ស្ថាបនិកក្រុមហ៊ុន និងជាមេធំរបស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg បានបង្ហាញការសូមអភ័យទោសទៅកាន់សភាអឺរ៉ុប ចំពោះផលប៉ះពាល់ ដែលបង្កឡើងដោយការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។
លោក Mark Zuckerberg បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាចំហមួយថា៖ “ក្នុងរយៈពេល 2ឆ្នាំមកនេះ វាបានបង្ហាញយ៉ាងច្បាស់ថា យើងមិនបានធ្វើអ្វីគ្រប់គ្រាន់ឡើយក្នុងការទប់ស្កាត់កុំឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារតែព័ត៌មានក្លែងក្លាយ ការលូកដៃរបស់បរទេសនៅក្នុងការបោះឆ្នោត ឬក៏ការបំប៉ោងព័ត៌មានឱ្យប្រជាជនមានការយល់ច្រឡំ។
លោក បានបញ្ជាក់បន្ថែមទៀតថា៖ “យើងមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ លើការទទួលខុសត្រូវរបស់យើង ហើយនេះគឺជាកំហុសមួយដែលខ្ញុំពិតជាត្រូវសូមទោស។
បើទោះបីជា មហាសេដ្ឋីវ័យក្មេងរូបនេះ ចេញមុខសុំទោស និងបង្ហាញការសោកស្ដាយយ៉ាងណាក្ដី ក៏មិនបានធ្វើឱ្យសមាជិកសភាអឺរ៉ុបពេញចិត្តដែរផ្ទុយទៅវិញពួកគេបានចោទប្រកាន់ លោក Mark Zuckerberg ថា បានគេចវេះការឆ្លើយតបនឹងសំណួរ។
គួរបញ្ជាក់ផងដែរថា ក្រោយពីទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់ត្រូវបានបែកធ្លាយ និងរំលោភបំពាននោះ លោក Mark Zuckerberg បានប្រកាសថា នឹងជួលបុគ្គលិកបន្ថែមជាច្រើននាក់ទៀត ដើម្បីត្រួតពិនិត្យទៅលើព័ត៌មានក្លែងក្លាយ និងដើម្បីការងារទិន្នន័យសម្ងាត់របស់ឯកជន៕