោយយកមកបិទលើទំនិញក្លែងក្លាយ ហើយចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ2017 កន្លងទៅ ក្រសួងបានទទួលពាក្យស្នើសុំលុបម៉ាកសញ្ញាបានចំនួន 31ម៉ាកសញ្ញា និងលុបម៉ាកសញ្ញាចេញពីបញ្ជីបានចំនួន 12ម៉ាកសញ្ញា និងបានទទួលពាក្យបណ្ដឹងសុំទប់ស្កាត់ការរំលោភបំពានចំនួន 14ករណី និងសម្រុះសម្រួលបានចំនួន 16ករណី។ ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុនឯកជន ក្រសួងបានសហការជាមួយសមត្ថកិច្ចចុះបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាដោយដកហូតបានវត្ថុតាងរួមមាន បារីក្លែងបន្លំម៉ាកចំនួន 36សុង អាវរងាម៉ាក North Face ចំនួន 19អាវ មួកសុវត្ថិភាពក្លែងបន្លំរូបរាង និងម៉ាកផ្សេងៗចំនួន 520មួក និងគ្រឿងបន្លាស់ចំនួន 70ឈុត។
ក្រៅពីនេះក៏មានករណីបង្ក្រាបការក្លែងបន្លំម៉ាកសញ្ញា និងប្រភពផលិតផលិតផលនំមឹក វេចខ្ចប់រួចចំនួន 4.20គីឡូក្រាម នំមិនទាន់វេចខ្ចប់ចំនួន 24គីឡូក្រាម និងសម្ភារវេចខ្ចប់ចំនួន 8គីឡូក្រាម រួមទាំងចាប់បានផលិតផលក្លែងបន្លំជាច្រើន ដូចជាសាប៊ូ កង្ហារ ភេសជ្ជៈ ទឹកផ្លែឈើ ស្រាបៀរ សាប៊ូ ទូរស័ព្ទដៃ និងការំលោភកម្មសិទ្ធិបញ្ញាអ្នកនិពន្ធជាច្រើនករណីទៀតផង៕