ក្លិបហង្សក្រហម Liverpool បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិប្រេស៊ីល Fabinho ពីក្លិប Monaco ក្នុងតម្លៃខ្លួន 40លានផោន (ស្មើនឹង 53លានដុល្លារអាមេរិក) ដើម្បីជំនួសកន្លែងរបស់ Emre Can ខណៈដែលលោក Jurgen Klopp ចាប់ផ្តើមពង្រឹងក្រុមរបស់ខ្លួននៅរដូវក្តៅនេះ។
ការចរចាផ្សេងៗជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌបារាំង Ligue 1 លើតម្លៃខ្លួន 40លានអឺរ៉ូ (ស្មើនឹង 53លានដុល្លារ) រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមចំនួនទៀត 5លានអឺរ៉ូ បានបន្តដំណើរការអស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈដែលសេចក្តីប្រកាសមួយពីក្លិប Liverpool កាលពីរាត្រីថ្ងៃចន្ទ បានអះអាងថា ខ្សែបម្រើដ៏មានឥទ្ធិពលវ័យ 24ឆ្នាំរូបនេះនឹងផ្ទេរទៅកាន់កីឡដ្ឋាន Anfield នៅថ្ងៃទី1 ខែកក្កដា ក្រោយពីរូបគេបានបំពេញការត្រួតពិនិត្យសុខភាពមួយនៅលើទីលានហ្វឹកហាត់របស់ក្លិប។ Fabinhoបានប្រាប់គេហទំព័ររបស់ Liverpool ថា៖ «ខ្ញុំពិតជារំភើបណាស់ចំពោះការផ្ទេរមួយនេះ។ នេះគឺជាអ្វីដែលខ្ញុំតែងតែចង់បាន។
នេះគឺជាក្រុមដ៏ធំមួយ។ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិបនេះ ពិតជាអស្ចារ្យណាស់។ បើមានក្លិបបាល់ទាត់មួយក្នុងទំហំនេះ មកចង់បានសេវាកម្មរបស់ខ្ញុំ ខ្ញុំមិនចាំបាច់ត្រូវគិតច្រើនឡើយ។ ខ្ញុំនឹងព្យាយាមបង្កើតប្រវត្តិសាស្ត្រខ្លួនខ្ញុំផ្ទាល់ក្នុងក្លិបកីឡាបាល់ទាត់នេះ។ ជាការរំពឹងទុក ក្នុងកម្រិតឯកជន ខ្ញុំអាចឈ្នះពានជាច្រើនជាមួយនឹងក្លិបនេះ»៕
ប្រភពពី៖ The Guardian