មនុស្សម្នាក់ៗតែងតែចង់ក្លាយជាមនុស្សដែលធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយចង់អភិវឌ្ឍខ្លួនឱ្យបានល្អនៅក្នុងកន្លែងការងារ ព្រោះចំណុចទាំងអស់នេះជាគន្លឹះយ៉ាងសំខាន់ក្នុងការកសាងភាពថ្កុំថ្កើង តែពេលខ្លះមានកត្តារាំងស្ទះមួយចំនួនដែលបង្អាក់ដល់ដំណើរការនៃការអភិវឌ្ឍខ្លួននេះ។
លោកសាស្ត្រាចារ្យ ព្រើន សុវង្ស ព្រឹទ្ធបុរសរងនៃពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាទទួលបន្ទុកដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានលើកឡើងថាដើម្បីឱ្យមនុស្សម្នាក់ៗអាចអភិវឌ្ឍសមត្ថភាពបានល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺអាស្រ័យលើចំណុច 3យ៉ាងសំខាន់ៗគឺ កត្តាជំនាញ កត្តាចិត្តសាស្ត្រផ្ទាល់ខ្លួន និងកត្តាស្ថាប័ន។ ជាចំណុចចាប់ផ្តើម មុននឹងអាចធ្វើការងារបានល្អ មនុស្សម្នាក់ៗចាំបាច់ត្រូវតែមានជំនាញគោលមួយឱ្យបានច្បាស់លាស់ ហើយកត្តាជំនាញហាក់បីដូចជាចំណុចស្នូលមួយ ដែលធ្វើឱ្យយើងអាចមានលទ្ធភាពបំពេញការងារមួយបានល្អ និងគោរពលក្ខខណ្ឌគោលរបស់ស្ថាប័ន ឬអាចជួយឱ្យយើងក្លាយជាអ្នកជំនាញលើផ្នែកណាមួយបាន។
ចំណែកឯកត្តាចិត្តសាស្ត្រផ្ទាល់ខ្លួនវិញគឺផ្តោតលើចំណុចអភិវឌ្ឍន៍ ឬសមត្ថភាពក្នុងការអភិវឌ្ឍជំនាញនោះប្រកបដោយភាពឆ្លាតវៃដើម្បីឱ្យក្លាយ ជាមនុស្សលេចធ្លោក្នុងស្ថាប័ន។ លោកសាស្ត្រាចារ្យ ព្រើន សុវង្សបាននិយាយថា៖ “គ្មានផ្នែកណាអាចកាត់ផ្តាច់ពីគ្នាបាននោះទេ រវាងជំនាញ និងកត្តាចិត្តសាស្ត្រផ្ទាល់ខ្លួន។
វាហាក់បីដូចជាលីបកង់ និងច្រវាក់ដែលសុទ្ធតែសំខាន់សម្រាប់ឱ្យកង់រត់ទៅមុខបាន។ ទោះបីជាផ្នែកណាធំជាង ឬតូចជាងក៏ដោយ ក៏ត្រូវតែមានទាំងពីរដើម្បីជំរុញសកម្មភាពជាក់ស្តែងឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាព។
លោកសាស្ត្រាចារ្យក៏បានលើកឡើងផងដែរថា កត្តាសំខាន់មួយទៀតដែលអាចនាំមនុស្សឱ្យទទួលបានជោគជ័យក្នុងការងារគឺ កត្តាស្ថាប័ន ឬប្រព័ន្ធការងារ។ ពាក្យខ្មែរយើងតែងនិយាយថា “មាន់ពងលើស្រួវ តែងតែស៊ីស្រូវ” ឬមានន័យថា មនុស្សធ្វើការងារជាមួយលុយកាក់តែងតែឆ្លៀតយកប្រយោជន៍ពីលុយកាក់នោះ តែបើយើងមើលទៅអ្នកធ្វើការងារក្នុងធនាគារយើងនឹងដឹងថា វាមិនមែនបែបនោះទាំងអស់ទេ។
មនុស្សធ្វើការងារជាមួយលុយកាក់ក៏ដោយ តែប្រសិនបើយើងមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ នោះភាពច្បាស់លាស់នៅតែមាន។ ងាកមកអ្នកធ្វើការងារដទៃទៀតវិញក៏ដូចគ្នាដែរ ការដែលស្វែងរកកន្លែងដែលអាចអនុញ្ញាតឱ្យយើងបញ្ចេញអស់សក្តានុពល និងមានសេរីភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនឯង គឺជារឿងសំខាន់ដែលអាចធ្វើឱ្យយើងក្លាយជាមនុស្សដែលប្រើប្រាស់អស់បញ្ញាស្មារតី ដើម្បីធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា