ក្លិប Real Madrid បានធ្វើការព្រមានដល់ក្លិបធំៗទាំងឡាយថា ខ្លួនចង់បានតម្លៃខ្លួនចំនួន 2០០លានផោន (ស្មើនឹង 266លានដុល្លារអាមេរិក) សម្រាប់ Gareth Bale។
ការដាក់តម្លៃខ្លួនដ៏ខ្ពស់នេះ នឹងក្លាយជាការខកចិត្តដ៏ធំមួយសម្រាប់ Manchester United ដែលកំពុងតែត្រៀមលក្ខណៈរួចរាល់ជាមួយនឹងសំណើដេញថ្លៃចំនួន 7០លានផោន សម្រាប់តារាឆ្នើមអន្តរជាតិវេលស៍ វ័យ 28ឆ្នាំរូបនេះ។
Bale បានចំណាយពេលភាគច្រើននៃរដូវកាលនេះ ក្នុងនាមជាកីឡាករបម្រុងសម្រាប់ Real ប៉ុន្តែបានក្លាយជាតារាឆ្នើមប្រចាំការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ពោលគឺក្នុងពេលដែលក្រុមគេបានផ្តួលក្រុម Liverpool តាមរយៈការស៊ុតបាល់បញ្ចូលទីដ៏ល្អចំនួន 2គ្រាប់របស់គេ។
ក្រុមដ៏ធំរបស់អេស្ប៉ាញមួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនអនុញ្ញាតឱ្យ Gareth Bale ចាកចេញក្នុងតម្លៃខ្លួនដ៏ទាបឡើយ។ ក្រុម Man United របស់លោក Jose Mourinho នឹងត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំរចនាសម្ព័ន្ធនៃកញ្ចប់ថវិការបស់ពួកគេនាកីឡដ្ឋាន Old Trafford ដើម្បីនាំយក Bale ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះទទួលបានចំណូល 65ម៉ឺនផោន ក្នុងមួយសប្តាហ៍ស្រាប់ហើយ នាកីឡដ្ឋាន Bernabeu។
Bale បានចេញការអំពាវនាវមួយថា «មក ហើយយកខ្ញុំទៅ!» ក្រោយពីបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់បករំលងក្បាល ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ 3-1 លើក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រផងដែរ៕
ប្រភពពី៖ Daily Star