លក្ខខណ្ឌនៃការងារល្អមានច្រើនប្រភេទ។ ពេលខ្លះមនុស្សអន់ធ្វើការងារក្នុងស្ថាប័នខ្លាំង អាចធ្វើឱ្យគាត់ក្លាយជាមនុស្សតស៊ូ ហើយខ្លាំងទៅតាមនោះដែរ។ ចំណែកឯអ្នកខ្លះទៀតគាត់ខ្លាំង តែស្ថាប័នខ្សោយ ត្រង់នេះមានន័យថា គាត់អាចក្លាយជាបុគ្គលស្នូលក្នុងការលើកស្ទួយស្ថាប័នឱ្យមានថាមពល។ ហើយអ្នកខ្លះទៀត គាត់មានសមត្ថភាពខ្លាំងស្រាប់ ហើយធ្វើការងារក្នុងស្ថាប័នល្អថែមទៀត គាត់នឹងកាន់តែខ្លាំង។ ហេតុនេះការអភិវឌ្ឍសមត្ថភាពជំនាញ សមត្ថភាពចិត្តសាស្ត្រក្នុងការអភិវឌ្ឍផ្ទាល់ខ្លួន និងការជ្រើសរើសស្ថាប័នត្រឹមត្រូវ គឺជាកត្តាសំខាន់ខ្លាំងណាស់ដែលអ្នកធ្វើការងារត្រូវគិតគូរ។
លោក លី សុភារិទ្ធ អ្នកគ្រប់គ្រងលើក្រុមវិស្វករនៃក្រុមហ៊ុនឯកជនមួយ បានលើកឡើងថា កត្តាសំខាន់ដែលធ្វើឱ្យមនុស្សខ្លាំងក្នុងការធ្វើការងារគឺភាពវៃឆ្លាត និងគំនិតវិជ្ជមានក្នុងការធ្វើការងារលំបាក។ ការងារទាំងអស់សុទ្ធតែត្រូវការជំនាញដូចៗគ្នា ហើយបើគ្រាន់តែធ្វើការងារដដែលៗ អ្នកណាក៏អាចធ្វើបានដែរ ហេតុនេះបុគ្គលិកដែលលេចធ្លោ គឺជាអ្នកដែលមានភាពវៃឆ្លាតក្នុងការច្នៃប្រឌិតវិធីដែលខ្លួនធ្វើនោះឱ្យខ្លី ឬឱ្យងាយ ហើយចំណេញពេលវេលាច្រើនក្នុងការបង្កើនគុណភាព ឬបរិមាណនៃសមិទ្ធផលសម្រាប់ការងារប្រចាំថ្ងៃ។
ការធ្វើការងារបែបនេះ គឺគេហៅថា ធ្វើការងារប្រកបដោយវិធីឆ្លាត (work smart) មិនមែនធ្វើការងារចំណាយពេលច្រើន តែមិនទទួលបានលទ្ធផលនោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែលយើងមានសមត្ថភាពខ្ពស់ក្នុងការច្នៃប្រឌិត យើងក៏អាចក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុន ឬស្ថាប័នឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូនៅក្នុងទីផ្សារ។
លោក លី សុភារិទ្ធ បាននិយាយថា៖ “ការធ្វើការងារប្រកបដោយភាពវិជ្ជមាន ក៏ជាចំណុចខ្លាំងមួយដែលជំរុញអ្នកធ្វើការងារឱ្យមានថាមពល និងអាចទទួលបានលទ្ធផលខ្ពស់ផងដែរ។ បញ្ហាដែលជាចំណុចប្រឈមរបស់មនុស្សជាច្រើន គឺមើលឃើញតែពីបញ្ហា ឬមានគំនិតអវិជ្ជមានច្រើនជាងរីករាយជាមួយនឹងការផ្លាស់ប្តូរដែលវិជ្ជមាន។ ហេតុនេះប្រសិនបើយើងមានគំនិតវិជ្ជមានក្នុងការងារ យើងនឹងព្យាយាមស្វែងរកចម្លើយគ្រប់លទ្ធភាពដើម្បីសម្រេចគោលដៅ បើទោះបីជាការងារទាំងនោះមិនមែនជារឿងងាយស្រួលក៏ដោយ។
លោក សុភារិទ្ធ បានលើកឡើងផងដែរថា អ្នកណាក៏អាចអភិវឌ្ឍសមត្ថភាពឱ្យខ្លាំងបានដែរ ប្រសិនបើយើងចាប់ផ្តើមបង្កើតទម្លាប់ល្អក្នុងការធ្វើការងារ ឬដកឃ្លាបន្តិចដើម្បីគិតពីការអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង បើទោះបីជាពេលវេលារាល់ថ្ងៃធ្វើឱ្យយើងនឿយហត់ក៏ដោយ ព្រោះថា នៅពេលដែលយើងដកឃ្លាស្វែងរកពេលគិតប្រកបដោយសេរីភាព និងភាពច្នៃប្រឌិត យើងនឹងអាចធ្វើការងារដដែលនោះដោយភាពងាយស្រួល និងចំណេញពេលវេលាច្រើន៕